ក្រុងម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានថ្លែងកាលពីថ្ងៃពុធថា ក្រុមយុទ្ធជនមកពីប្រទេសស៊ីរី និងលីប៊ី កំពុងត្រូវបានដាក់ពង្រាយទៅកាន់តំបន់ជម្លោះណាហ្គូរនីការ៉ាបាក់ហ៍ ហើយថា វាគឺជា «ការព្រួយបារម្ភយ៉ាងខ្លាំង» អំពីស្ថានការណ៍វិវត្តនៅទីនោះ។
ក្រសួងការបរទេសបានថ្លែងថា៖ «ក្រុមយុទ្ធជនប្រដាប់អាវុធខុសច្បាប់ នៅក្នុងនោះរួមមានមកពីប្រទេសស៊ីរី និងលីប៊ី កំពុងត្រូវបានគេដាក់ពង្រាយទៅកាន់តំបន់មានជម្លោះណាហ្គូរនី ការ៉ាបាក់ហ៍ ដើម្បីចូលរួមដោយផ្ទាល់នៅក្នុងការប្រយុទ្ធគ្នានៅទីនោះ»។
«យើងបានព្រួយបារម្ភយ៉ាងខ្លាំងអំពីដំណើរការទាំងនេះ ដែលមិនមែនជាភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ជម្លោះប៉ុណ្ណោះទេ ថែមទាំងវាបង្កការគំរាមកំហែងរយៈពេលយូរបន្តទៀត ដល់សន្តិសុខសម្រាប់បណ្តាប្រទេសទាំងអស់នៅក្នុងតំបន់»។
កងកម្លាំងរបស់អាមេនី និងអាស៊ែបៃហ្សង់ បានជាប់ទាក់ទិនក្នុងការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញបំផុត អស់រយៈពេលជាច្រើនឆ្នាំនៅតំបន់ការ៉ាបាក់ហ៍ ដែលជាខេត្តកុលសម្ព័ន្ធរបស់ប្រទេសអាមេនី ដែលបានបំបែកខ្លួនចេញពីប្រទេសអាស៊ែបៃហ្សង់ នៅទសវត្សរ៍ឆ្នាំ ១៩៩០ នៅអំឡុងពេលដែលអតីតសហភាពសូវៀតបានដួលរលំ។
ប្រទេសអាមេនី បានចោទប្រកាន់តួកគីជាសម្ព័ន្ធមិត្តរបស់អាស៊ែបៃហ្សង់ពីបទបញ្ជូន «កងកម្លាំងស៊ីឈ្នួល» ទៅកាន់តំបន់ការ៉ាបាក់ហ៍។
ប្រទេសរុស្ស៊ី មិនបាននិយាយអំពីតួកគីទេ ប៉ុន្តែអំពាវនាវឱ្យចាត់វិធានការប្រឆាំងនឹងក្រុមភេរវករ៕ AFP/SK