ក្រុងទ្រីប៉ូលីៈ រដ្ឋាភិបាលគាំទ្រដោយអង្គការសហប្រជាជាតិ បានថ្លែងថា មនុស្សយ៉ាងតិច ៣២ នាក់ បានស្លាប់ ហើយប្រហែល ៥០ នាក់ទៀត បានរងរបួស នៅក្នុងការប្រយុទ្ធគ្នាជាមួយកងកម្លាំងរបស់បុរសខ្លាំង គឺលោក Khalifa Haftar នៅក្បែរក្រុងទ្រីប៉ូលី។
ក្រសួងសុខាភិបាល លោក A''hmid Omar បានធ្វើបច្ចុប្បន្នភាពពីចំនួនអ្នកស្លាប់នៅក្នុងបទសម្ភាសមួយ ជាមួយស្ថានីយទូរទស្សន៍ Al-Ahrar របស់លីប៊ី កាលពីល្ងាចថ្ងៃអាទិត្យ។ កងកម្លាំងរបស់លោក Khalifa Haftar រហូតមកទល់ពេលនេះ បានថ្លែងថា យុទ្ធជនរបស់ពួកគេចំនួន ១៤ នាក់ បានស្លាប់។
ការប៉ះទង្គិចយ៉ាងខ្លាំង បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅក្បែរក្រុងទ្រីប៉ូលីរវាងក្រុមយុទ្ធជនគាំទ្រ លោក Haftar និងកងកម្លាំងស្មោះត្រង់នឹងរដ្ឋាភិបាលសម្របសម្រួលជាតិ ដែលបានទទួលស្គាល់ដោយអន្តរជាតិ (GNA)។
ភាគីទាំង ២ នោះ បានវាយប្រហារផ្លូវអាកាសទៅវិញទៅមកអស់រយៈពេលជាច្រើនថ្ងៃ ក្រោយពីលោក Haftar ដែលបានគាំទ្ររដ្ឋាភិបាលមួយនៅលីប៊ីភាគខាងលិច ដែលបានប្រឆាំងរដ្ឋាភិបាល GNA បានបើកការវាយប្រហារទ្រង់ទ្រាយធំកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីដណ្តើមទីក្រុងនេះមកកាន់កាប់។
ការប៉ះទង្គិចគ្នានោះ បានកើតឡើង ទោះបីជាមានការអំពាវនាវពីអង្គការសហប្រជាជាតិ និងអាមេរិកឲ្យមានបទឈប់បាញ់ជាបន្ទាន់ក្តី។
កងកម្លាំងគាំទ្ររដ្ឋាភិបាល GNA កាលពីថ្ងៃអាទិត្យ បានប្រកាសវាយបកវិញទ្រង់ទ្រាយធំ ដែលត្រូវបានគេដាក់ឈ្មោះថា «ភ្នំភ្លើងកំហឹង» នោះ។
អ្នកនាំពាក្យលោកវរសេនីយឯក Mohamed Gnounou បានថ្លែងថា ប្រតិបត្តិការនោះ ត្រូវបានធ្វើឡើង ដើម្បី បោសសម្អាត ក្រុមអ្នកឈ្លានពានក្រុងនេះ និងកងកម្លាំងខុសច្បាប់ទាំងនោះ» គឺចង់និយាយសំដៅទៅលើក្រុមយុទ្ធជនរបស់លោក Haftar។
ប្រទេស លីប៊ី ត្រូវបានពុះច្រៀកដោយការបែងចែកជាច្រើនក្រុម ចាប់តាំងពីមានការបះបោរគាំទ្រដោយអង្គការណាតូកាលពីឆ្នាំ ២០១១ ដែលបានសម្លាប់ជនផ្តាច់ការ លោក ហ្គាដាហ្វី នោះមក ដោយមានរដ្ឋាភិបាលគូបដិបក្ខ និងក្រុមប្រដាប់អាវុធជាច្រើនក្រុម ដែលប្រជែងដណ្តើមអំណាចគ្នា និងគ្រប់គ្រងអណ្តូងប្រេងរបស់ប្រទេសនេះ។
ការវាយលុកទ្រង់ទ្រាយធំរបស់លោក Haftar បានគំរាមកំហែងឲ្យប្រទេស លីប៊ី ធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមស៊ីវិលយ៉ាងពេញទំហឹង ហើយកិច្ចខិតខំប្រឹងប្រែងតាមផ្លូវការទូត បានបរាជ័យមិនបានស្វែងរកដំណោះស្រាយជូនដល់ប្រជាជនលីប៊ីស្លូតត្រង់ទាំងនោះទេ៕ AFP/SK