ក្រុង​បាងកកៈ កាលពី​ថ្ងៃ​អង្គារ​រដ្ឋមន្ត្រីសំខាន់ៗបាន​ចេញមក​អះអាង​ថា មិន​មាន​គម្រោង​ពន្យារ​ពេល​ការ​បោះ​ឆ្នោត​ទូទៅ​ដែល​គេ​ត្រូវ​រង់​ចាំ​យូរ​មក​ហើយ​នោះ​ទេ។

នៅពេល​ជាមួយគ្នានេះ មាន ការ​អះអាងថា រដ្ឋមន្ត្រី​ដែលជា​សមាជិក​នៃ​បក្ស Palang Pracharath Party (PPP) រៀបចំ​ផែនការ​លា​លែង​ពី​គណៈ​រដ្ឋមន្ត្រី នៅ​ពេល​វេលា​សមស្រប​ណាមួយ។

លោក Prawit Wongsuwon និង​លោក WissanuKreangam ឧបនាយក​រដ្ឋមន្ត្រី ២ រូបនេះ និង​រដ្ឋមន្ត្រី​មហាផ្ទៃ លោក Anupong Paojinda បាន​ថ្លែង​ថា រដ្ឋាភិបាល​នេះ មិន​មាន​គម្រោង​ពន្យារ​ពេល​ការ​បោះ​ឆ្នោត​ហួស​ពីថ្ងៃ ២៤ កុម្ភៈ ឆ្នាំ​ក្រោយ​នេះ​ទេ។

លោក Wissanu បាន​ថ្លែងថា៖ «រាជរដ្ឋាភិបាល បាន​រៀបចំ​កិច្ចពិភាក្សា​ជាមួយ​គណៈកម្ម​ការ​រៀបចំ​ការ​បោះ​ឆ្នោត ហើយ​មិន​មាន​គម្រោង​ពន្យារ​ពេល​ការ​បោះ​ឆ្នោត​ទៅ​ពេល​ក្រោយ​ទៀត​នោះ​ទេ»។

ឧ​ត្ត​ម​សេនីយ៍ Prawit ជា​មន្ត្រី​សំខាន់​មួយ​នៅក្នុង​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់​ធ្នាប់ (NCPO) និង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ដែរ នោះ ក៏បាន​ឯកភាព​ដែរ ដោយ​បាន​និយាយ​ថា របប​នេះ​មិន​មាន​បំណង​ចង់​លើក​ពេល​វេលា​ទៅ​ថ្ងៃ​ក្រោយ​ទៀត​នោះ​ទេ។

កាលបរិច្ឆេទ​ការបោះឆ្នោត​ម្តងទៀត ត្រូវបាន​គេ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​គ្រប់​មជ្ឈដ្ឋាន ទាំង​ប្រជាជន និង មន្ត្រីរាជការ៕