ប្រធានាធីបតី​ប្រទេស​គុយបា​លោក Raul Castro មាន​វ័យ ៨៩ ឆ្នាំ ប្រកាស​ចូលនិវត្តន៍​ក្រោយ​កាន់តំណែង​ជាង ៦ ទសវត្សរ៍ ដោយ​ប្រគល់​តួនាទី​ឱ្យ​ប្រធានបក្ស​កុម្មុយនីស្ត​គុយបា ជ្រើសរើស​មេដឹកនាំ​ថ្មី​ក្នុង​អំឡុងពេល​ប្រជុំ​សមាជ​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុននេះ។

នៅក្នុង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល ៤ ថ្ងៃ លោក Castro បាន​និយាយ​ថា អ្នកដឹកនាំ​ថ្មី​ត្រូវតែ​ជា អ្នក​ស្មោះត្រង់​នឹង​គណបក្ស និង​មាន​បទពិសោធ​ជាច្រើន​ទសវត្សរ៍ និង​ត្រូវតែ​ជា​បុគ្គល​ដែល «មាន​ឆន្ទៈ និង​ស្មារតី​ប្រឆាំង​នឹង​ចក្រពត្តិនិយម»។

គួរបញ្ជាក់​ផងដែរ​ថា កាលពី​ឆ្នាំ ២០១៨ លោក​ធ្លាប់​បាន​ប្រគល់​តំណែង​ជា​ប្រធានាធិបតី​ដល់​ឧបការី Miguel Diaz-Canel មាន​វ័យ ៦០ ឆ្នាំ ដែល​ជា​អ្នកដឹកនាំ​គណបក្ស​នៅ​ខេត្ត​ចំនួន ២ រួច​មក​ហើយ មុនពេល​ចូលកាន់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល។

ប៉ុន្តែ មេដឹកនាំ​ជំនាន់​ថ្មី​បាន​ជួបប្រទះ​ឧបសគ្គ​ជាច្រើន​ ជាពិសេស​ក្រោយ​ប្រទេស​គុយបា​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏អាក្រក់​បំផុត​ចាប់តាំងពី​មាន​ការដួលរលំ​នៃ​អតីត​អ្នកទទួល​បាន​ផលប្រយោជន៍​ពី​សហភាពសូវៀត បូកផ្សំ​ជាមួយ​នឹង​ការមិន​ពេញចិត្ត​ពី​សំណាក់​ប្រជាជន​គុយបា​វ័យក្មេង​ផង​នោះ។

នៅ​ថ្ងៃ​ដដែល​នេះ​លោក Castro ក៏បាន​សាទរ​រូបលោក Diaz-Canel ដែលជា​មេដឹកនាំ​ជំនាន់​ថ្មី​មួយរូប ដែល​លោក​បាន​ជ្រើសរើស​ក្នុង​ចំណោម​អ្នកដឹកនាំ​ជាច្រើន​នាក់​ទៀត។

ដោយឡែក​ក្រុម​អ្នកវិភាគ​និយាយថា មេដឹកនាំ​ថ្មី​របស់​ប្រទេស​គុយបា​ប្រឈមមុខ​នឹង​សម្ពាធ​ក្នុង​ការពន្លឿន​ការកែទម្រង់​ថ្មី ជាពិសេស​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច ដែល​ជា​បំណង​ធំ​បង្អស់ របស់​ប្រជាជន ជាពិសេស​ប្រជាជន​គុយបា​វ័យក្មេង​ដែល​កំពុង​តែ​ជួបប្រទះ​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​កំឡុងពេល​ជំងឺឆ្លង​សកល​នេះ។

ការរឹតបន្តឹង​ការធ្វើ​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​រាប់​ទសវត្សរ៍ បូកផ្សំ​ជាមួយ​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​នេះ បាន​ធ្វើឱ្យ​ប្រទេស​គុយបា​ជួបនឹង​វិបត្តិ​លំហូរ​សាច់ប្រាក់​ជាដើម។ បន្ថែម​ពីនេះ ប្រទេស​នេះ​ក៏​ជួបប្រទះ​នឹង​វិបត្តិ​នៃ​កង្វះ ទំនិញ​មូលដ្ឋាន ដែល​តម្រូវ​ឱ្យ​ប្រជាជន​ត្រូវ​តម្រង់​ជួរ​គ្នា​រាប់​ម៉ោង ដើម្បី​បាន​ទិញ​គ្រឿងទេស និង​សម្ភារៈប្រើប្រាស់​មូលដ្ឋាន​ផ្សេងៗ​ផងដែរ។

លោក Richard Feinberg សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ University of California San Diego និង​ជា​អ្នកនិពន្ធ​សៀវភៅ​ស្ដីអំពី​សេដ្ឋកិច្ច​របស់​គុយបា​បាន​និយាយថា៖ «វា​អាច​នឹង​ទៅរួច ដែល​សេដ្ឋកិច្ច​ប្រទេស​នេះ​បោះ​ជំហាន​រក «សេដ្ឋកិច្ចសង្គម ដែល​ផ្តោតលើ​ទីផ្សារ» ដោយសារ​ប្រព័ន្ធ​នៃ​សេដ្ឋកិច្ច​ប្រទេស​នេះ គ្រប់គ្រង​ដោយ​រដ្ឋ​ និង​មាន​បទប្បញ្ញត្តិ​រឹងមាំ ដែល​មាន​ស្រាប់ ដោយ​វិស័យ​ឯកជន​ក៏​កំពុង​តែ​រីកចម្រើន និង​រីកលូតលាស់​ទៅមុខ​ផងដែរ។

ប៉ុន្តែ សមាជ​បច្ចុប្បន្ន​ត្រូវការ​ឆ្លើយតប​ទៅនឹង​ភាពបន្ទាន់ ដែល​កំពុង​ប្រឈម​នាពេល​បច្ចុប្បន្ននេះ និង បង្ហាញ​នូវ​ភាពយ៉ាង​ម៉ឺងម៉ាត់​អំពី​ការបង្កើត​ក្របខ័ណ្ឌ​ច្បាប់​សម្រាប់​សហគ្រាស​ឯកជន​ខ្នាតតូច និង​មធ្យម ដែល​អនុញ្ញាត​ឱ្យ​ការផ្ទេរ​ប្រាក់​ពី​ក្រៅប្រទេស និង​លុបបំបាត់​ចោល​ច្បាប់​តឹងរ៉ឹង ចំពោះ​វិនិយោគ​បរទេស​ជាដើម៕