លោក Michael Gove រដ្ឋមន្ត្រី​ទីស្ដីការ​គណ:​រដ្ឋមន្ត្រី​អង់គ្លេស​ បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យទី ១៨ ​តុលា ​ថា «ទ្វារ​​នៅ​បើក​បន្តិច​នៅ​ឡើយ» សម្រាប់​កិច្ច​ពិភាក្សា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ចក្រភព​អង់គ្លេស​ និង​សហភាព​អឺរ៉ុប​បើ​ប្លុក​នេះ​ផ្លាស់​ប្ដូរ​វិធីសាស្ត្រ​របស់​ខ្លួន​ និង​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត។ ​លោក​បាន​និយាយ​បែប​នេះ​មុន​នឹង​ការ​ចរចា ​ចាប់​ផ្ដើម​ឡើង​វិញ​ក្នុង​សប្ដាហ៍​នេះ។

ក្នុង​កិច្ច​សម្ភាសន៍​នៅ​ក្នុង​ទូរទស្សន៍ BBC ​រដ្ឋមន្ត្រី​រូប​នេះ​បាន​និយាយ​ថា៖ «យើង​សង្ឃឹម​ថា ​សហភាព​អឺរ៉ុប​នឹង​ផ្លាស់ប្ដូរ​ជំហរ​របស់​ពួក​គេ។​ យើង​មិន​បាន​និយាយ​ថា​ បើ​ពួក​គេ​មិន​ផ្លាស់ប្ដូរ​ជំហរ​នោះ ​យើង​មិន​អាច​និយាយ​ជាមួយ​ពួក​គេ​បាន​នោះ​ទេ​»។

គួរ​រំឭក​​ថា ​ការ​ចរចា​រវាង​ចក្រភព​អង់គ្លេស ​និង​សហភាព​អឺរ៉ុប​បាន​ជាប់​គាំង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ដោយសារ​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​ការ​នេសាទ ​និង​ការ​ប្រកួត​ប្រជែង​ស្មើភាព​គ្នា។

កាល​ពី​ថ្ងៃ​សុក្រ​ទី ១៦​ នាយក​រដ្ឋមន្ត្រី​អង់គ្លេស ​លោក ​Boris Johnson​ បាន​និយាយ​ថា​ អង់គ្លេស​គ្មាន​ហេតុផល​ដើម្បី​បន្ត​កិច្ច​ពិភាក្សា​ទេ​ បើ​សហភាព​អឺរ៉ុប​នៅ​តែ​មិន «ធ្វើ​ការ​ផ្លាស់ប្ដូរ​ឱ្យ​បាន​ច្រើន​នូវ​វិធីសាស្ត្រ» ចរចា​របស់​ពួក​គេ។

លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ​អាជីវកម្ម​អង់គ្លេស​ត្រូវ​តែ​ត្រៀម​ខ្លួន​ធ្វើ​ពាណិជ្ជកម្ម​ដោយ គ្មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប នៅ​ពេល​ដែល​រយ:ពេល​អន្តរកាល​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី ​៣១​ ខែធ្នូ។

នៅ​ក្នុង​សុន្ទរកថា​ ចាក់​ផ្សាយ​តាម​ទូរទស្សន៍​លោក Johnson​ បាន​និយាយ​ថា៖ «ខ្ញុំ​បាន​សន្និដ្ឋាន​ថា​ យើង​គួរ​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃទី ១ ​ខែ​មករា ​ជាមួយ​នឹង​ការ​រៀបចំ​ធ្វើ​ពាណិជ្ជកម្ម​ស្រដៀង​នឹង​ប្រទេស​អូស្ត្រាលី ដោយ​ផ្អែក​លើ​គោលការណ៍​សាមញ្ញ​នៃ​ពាណិជ្ជកម្ម​សេរី​សកល»។

លោក​បាន​បន្ត​ទៀត​ថា៖ «ជាមួយ​នឹង​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ យើង​ត្រៀម​នឹង​ទទួល​យក​ជម្រើស​ថ្មី ​ហើយ​យើង​នឹង​រីក​ចម្រើន​ខ្លាំង ក្នុង​នាម​ជា​ប្រទេស​ធ្វើ​ពាណិជ្ជកម្ម​សេរី​មួយ​ដែល​គ្រប់គ្រង​ និង​កំណត់​ច្បាប់​របស់​យើង​ដោយ​ខ្លួន​ឯង»។

បើ​ការ​ចរចា​មិន​អាច​ឈាន​ដល់​ការ​ចុះ​កិច្ច​ព្រមព្រៀង​នោះ​ពាណិជ្ជកម្ម​រវាង​សហភាព​អឺរ៉ុប ​និង​អង់គ្លេស​នឹង​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក (WTO) ដែល​អាច​នាំ​ឱ្យ​មាន​ការ​កំណត់ យក​ពន្ធ​លើ​ផលិតផល​នាំ​ចេញ។ បញ្ហា​នេះ​ នឹង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ពាណិជ្ជកម្ម​ទ្វេ​ភាគី ​ដោយសារ​ថា ​ការ​កំណត់​យកពន្ធ​នឹង​ធ្វើ​ឱ្យ​ផលិតផល​ឡើង​ថ្លៃ​ និង​ធ្វើ​ឱ្យ​ការ​ជួញដូរ​ក្នុង​ទីផ្សារ​នីមួយៗ​កាន់​តែ​ពិបាក។

សហភាព​អឺរ៉ុប​បាន​និយាយ​ថា​ ខ្លួន​បាន​ត្រៀម​ពង្រឹង​កិច្ច​ចរចា​ឱ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​ឡើង ​ប៉ុន្តែ​នឹង​មិន​ព្រម​ទទួល​កិច្ច​ព្រមព្រៀង​ជាមួយ​លក្ខខណ្ឌ​មិន​សមរម្យ​ឡើយ។

ដើម​ឡើយ​អ្នក​ចរចា​របស់​សហភាព​អឺរ៉ុប​លោក Michael Barnier ​និង​អ្នក​ចរចា​របស់​អង់គ្លេស​លោក David Frost​ គ្រោង​នឹង​ជួប​គ្នា​នៅ​ទីក្រុង​ឡុងដ៍​ក្នុង​សប្ដាហ៍នេះ ប៉ុន្តែ​ជំនួប​នេះ​ត្រូវ​បាន​ប្តូរ​ទៅ​ជា​កិច្ច​ប្រជុំ​តាម​វីដេអូ​វិញ​។

ចក្រភព​អង់គ្លេស​ បាន​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ជា​ផ្លូវ​ការ​​កាល​ពី​ដើម​ឆ្នាំ ​២០២០ នេះ​បន្ទាប់​ពី​បាន​ដំណើរ​ការ​ដក​ខ្លួន​អស់​រយ:ពេល ​៣ ​ឆ្នាំ​កន្លះ ​ក្រោយ​ពី​ការ​ធ្វើ​ប្រជាមតិ​នៅ​ឆ្នាំ ​២០១៦។ ទោះ​បី​ជា​ចក្រភព​អង់គ្លេស​បាន​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​ក៏​ដោយ​ក៏​អង់គ្លេស​នៅ​តែ​ស្ថិត​ក្រោម​ច្បាប់​សហភាព​អឺរ៉ុប ​ព្រោះ​ភាគី​ទាំង​សង​ខាង​បាន​កំណត់​យក​ឆ្នាំ ២០២០ ជា​រយ:ពេល​អន្តរកាល ​ដើម្បី​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ។​ ក្រោយ​ឆ្នាំ ​២០២០ ​ប្រទេស​អង់គ្លេស ​នឹង​ដក​ខ្លួន​ពី​សហភាព​អឺរ៉ុប​ជា​ស្ថាពរ ​ទោះបី​មាន ​ឬ​មិនមាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ក្តី​៕