គិត​ត្រឹម​ចុងខែ​មីនា កន្លង​មក​នេះ បណ្តាញ​ឱសថស្ថាន​នៅ​អាមេរិក​បាន​ខ្ជះខ្ជាយ​វ៉ាក់សាំង​ប្រមាណ​ជិត ១៨ ម៉ឺន​ដូស ទូទាំង​ប្រទេស​ក្នុង​នោះ​ឱសថស្ថាន​ធំជាងគេ​នៅ​អាមេរិក CVS និង Walgreens បាន​ខ្ជះខ្ជាយ​វ៉ាក់សាំង​ច្រើនជាងគេ ពោល​គឺ​ប្រមាណ​ជាង ១៣ ម៉ឺនដូស។

ឱសថស្ថាន CVS បាន​ឱ្យ​ដឹងថា មូលហេតុ​ដែល​បណ្ដាលឱ្យ​មាន​ការខ្ជះខ្ជាយ​វ៉ាក់សាំង​នេះ រួមមាន ផលិតផល​ខូចគុណភាព ការស្តុកទុក​មិនបាន​ត្រឹមត្រូវ និង​វ៉ាក់សាំង​ដែល​សល់​ហើយ​ហួសកំណត់។ វ៉ាក់សាំង Pfizer និង Moderna សុទ្ធ​តែមាន​រយៈកាល​កំណត់​ពោល​សម្រាប់​វ៉ាក់សាំង​ Pfizer ត្រូវ​ប្រើប្រាស់​ក្នុង​រយៈពេល ៦ ម៉ោង ខណៈ​វ៉ាក់សាំង Moderna ត្រូវ​ប្រើប្រាស់​ក្នុង​រយៈពេល ១១ ម៉ោង។

វ៉ាក់សាំង​ទាំង ២ នេះ​ក៏​តម្រូវ​ឱ្យ​មាន​កន្លែង​ផ្ទុក​ត្រជាក់​ខ្លាំង​ផងដែរ ហើយ​មូលហេតុ​ដែល​បណ្តាលឱ្យ​មាន​ការខ្ជះខ្ជាយ​ខ្លះ គឺ​ដោយសារ​ការខូច​មុខងារ​របស់​ម៉ាស៊ីន​ទឹកកក ឬ ដូស​ត្រូវ​ទុកចោល​នៅ​សីតុណ្ហភាព​ក្នុង​បន្ទប់​យូរពេក។

បើ​យោងតាម មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺ ឬ CDC វ៉ាក់សាំង Pfizer-BioNTech និង Moderna ងាយ​នឹង​ខូចគុណភាព និង​មាន​អាយុកាល​ខ្លី។ ដោយ​គិត​ត្រឹម​ថ្ងៃទី ៣០ ខែមីនា សហរដ្ឋអាមេរិក​បាន​ចែកចាយ​ថ្នាំ​ចំនួន​ប្រហែល ១៨៩,៥ លានដូស និង​ប្រមាណ ១៤៧,៦ លាន​ត្រូវបាន​ប្រើប្រាស់​ភ្លាមៗ និង ៧,៧ លាន​ត្រូវដាក់​ក្នុង​មណ្ឌល​ថែទាំ​រយៈពេល​វែង។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ទៅកាន់​សារព័ត៌មាន Kaiser Health News ក្រុមហ៊ុន​ដដែល​នេះ​បាន​និយាយថា ចំនួន​ដូស​ដែល​ខ្ជះខ្ជាយ​មាន​ចំនួន​ភាគរយ​តិចតួច​នៃ​ចំនួន​ដូស​សរុប ដែល​ពួកគេ​បាន​ប្រើ។ ក្រុមហ៊ុន​បាន​បន្ថែមថា មូលហេតុ​ខ្លះ​បណ្ដាល​មកពី​ការរឹតត្បិត​ការដឹកជញ្ជូន ការកំណត់​ក្នុង​ការមិន​ប្រើប្រាស់​ដូស​មួយចំនួន និង​កត្តា​ផ្សេងៗ​ទៀត។ ដោយឡែក ក្រុមហ៊ុន Walgreens ក៏​បាន​បន្ថែមថា កម្រិត​នៃ​ការខ្ជះខ្ជាយ​មាន​ចំនួន​ប្រមាណ ០,៥% នៃ​វ៉ាក់សាំង ដែល​វា​បាន​ផ្តល់​ឱ្យ។

លោកស្រី Katie Fowlie អ្នកនាំពាក្យ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺ ឬ CDC បាន​និយាយ​ថា ការខ្ជះខ្ជាយ​វ៉ាក់សាំង ខណៈ​ប្រទេស​កំពុង​ប្រឹងប្រែង​ចែកចាយ​វ៉ាក់សាំង​នេះ «មិនមែន​ជា​អ្វី ដែល​យើង​មិនបាន​ព្រាងទុក​ឡើយ»។

លោក Fowlie បាន​បន្ថែមថា៖ « ទោះបីជា​មាន​ការខិតខំ​ប្រឹងប្រែង ដើម្បី​កាត់បន្ថយ​កម្រិត​នៃ​ការខ្ជះខ្ជាយ​ក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង​ក៏ដោយ ក៏​នៅតែមាន​វ៉ាក់សាំង​ខ្លះ​សល់​ដែរ និង​ត្រូវ​ចាត់ទុក​ជា “ កាកសំណល់” ដើម្បី​ធានា​សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង»។

ជាមួយ​គ្នា​នេះដែរ វេជ្ជបណ្ឌិត Bruce Y. Lee សាស្ត្រាចារ្យ​ផ្នែក​គោលនយោបាយ និង​ការគ្រប់គ្រង​សុខភាព​នៅ​សាកលវិទ្យាល័យ​ទីក្រុង​ញូវយ៉ក​បាន​មានប្រសាសន៍​ថា៖ «យើង​ត្រូវការ​តាមដាន​កម្រិត​ថ្នាំ ដែល​ខ្ជះខ្ជាយ និង​ជួយ​កំណត់​ចំនួន ដែល​ត្រូវ​ចែកចាយ ដើម្បី​កុំឱ្យ​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការចែកចាយ។ រាល់​ការខ្ជះខ្ជាយ​ណាមួយ​គឺ​ដូច​ទៅនឹង​ការបោះចោល​ប្រាក់​ពន្ធ​របស់​ប្រជាពលរដ្ឋ​អ៊ីចឹង»៕