
លោក Alexei Navalny តាមរយៈ Intragam នាពេលកន្លងទៅ។ AFP
កាលពីថ្ងៃចន្ទកន្លងទៅ តុលាការរុស្ស៊ីបានបញ្ជាឱ្យផ្អាកនូវរាល់សកម្មភាពរបស់ទីស្នាក់ការកណ្តាលរបស់មេដឹកនាំ ក្រុមប្រឆាំងលោក Alexei Navalny និងបណ្ដាការិយាល័យជិត ៤០ ទៀតប្រចាំតំបន់ និងកំពុងពិចារណាថា ត្រូវហាមឃាត់ក្រុមទាំងនេះរហូតឬយ៉ាងណា?
ក្រុមរដ្ឋអាជ្ញាបាននិយាយថា៖ «ស្ថាប័នរបស់លោក Navalny បណ្ដាលឱ្យមានការចូលរួមបង្ក អស្ថិរភាពសង្គម និងសង្គមនយោបាយនាពេលបច្ចុប្បន្ន»។ ប្រភពដដែលនេះបានចោទប្រកាន់បណ្តាញរបស់លោក Navalny ថា បានប៉ុនប៉ងផ្លាស់ប្តូរ «គ្រឹះនៃបទបញ្ជារដ្ឋធម្មនុញ្ញ» និងបានហៅសកម្មភាពនេះជាអ្វី ដែលសង្គមមិនចង់បាន។
ក្រុមរដ្ឋអាជ្ញារុស្ស៊ី បានស្នើឱ្យតុលាការហាមឃាត់ស្ថាប័នចំនួន ៣ ដែលពាក់ព័ន្ធនឹងលោក Navalny នៅក្នុងសវនាការសំខាន់មួយ។ នេះបើតាមការឱ្យដឹងពីមេធាវីរបស់ Navalny ដែលមានសិទ្ធិចូលមើលឯកសារអយ្យការទាក់ទិននឹងករណីខាងលើ។
ការផ្អាកសកម្មភាពនេះមានន័យថា រាល់បណ្តាញនយោបាយសំខាន់រប0ស់លោក Navalny បច្ចុប្បន្នវ័យ ៤៤ ឆ្នាំនៅក្នុងប្រទេសក៏ត្រូវបានរារាំងមិនឱ្យចូលរួមក្នុងដំណើរការមុនការបោះឆ្នោតសភានៅខែកញ្ញាផងដែរ។
ជាមួយគ្នានេះដែរ តុលាការក៏បានផ្អាកគណនី Youtube និង បណ្តាញ ផ្សព្វផ្សាយសង្គមផ្សេងទៀត ដែលទាក់ទងជាមួយលោក Navalny ដោយអះអាងថា គេហទំព័រទាំងនេះផ្សព្វផ្សាយមាតិកាជ្រុលនិយម ហើយក៏បានចេញសេចក្តីអំពាវនាវឱ្យមានការចូលរួម ដើម្បីបញ្ឈប់សកម្មភាពជ្រុលនិយម និងបញ្ហាទ្រង់ទ្រាយធំនានាផងដែរ។
យោងតាមក្រុមសិទិ្ធមនុស្ស ការហាមប្រាមនេះនឹងក្លាយជាវិធានមួយ ដែលមានប្រសិទ្ធភាពបំផុតក្នុងការបង្ក្រាបសេរីភាពនៃការបញ្ចេញមតិ និងបំផ្លាញចលនាប្រឆាំងចាប់តាំងពីការដួលរលំនៃសហភាពសូវៀតកាលពី ៣០ ឆ្នាំមុនមក។
តុលាការបានធ្វើការសម្រេចនៅថ្ងៃអង្គារ ថា តើត្រូវផ្អាកសកម្មភាពរបស់មូលនិធិប្រឆាំងអំពើពុករលួយ ដែលកំពុងរង់ចាំការសម្រេចរបស់តុលាការលើបម្រាមនេះ ក៏ដូចជា ទីស្នាក់ការកណ្តាលរបស់លោក Navalny និងការិយាល័យប្រចាំតំបន់ឬយ៉ាងណា?
គួរបញ្ជាក់ផងដែរថា មូលនិធិប្រឆាំងអំពើពុករលួយរបស់លោក Navalny ដែលរដ្ឋអាជ្ញាស្នើឱ្យហាមឃាត់នូវសកម្មភាពរបស់ខ្លួនធ្លាប់បានផ្សព្វផ្សាយរបាយការណ៍ស្តីពីអំពើពុករលួយរបស់មន្ត្រីការទូតកំពូលៗរបស់រុស្ស៊ី និងមន្ត្រីមកពីខាងប្រធានាធិបតីលោក Vladimir Putin ដែលរួមបញ្ចូលទាំងប្រវត្តិនៃសំណូកធំបំផុតរបស់ពិភពលោក មានអ្នកមើលនៅលើ Youtube ប្រមាណជាង ១១៦ លានដង។ ក្នុងនោះមានវីដេអូឯកសារប្រមាណជាង ១ ម៉ោងមានចំណងជើងថា “វាំងរបស់ពូទីន” (Putin’s Palace) ដែលបានចេញផ្សាយកាលពីខែមករាកន្លងទៅនេះ រៀបរាប់ពីក្រុមឈ្មួញប្រេង និងក្រុមពាក់ព័ន្ធនឹងពូទីនដែលនឹងការសាងសង់ភូមិគ្រឹះដ៏ស្កឹមស្កៃមួយដែលមានតម្លៃប្រមាណជាង ១៣៥ កោដិដុល្លារអាមេរិក។
ដោយឡែកសម្រាប់ការហាមឃាត់ទីស្នាក់កណ្ដាល និងបណ្តាញការិយាល័យជិត 40 ក្នុងតំបន់នៅរុស្ស៊ីមានន័យថា បុគ្គលិកការិយាល័យទាំងនោះអាចនឹងជាប់ពន្ធនាគារ ប្រសិនបើពួកគេបន្តធ្វើការ ហើយស្ថាប័នទី ៣ ដែលរដ្ឋអាជ្ញាស្នើឱ្យហាមឃាត់គឺ អង្គការការពារសិទ្ធិស៊ីវិល។
លោក Ivan Pavlov មេធាវីម្នាក់ក្នុងចំណោមស្ថាប័នរបស់លោក Navalny បានមានប្រសាសន៍ថា៖ «យើងមិនដែលជួបប្រទះករណីណា ចាត់ទុកការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាការគំរាមកំហែងដល់សន្តិសុខរបស់រដ្ឋឡើយ»។ លោកក៏បានបន្ថែមថា ករណីនេះអាចធ្វើឱ្យប៉ះពាល់ដល់ប្រជាជនរុស្ស៊ីទាំងអស់ ពីព្រោះវាប្រឆាំងនឹង «អ្វីដែលមនុស្សគ្រប់គ្នាគាំទ្រ និងបានផ្ដល់មូលនិធិ ដើម្បីគាំទ្រការឃ្លាំមើលការស៊ើបអង្កេតនេះទៀតផង»។
យ៉ាងណាមិញប៉ូលិសក៏បានចាប់ផ្តើមចេញសកម្មភាពជាបណ្ដើរៗ ហើយដោយធ្វើការចាប់ ខ្លួនបុគ្គលិក និងអ្នកគាំទ្រលោក Navalny ជាង ៧០ នាក់កាលពីចុងសប្តាហ៍កន្លងទៅ ក្រោយមានការតវ៉ាទូទាំងប្រទេសដែលទាមទារឱ្យដោះលែងលោក Navalny ផងដែរ។
នៅថ្ងៃចន្ទដដែលនោះ សម្ព័ន្ធរបស់លោក Navalny បាននិយាយថា ពួកគេនឹងបញ្ឈប់សកម្មភាពសាធារណៈរបស់ក្រុមខ្លួនសិន ដើម្បីការពារបុគ្គលិករបស់ខ្លួនពីការពិន័យ និងការចាប់ខ្លួន (ដែលអាចនឹងត្រូវទទួលទោសដាក់ពន្ធនាគាររហូតដល់ ៦ ឆ្នាំ)៕