របាយការណ៍​ស៊ើប​អង្កេត​របស់​វេបសាយ ​Bellingcat​ បាន​បង្ហាញ​ថា ​មន្រ្តី​មក​ពី​អង្គភាព​ចារកម្ម​សម្ងាត់​រុស្ស៊ី​ ដែល​មាន​ជំនាញ​ផ្នែក​សារធាតុ​ពុល​បាន​តាមដាន​មេ​ដឹកនាំ​បក្ស​​ប្រឆាំង​រុស្ស៊ី ​លោក ​Aleksei A. Navalny ​អស់​រយៈពេល ៣ ​ឆ្នាំ ​ហើយ​ក៏​ជា​អ្នក​ដាក់​ថ្នាំ​បំពុល​លោក​ស្ទើរ​ស្លាប់ ​កាល​ពី​ខែ​សីហា ​កន្លង​ទៅ​ដែរ។

តាម​ប្រភព​ដដែល​នេះ ​ក្រុម​បុគ្គលិក​មក​ពី​សេវា​សន្តិសុខ​សហព័ន្ធ​រុស្ស៊ី​ (FSB)​ បាន​ចាប់​​ផ្តើម​តាមដាន​លោក ​Navalny ​តាំង​ពី​ឆ្នាំ ​២០១៧​ មក​បន្ទាប់​ពី​​បាន​ឮ​លោក ​Navalny​ ប្រកាស​ថា លោក​នឹង​ឈរ​ឈ្មោះ​​ធ្វើ​ជា​បេក្ខជន​ប្រឆាំង​នឹង​ប្រធានាធិបតី​ Vladimir Putin​ នៅ​ក្នុង​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ក្រោយ។ ​សមាជិក​នៃ​អង្គភាព ​ឯកទេស​ខាង​ជាតិ​ពុល និង​ភ្នាក់ងារ​សរសៃ​ប្រសាទ​បាន​តាម​ដាន​​លោក ​Navalny​ ធ្វើ​ដំណើរ​​តាម​យន្តហោះ​ជាង ​៣០ ​ដង។

យោង​តាម​របាយការណ៍​ដដែល​មន្ត្រី ​៣ រូប ​មក​ពី​សេវា​សន្តិសុខ​សហព័ន្ធ​រុស្ស៊ី ​(FSB) ​និង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​​ក្នុង​ស្រុក​រុស្ស៊ី ​បាន​តាម​លោក ​Navalny​ ទៅ​កាន់​ប្រទេស​ស៊ីបេរី​ កាល​ពី​ខែ​សីហា ​កន្លង​ទៅ ខណៈ​ដែល​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​កំពុង​ជួប​ជាមួយ​អ្នក​គាំទ្រ​មុន​ការ​បោះឆ្នោត​ក្នុង​តំបន់។​ អ្នក​ទាំង​នេះ​បាន​តាម​ដាន​គាត់​ទៅ​ក្រុង ​Tomsk ​ប្រទេស​ស៊ីបេរី​ ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃទី ​២០ ខែ​សីហា នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ទិន្នន័យ​តាម​ទូរស័ព្ទ​បាន​បង្ហាញ​​​ពី​ប្រតិបត្ដិការ​មួយ​នៅ​មិន​ឆ្ងាយ​ពី​សណ្ឋាគារ​មួយ​ដែល​ជា​កន្លែង ​លោក ​Navalny ​និង​ក្រុម​ការងារ​គាត់​បាន​ស្នាក់នៅ។

មិន​បាន​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក ​Navalny ​ឡើង​លើ​យន្តហោះ​គ្រោង​នឹង​ហោះហើរ​ពី​ទីក្រុង ​Tomsk ​ទៅ​ទីក្រុង​ម៉ូស្គូ​ ក៏​​មាន​សំឡេង​ស្រែក​នៅ​ក្នុង​បន្ទប់​ទឹក​ក្នុង​យន្តហោះ​មុន​ពេល​សន្លប់​ថា ​លោក​ត្រូវ​ថ្នាំ​ពុល​ហើយ​បង្ខំ​ឱ្យ​យន្តហោះ​ចុះចត​ជា​បន្ទាន់។​ នៅ​ពេល​គាត់​មក​ដល់​មន្ទីរពេទ្យ​ នៅ​ទីក្រុង​អូមាក់ ​គាត់​បាន​សន្លប់​បាត់​ស្មារតី​រួច​ទៅ​ហើយ។

បច្ចុប្បន្ន​ លោក​ Navalny ​កំពុង​សម្រាក​ព្យាបាល​នៅ​ទីក្រុង​ប៊ែរឡាំង។​ រដ្ឋាភិបាល​លោក​ខាងលិច​បាន​និយាយ​ថា ​លោក​ត្រូវ​បាន​​គេ​ដាក់​ថ្នាំ​ទាក់​ទិន​សរសៃ​ប្រសាទ​ប្រើប្រាស់​ក្នុង​សម័យ​សូវៀត ​ឈ្មោះ ថា ​Novichok ​ដែល​ជា​សារធាតុ​ដូចគ្នា​ ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​នៅ​ក្នុង​ប្រទេស​អង់គ្លេស ​ក្នុង​ឆ្នាំ ​២០១៨​ ក្នុង​គោល​បំណង​សម្លាប់​អតីត​ចារកម្ម​រុស្ស៊ី លោក ​Sergei Skripal ​។ យ៉ាងណា​មិញ សហគមន៍​អឺរ៉ុប​ក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​មេ​ដឹកនាំ​សេវា​សន្តិសុខ​សហព័ន្ធ​រុស្ស៊ី ​(FSB) លោក ​Alexander ​Bortnikov ​និង​មន្ត្រី​ជាន់​ខ្ពស់​វិមាន​ក្រឹមឡាំង ​ជុំវិញ​ការ​វាយ​ប្រហារ​នេះ​។

មន្ត្រី​សន្តិសុខ​ជាន់​ខ្ពស់​របស់​អាល្លឺម៉ង់​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​នៅ​ក្នុង​របាយការណ៍​ចេញ​​ដោយ​វេបសាយ ​Bellingcat​ នេះ​មាន​ភាព​ត្រឹមត្រូវ​ប្រាកដ​ណាស់។ ​មន្ត្រី​នោះ​បាន​​​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា របាយការណ៍​នេះ ​«វា​គ្រប​ដណ្តប់​លើ​អ្វីៗ​ទាំង​អស់ ​ដែល​យើង​បាន​ដឹង»។ មន្ត្រី​អាល្លឺម៉ង់​បាន​​និយាយ​ថា​ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ដឹង​រឿង​នេះ ​អស់​​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​ថា ​តើ​អ្នក​ណា​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ថ្នាំ​បំពុល​នេះ។

មន្ត្រី​សន្តិសុខ​លោក​ខាង​លិច​បាន​និយាយ​ថា ​មិន​បាច់​សង្ស័យ​​អ្នក​ណា​ក្រៅ​ពី​រដ្ឋាភិបាល​រុស្ស៊ី ​ចំពោះ​រឿង​ដាក់​ថ្នាំ​បំពុល​នេះ​ឡើយ។​ សកម្មភាព​នយោបាយ​របស់​លោក ​Navalny បូក​ជាមួយ​នឹង​ការ​ស៊ើប​អង្កេត​យ៉ាង​ទូលំទូលាយ​ស្ដី​អំពី​អំពើ​ពុក​រលួយ​​របស់​ថ្នាក់​ដឹកនាំ​រុស្ស៊ី ​បាន​ធ្វើ​ឱ្យ​មន្ត្រី​ជាន់​ខ្ពស់​វិមាន​ក្រឹម​ឡាំង​ក្ដៅ​ក្រហាយ។ ​បន្ទាប់​​ពី​រារាំង​មិន​ឱ្យ​ក្រុម​របស់​លោក ​Navalny ​នាំ​គាត់​ទៅ​ព្យាបាល​នៅ​​ក្រៅ​ប្រទេស​ចុង​ក្រោយ​ទើប​​សម្រេច​ឱ្យ​គេ​បញ្ជូន​លោក​ទៅ​ព្យាបាល​នៅ​ទីក្រុង​ប៊ែរឡាំង។ ​គាត់​សន្លប់​បាត់​ស្មារតី​អស់​ជិត ​១ ខែ តែ​សំណាង​ល្អ​មិន​បាន​បាត់បង់​ជីវិត។

យ៉ាងណា​មិញ​ លោក​ Navalny​ បាន​និយាយ​នៅ​ក្នុង​វីដេអូ​​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​គេហទំព័រ​យូធូប​ថា ​កន្លង​មក​ក្រុម​​ភ្នាក់ងារ​សេវា​សន្តិសុខ​សហព័ន្ធ​រុស្ស៊ី ​FSB ​ធ្លាប់​ព្យាយាម​ដាក់​ថ្នាំ​បំពុល​លោក ​២ ​ដង​យ៉ាង​តិច ដោយ​ប្រើប្រាស់​សារធាតុ​ពុល​ Novichok​ ដែល​​ការ​ដាក់​ថ្នាំ​បំពុល​នេះ ​គឺ​ជា​ការ​ធ្វើ​ឡើង​ក្រោម​បញ្ជា​របស់​លោក ​Putin​។

លោក ​Navalny ​បាន​និយាយ​ថា ​កាល​ដាក់​ថ្នាំ ​២ ដង​ លើក​មុន​នោះ ​មិន​ទទួល​បាន​ជោគជ័យ ​ក៏​ព្រោះ​កម្រិត​ប្រើ​គឺ​តូច​ពេក។​ លោក​បាន​ព្រមាន​ថា​ អ្នក​ដែល​ដាក់​ថ្នាំ​លោក​ត្រូវ​ប្រយ័ត្ន​ប្រយែង​ផង​ កុំ​ប្រើ​ជាតិ​ពុល​ច្រើន​ពេក ព្រោះ​បើ​លោក​ស្លាប់​ភ្លាមៗ​គេ​នឹង​ងាយ​ស្រួល​ស៊ើប​អង្កេត​ណាស់​។

កាល​ពី​ខែ​កញ្ញា ​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ លោក​ Donald Trump ​និង​អនុ​ប្រធានាធិបតី ​លោក ​Joe Biden ​បាន​ផ្តល់​ប្រតិកម្ម​ខុសៗ​​គ្នា​ចំពោះ​ការ​បំពុល​នេះ​។

លោក Trump ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​ថា៖ «​វា​គួរ​ឱ្យ​ចាប់​អារម្មណ៍​ណាស់ ​ដែល​មនុស្ស​គ្រប់គ្នា​តែងតែ​និយាយ​អំពី​ប្រទេស​រុស្ស៊ី ថា​ជា​អ្នក​នៅ​ពី​ក្រោយ​រឿង​នេះ​។ ខ្ញុំ​មិន​ប្រកាន់​ថា​ អ្នក​ចោទ​ថា​ជា​ប្រទេស​រុស្ស៊ី​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ប្រហែល​ជា​ប្រទេស​ចិន ​ដែល​ជា​ប្រជាជាតិ​មួយ​ដែល​គេ​គួរ​សង្ស័យ​ជាង​ប្រទេស​រុស្ស៊ី»។

ចំណែក​ឯ​លោក ​Biden​ បាន​និយាយ​ថា៖ «ជា​ថ្មី​ម្តង​ទៀត​ វិមាន​ក្រឹម​ឡាំង​បាន​ប្រើ​អាវុធ​សំណព្វ​ចិត្ត​ជា​សារ​ធាតុ​គីមី​ Novichok​ ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​បំបិទ​មាត់​គូ​ប្រជែង​នយោបាយ ​១ ​រូប។ នេះ​គឺ​ជា​សញ្ញា​សម្គាល់​នៃ​របប​រុស្ស៊ី ​មិន​មាន​ភាព​អត់ធ្មត់​ចំពោះ​ការ​រិះគន់ ឬ​ការ​ប្រឆាំង​ណា​មួយ​​បាន​ឡើយ​»។

យ៉ាងណា​មិញ​ វិមាន​ក្រឹមឡាំង​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​លើ​របាយការណ៍​នេះ​ទេ។ ​កាល​ពី​មុន​មន្រ្តី​រុស្ស៊ី ​បាន​បដិសេធ​យ៉ាង​ដាច់​ខាត​ថា ​រដ្ឋាភិបាល​មិន​មាន​តួនាទី​អ្វី​ក្នុង​ការ​បំពុល​លោក ​Navalny ឡើយ និង​បាន​ទម្លាក់​ទៅ​ឱ្យ​​រដ្ឋាភិបាល​អាល្លឺម៉ង់​ទទួល​ខុស​ត្រូវ​វិញ៕