នៅ​ថ្ងៃ​ពុធ​ ទី ​១៤​ ខែ​តុលា​ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei ​Lavrov ​បាន​ប្តេជ្ញា​ថា ​ក្រុង​ម៉ូស្គូ​នឹង​ចាត់​វិធានការ​ឆ្លើយ​តប​ទៅ​វិញ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ លើ​ករណី​បំពុល​មេ​ដឹកនាំ​ប្រឆាំង​លោក ​Alexei ​Navalny។​

រដ្ឋមន្ត្រី​ការ​បរទេស​រុស្សី​រូប​នេះ​បាន​និយាយ​ថា​៖ ​«អាល្លឺម៉ង់​នឹង​មិន​ផ្តល់​ភ័ស្តុតាង​ណា​មួយ​ឡើយ​ បើ​ទោះបី​ជា​ពួក​គេ​មាន​កាតព្វកិច្ច​ធ្វើ​បែប​នោះ​តាម​ច្បាប់​អន្តរជាតិ​ក៏​ដោយ​។ ​យើង​នឹង​ឆ្លើយតប​ទៅ​វិញ​ក្នុង​ទម្រង់​ដូច​គ្នា​។​ ពិត​ណាស់​! វា​ជា​ការ​អនុវត្ត​ការ​ទូត​ ប៉ុន្តែ​នេះ​ក៏​ជា​ការ​ឆ្លើយ​តប​តាម​បែប​ការទូត​ដែរ​»។​

ការ​ប្រកាស​របស់​លោក Sergei​ Lavrovធ្វើ​ឡើង​ បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ថា​ សហភាព​អឺរ៉ុប​បាន​អនុម័ត​ទណ្ឌកម្ម​លើ​រុស្ស៊ី។ ​នេះ​គឺ​ជា​ទណ្ឌកម្ម​ដែល​ផ្តួច​ផ្តើម​ដំបូង ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​ និង​អាល្លឺម៉ង់​ ក្នុង​ការ​អនុវត្ត​ទៅ​លើ​មន្ត្រី​រុស្ស៊ី​ចំនួន ​៦ ​រូប​ និង​អង្គភាព​រដ្ឋាភិបាល​រុស្ស៊ី​មួយ​។​

ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​លើ​រុស្ស៊ី គឺ​នឹង​បង្កក​ទ្រព្យ​សម្បត្តិ​ និង​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​របស់​បុគ្គល​ ដែល​គេ​គិត​ថា​ជា​អ្នក​រៀបចំ​ផែន​ការ​បំពុល​លោក Navalny ដែល​រួម​មាន​ ប្រធាន​អង្គភាព​សន្តិសុខ​ និង​ចារកម្ម FSB (អតីត ​KGB​) ​លោក​ Aleksandr ​Bortnikov ​អនុប្រធាន​បុគ្គលិក​រដ្ឋបាល​ប្រធានាធិបតី ​លោកSergei Kiriyenko ប្រធាន​នាយកដ្ឋាន​គោល​នយោបាយ​ក្នុង​ស្រុក​លោក ​Andrei​ Yarin​ អភិបាល​តំបន់​ស៊ីប៊េរី​លោក Sergei Menyaylo ​ព្រម​ទាំង​អនុរដ្ឋមន្ត្រី​ការពារ​ជាតិ ​២ ​រូប​ គឺ​លោក Aleksei ​Krivo ruchko ​និង​លោក Pavel ​Popov​។​

ទណ្ឌកម្ម​នេះ​ក៏​នឹង​ត្រូវ​អនុវត្ត​ទៅ​លើ​វិទ្យាស្ថាន​ស្រាវជ្រាវ​គីមីវិទ្យា​សរីរាង្គ​ និង​បច្ចេកវិទ្យា​ ដែល​ត្រូវ​ប្រទេស​លោក​ខាង​លិច​ចោទ​ថា ​វិទ្យាស្ថាន​នេះ​ជា​អ្នក​រក​ឃើញ​ និង​ផលិត​អាវុធ​គីមី Novichok​ ដែល​អាល្លឺម៉ង់​ចោទ​ថា ​គឺ​ជា​សារធាតុ​បំពុល​លោក Navalny​។​

គួរ​រំឭក​ថា ​កាល​ពី​ថ្ងៃទី ​២០​ ខែ​សីហា​ លោក Navalny​ បាន​ដួល​សន្លប់​នៅ​ពេល​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​កាន់​ទីក្រុង​ម៉ូស្គូ​ បន្ទាប់​ពី​លោក​បាន​ចំណាយ​ពេល​ជា​ច្រើន​ថ្ងៃ​ជួប​ជាមួយ​អ្នក​គាំទ្រ​នៅ​ស៊ីប៊េរី​។​ លោក​ត្រូវ​បាន​គេ​ជម្លៀស​ទៅ​ក្រុង​ប៊ែរឡាំង​ ក្រោយ​ពី​គ្រូ​ពេទ្យ​នៅ​ស៊ីប៊េរី​ប្រកាស​ថា ​លោក​ត្រូវ​បាន​គេ​បំពុល​។​

ភ្លាមៗ​បន្ទាប់​ពី​លោក Navalny ​បាន​ទៅ​ដល់​ទីក្រុង​ប៊ែរឡាំង​ អ្នក​វិទ្យាសាស្ត្រ​យោធា​អាល្លឺម៉ង់​បាន​កំណត់​ថា​ លោក​ត្រូវ​បាន​បំពុល​ដោយសារ​ធាតុ​គីមី​ពុល​ថ្មី​ ប្រភេទ ​Novichok ​ដែល​អាច​ផលិត​បាន​តែ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​របស់​រដ្ឋាភិបាល​រុស្ស៊ី។​ ​ក្រោយ​មក​ការ​រក​ឃើញ​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​មន្ទីរ​ពិសោធន៍​នៅ​​បារាំង​ និង​​ស៊ុយអែត​។​

ជាមួយ​គ្នា​នេះ​ អង្គការ​ហាម​ឃាត់​អាវុធ​គីមី ​(OPCW)​ ដែល​ជា​អង្គការ​ឃ្លាំមើល​អាវុធ​គីមី​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ​ក៏​បាន​បញ្ជាក់​ថា ​លោក ​Navany ត្រូវ​បាន​បំពុល​ ដោយ​សារធាតុ ​Novichok ផង​ដែរ​។​

លោក ​Navalny​ ដែល​បាន​ភ្ញាក់​ដឹង​ខ្លួន​ពី​ការ​សន្លប់​កាល​ពី​ខែ​មុន​ បាន​ចោទ​ប្រកាន់​ប្រធានាធិបតី​រុស្ស៊ី Vladimir​ Putin​ ថា​ ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះ​។​ វិមាន​ក្រឹមឡាំង​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក ​Navalny ​ដោយ​លើក​ឡើង​ថា ​ការ​ចោទ​ប្រកាន់​នេះ ​គ្មាន​មូលដ្ឋាន​ និង​មិន​អាច​ទទួល​យក​បាន​។​

វិមាន​ក្រឹមឡាំង​បាន​លើក​អំណះអំណាង​តប​វិញ​ថា​ មុន​ពេល ​លោកNavalny​ ត្រូវ​ផ្ទេរ​ទៅ​កាន់​មន្ទីរ​ពេទ្យ​នៅ​ទី​ក្រុង​ប៊ែរឡាំង​ មន្ទីរ​ពិសោធន៍​របស់​រុស្ស៊ី​ និង​មន្ទីរពេទ្យ​នៅ​ស៊ីប៊េរី​មិន​បាន​ឃើញ​សញ្ញា​នៃ​ការ​បំពុល​ដោយ​អាវុធ​គីមី​នោះ​ទេ​។​ ទីក្រុង​ម៉ូស្គូ​ បាន​ទាមទារ​ឱ្យ​អាល្លឺម៉ង់​ និង​អង្គការ ​OPCW​ ផ្តល់​ភ័ស្តុតាង​បញ្ជាក់​លើ​រឿង​នេះ​។​

គួរ​កត់​សម្គាល់​ថា​ ករណី​បំពុល​លោក ​Navalny​ បាន​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​ និង​រុស្ស៊ី​កើន​ឡើង​ភាព​តានតឹង​ជា​ថ្មី​។ ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នា​ពេល​ថ្មីៗ​នេះ​ ប្រធាន​គណ:កម្មការ​អឺរ៉ុប​លោកស្រី Ursulavon ​der-Leyen បាន​ច្រាន​ចោល​លទ្ធភាព​នៃ​ការ​បង្កើត​ភាព​ជា​ដៃ​គូ​រវាង​អឺរ៉ុប​ និង​រុស្ស៊ី ​ដោយ​បាន​និយាយ​ថា​ សេណារីយោ​នេះ ​នឹង​កើត​ឡើង​ទៅ​បាន​លុះត្រា​តែ​វា​ជា​អ្វី​ដែល ​EU ចង់​បាន​។ ​ជា​ការ​ឆ្លើយ​តប​ លោក ​Lavrov​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​«យើង​ប្រហែល​ជា​ត្រូវ​បញ្ឈប់​ទំនាក់ទំនង​ជា​បណ្ដោះអាសន្ន​ជាមួយ​អ្នក​នៅ​លោក​ខាង​លិច ​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​គោល​នយោបាយ​ការ​បរទេស​ តែ​មិន​យល់​ពី​តម្រូវ​ការ​សម្រាប់​កិច្ច​ពិភាក្សា​ប្រកប​ដោយ​ការ​​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​»​៕​