ក្រុងម៉ូស្គូ៖​ ទីក្រុង​ម៉ូស្គូ​បាន​ប្រាប់​ស្ថានទូត​អាមេរិក​កុំ​ឲ្យ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ខ្លួន​ ក្រោយ​ពី​បេសកកម្ម​ការ​ទូត​របស់​ក្រុង​វ៉ាស៊ីនតោន​ បាន​លើក​ឡើង​ពី​កង្វល់​អំពី​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។​

លោកស្រី​អ្នក​នាំពាក្យ​ប្រចាំ​ស្ថានទូត​អាមេរិក​ កាល​ពី​ថ្ងៃ​អង្គារ​បាន​សម្តែង​កង្វល់​អំពី​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​កាសែត​នៅ​រុស្ស៊ី​។

លោកស្រី​បាន​ថ្លែង​នៅ​លើ​គេហទំព័រ​ធ្វីធ្វើ​ថា៖ ​«​ដោយ​បាន​តាម​ដាន​ការ​ចាប់​ខ្លួន ​​ចាប់​ខ្លួន​អ្នក​កាសែត​រុស្ស៊ី​ជា​ច្រើន​នាក់​មក ​វា​ហាក់​ដូច​ជា​ការ​រៀបចំ​យុទ្ធនាការ​ប្រឆាំង​នឹង​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​»។

ក្រសួង​ការបរទេស​រុស្ស៊ី​បាន​និយាយ​នៅ​លើ​គេហទំព័រ​ធ្វីធើរ​កាល​ថ្ងៃ​អង្គារ​ថា៖ «សូម​មេត្តា កុំជ្រៀត​ជ្រែក​​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​រុស្ស៊ី​​»។

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ ទីភ្នាក់ងារ​សន្តិសុខ​ FSB ​ជា​អ្នក​ស្នង​ពី​ទីភ្នាក់ងារ​សន្តិសុខ KGB សម័យ​សហភាព​សូវៀត ​បាន​ចាប់​ខ្លួន​​អតីត​អ្នក​កាសែត​គួរ​គោរព​ម្នាក់​ឈ្មោះ​ Ivan Safronov​ មាន​វ័យ ​៣០ ​ឆ្នាំ​ ជុំវិញ​ការ​សង្ស័យ​ពី​បទ​បង្ក​អស្ថិរភាព​នៅ​ក្នុង​ប្រទេស​​នេះ​។

ការ​ចាប់​ខ្លួន​លោក​បាន​បង្ក​ឲ្យ​ផ្ទុះ​កំហឹង​នៅ​ក្នុង​ចំណោម​ក្រុម​អ្នក​គាំទ្រ ​និង​អ្នក​កាសែត​ដែល​និយាយ​ថា ការ​ចាប់​ខ្លួន​លោក​ គឺ​ជា​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​តាម​​យក​ព័ត៌មាន​នៃ​វិស័យ​ការពារ​ជាតិ​របស់​រុស្ស៊ី។

សមាជិក​ម្នាក់​នៃ​ក្រុម​ការពារ​របស់​លោក Safronov​ គឺ​លោក​ Yevgeny Smirnov បាន​និយា​យ​ថា ​អតីត​អ្នក​កាសែត​រូប​នេះ ​​ធ្លាប់​បាន​ធ្វើ​ការ​ឲ្យ​កាសែត ​Kommersant និង ​Vedomosti​៕ AFP/PSA