រដ្ឋាភិបាល​ស៊ីវិល​មីយ៉ាន់ម៉ា​បាន​អំពាវនាវ​ដល់​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន​ ដើម្បី​ចូលរួម​ក្នុង​កិច្ចពិភាក្សា​រក​ដំណោះស្រាយ​វិបត្តិ​ក្នុង​ប្រទេស​នៅ​សប្ដាហ៍​នេះ ហើយ​ជំរុញ​ឱ្យ​ប្រទេស​ជិតខាង​កុំ​ទទួលស្គាល់​មេដឹកនាំ​យោធា​ដែល​ដណ្ដើម​អំណាច​តាម​រដ្ឋប្រហារ​កាលពី​ខែកុម្ភៈ​ឆ្នាំនេះ។

រដ្ឋាភិបាល​រួបរួម​ជាតិ (NUG) ដែល​ទើបតែ​បង្កើតឡើង​នៅ​ថ្ងៃ​សុក្រ ទី ១៦ មេសា​ដោយ​មន្ត្រី​ជាប់ឆ្នោត​នៃ​គណបក្ស​នយោបាយ​របស់​លោកស្រី​ អ៊ុងសាន ស៊ូជី និង​មេដឹកនាំ​ជនជាតិ​ភាគតិច​មួយចំនួន បាន​និយាយ​ថា អាស៊ាន​មិនបាន​ទាក់ទង​មក​ពួកគេ​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ទេ។

រដ្ឋាភិបាល NUG បាន​និយាយថា ពួកគេ​គឺជា​អាជ្ញាធរ​ស្របច្បាប់ ហើយ​បាន​អំពាវនាវ​ឱ្យ​មាន​ការទទួល​ស្គាល់​ជា​អន្តរជាតិ និង​ការអញ្ជើញ​ឱ្យ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​ជំនួស​មេដឹកនាំ​យោធា។

លោក Moe Zaw Oo អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស NUG បាន​និយាយ​ថា អាស៊ាន​មិនគួរ​ទទួលស្គាល់​របប​យោធា​នោះទេ។ លោក​និយាយ​ថា៖ «ប្រសិន​បើ​អាស៊ាន​កំពុង​ពិចារណា​លើ​សកម្មភាព​ដែល​ទាក់ទង​នឹង​កិច្ចការ​របស់​មីយ៉ាន់ម៉ា ខ្ញុំ​ចង់​និយាយថា វា​នឹង​មិន​ទទួលបាន​ជោគជ័យ​ទេ លើកលែង​តែ​ចរចា​ជាមួយ NUG ដែល​ត្រូវបាន​គាំទ្រ​ដោយ​ប្រជាជន និង​មាន​ភាពស្របច្បាប់​ពេញលេញ»។

លោក​បាន​បន្តថា៖ «វា​ជា​ការសំខាន់​ណាស់​ដែល​ក្រុមប្រឹក្សា​យោធា​មិនត្រូវ​បានទទួល​ស្គាល់។ នេះ​ជា​ការចាំបាច់​ត្រូវ​ដោះស្រាយ​ដោយ​ប្រុងប្រយ័ត្ន»។

សមាជិក​ទាំង ១០ នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) គឺ​កំពុង​ព្យាយាម​ស្វែងរក​ផ្លូវ​ចេញពី​វិបត្តិ​នយោបាយ ដែល​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រទេស​ជា​សមាជិក​មីយ៉ាន់ម៉ា តាំងពី​ពេល​ដែល​យោធា​បាន​បណ្ដេញ​រដ្ឋាភិបាល​ជាប់ឆ្នោត​ដឹកនាំ​ដោយ​លោកស្រី​ អ៊ុងសាន ស៊ូជី ​ចេញ​ពី​អំណាច​កាលពី​ថ្ងៃទី ១ ខែ​កុម្ភៈ។

តាំងពី​ឡើងកាន់​អំណាច​មក រដ្ឋាភិបាលយោធា​បានបង្ហាញ​សញ្ញា​តិចតួច​ក្នុង​ការធ្វើ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិតខាង​ដើម្បី​រក​ដំណោះស្រាយ ប៉ុន្តែ​នៅក្នុង​តម្រុយ​ដំបូង​នៃ​វឌ្ឍនភាព​សម្រាប់​អាស៊ាន អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ​កាលពី​ថ្ងៃ​សៅរ៍​បាន​បញ្ជាក់ថា មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​លោក​ឧត្ដមសេនីយ៍ Min Aung Hlaing នឹង​ចូលរួម​មហាសន្និបាត​អាស៊ាន​ពិសេស​នៅ​ថ្ងៃទី ២៤ មេសា នៅ​ទីក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​វិបត្តិ​មីយ៉ាន់ម៉ា។

នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅក្រៅ​ប្រទេស និង​ការជួប​ជាមួយ​មេដឹកនាំ​បរទេស​លើកដំបូង​របស់​លោក​តាំង​ពេល​ពី​លោក​បាន​ឡើងកាន់​អំណាច។

បន្ទាប់ពី​ការទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ជាប់ឆ្នោត​ចេញពី​អំណាច​មក ប្រទេស​មីយ៉ាន់ម៉ា​បាន​ស្ថិត​ក្នុង​សភាព​ចលាចល​យ៉ាងខ្លាំង ដោយ​មាន​ការធ្វើ​បាតុកម្ម​ប្រឆាំង​របប​យោធា និង​ការប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្តិសុខ​ស្ទើរតែ​រាល់ថ្ងៃ។ បើ​យោង​តាម​ក្រុម​សកម្មជន «សហគមន៍​ជំនួយ​សម្រាប់​ក្រុម​អ្នកទោស​នយោបាយ» កងកម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​បានសម្លាប់​មនុស្ស​ចំនួន ៧៣៧ នាក់​ក្នុង​ការបង្ក្រាប​បាតុកម្ម​កន្លង​មក​នេះ។

អំពើហិង្សា​នេះ​បាន​ធ្វើឱ្យ​មាន​ការថ្កោលទោស​ពី​បណ្តា​ប្រទេស​លោក​ខាងលិច និង​ការរិះគន់​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ដោយ​សមាជិក​អាស៊ាន​មួយចំនួន បើទោះបី​ជា​មាន​គោលការណ៍​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​សមាជិក​ផ្សេងទៀត​ក៏ដោយ។

យោធា​បាន​ការពារ​ការធ្វើ​រដ្ឋប្រហារ​របស់ខ្លួន ដោយ​ចោទប្រកាន់​ថា លទ្ធផល​នៃ​ការបោះឆ្នោត​ខែវិច្ឆិកា​គឺជា​ការ​ក្លែងបន្លំ បើទោះបី​ជា​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​បាន​ច្រានចោល​ការជំទាស់​នេះ​ក៏ដោយ។

រដ្ឋប្រហារ​នេះ​ក៏បាន​បង្កឱ្យ​មាន​ការកើនឡើង​ការប៉ះទង្គិច​គ្នា​រវាង​កងទ័ព និង​ក្រុម​ប្រដាប់អាវុធ​ជនជាតិ​ភាគតិច​នៅ​តំបន់​ព្រំដែន​ភាគ​ខាងជើង និង​ខាងកើត​ផងដែរ។

ទីភ្នាក់ងារ​សារព័ត៌មាន​ក្នុងស្រុក Mizzima បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​សៅរ៍ អ្នក​ប្រយុទ្ធ​មកពី​កងទ័ព​ឯករាជ្យ​កាឈីន (KIA) បាន​វាយប្រហារ​មូលដ្ឋានទ័ព​អាកាស​មួយ​នៅ​ភាគ​ខាងជើង​ដោយ​ប្រើ​គ្រាប់​រ៉ុកែ្កត តែ ១ គ្រាប់​បាន​ធ្លាក់ចំ​ភូមិ​ក្បែរ​នោះ​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​រងរបួស។

កាលពី​ថ្ងៃ​សៅរ៍ យ៉ាង​ហោចណាស់​មាន​ការផ្ទុះ​គ្រាប់បែក​តូចៗ​ចំនួន​ ៣ គ្រាប់​នៅ​ទីក្រុង​យ៉ាំងហ្គោន ដោយ​ធ្វើឱ្យ​មនុស្ស​ជាច្រើន​នាក់​រងរបួស។ គ្មាន​ភាគី​ណាមួយ​ធ្វើ​ការអះអាង​ទទួល​ខុសត្រូវ​ពី​ការផ្ទុះ​នេះ​ទេ ប៉ុន្តែ​យោធា​បាន​ចោទប្រកាន់​ក្រុមបាតុករ​ថា បាន​ធ្វើការ​វាយប្រហារ​ដោយ​គ្រាប់បែក​នេះ។ ប៉ុស្តិ៍​ទូរទស្សន៍​យោធា Myawaddy បាន​ផ្សាយ​រូបភាព​មនុស្ស​ចំនួន ៦ នាក់​ដែល​បាន​ប្រកាស​ថា បុគ្គល​ទាំងនេះ​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​ត្រូវបាន​រកឃើញ​ជាមួយ​នឹង​អាវុធ​កែច្នៃ៕