កាល​ពី​ថ្ងៃ​អាទិត្យ ទី ៤ មេសា ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​តៃវ៉ាន់ បាន​ស្នើ​ចុះចេញ​ពី​តំណែង ​បន្ទាប់​ពី​មាន​គ្រោះថ្នាក់​កើត​មាន​ឡើង​កាល​ពី​សប្តាហ៍​មុន។ គ្រោះថ្នាក់​រថភ្លើង​នេះ​កើត​ឡើង​នៅ​ជិត​ទីក្រុង Hualien ភាគ​ខាង​កើត​តៃវ៉ាន់​បាន​បណ្តាល​ឱ្យ​មនុស្ស ៤៨ នាក់​ស្លាប់ និង​ជិត ២០០ នាក់​រងរបួស។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​តៃវ៉ាន់​លោក Lin Chia-lung បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ថា៖ «ខ្ញុំ​គួរ​តែ​ទទួល​យក​រាល់​ការ​រិះគន់​ទាំង​អស់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ប៉ុន្តែ​យើង​មិន​ទាន់​បាន​ដោះស្រាយ​បញ្ហា​នេះ​បាន​ល្អ​នៅ​ឡើយ​ទេ»។ លោក​បាន​និយាយ​ថា លោក​នឹង​ចាកចេញ​ពី​តំណែង​នៅ​ពេល​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ត្រូវ​បាន​បញ្ចប់។

គ្រោះថ្នាក់​នេះ គឺ​កើត​ឡើង​កាល​ពី​ថ្ងៃទី ២ មេសា ក្នុង​អំឡុង​ពេល​ពិធី​សែន​ផ្នូរ​នៅ​កោះ​តៃវ៉ាន់​រយៈពេល ៤ ថ្ងៃ។ ប្រជាជន​តៃវ៉ាន់​ជាច្រើន​បាន​ប្រើប្រាស់​មធ្យោបាយ​នេះ​ធ្វើ​ដំណើរ ​ដើម្បី​ទៅ​សែន​ផ្នូរ​ដូនតា​របស់​ពួក​គេ៕