ក្រុង​ម៉ូស្គូៈ ​កង​កម្លាំង​រុស្ស៊ី​កាល​ពី​ ថ្ងៃ​អាទិត្យ​បាន​ថ្លែង​ថា ​កង​កម្លាំង​ស៊ីរី​របស់​លោក​ប្រធានាធិបតី ​បាសារ- អាល់-​អាសាដ​ បាន​ឈប់​បាញ់​ជា ​«​​ឯកតោ​ភាគី​» ​ទៅ​លើ​ទីតាំង​ឈរ​ជើង​របស់​ក្រុម​ជីហាដ​នៅ​ទិស​ពាយព្យ​ ប៉ុន្តែ​ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា​ ការ​វាយ​ប្រហារ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​នៅ​តែ​​បន្ត​កើត​មាន​ឡើង​នៅ​ទីនោះ​។​

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ស៊ីរី​ បាន​ថ្លែង​ថា​ មាន​ការ​វាយ​ប្រហារ​តាម​ផ្លូវ អាកាស​ជា​ច្រើន​លើក​ដោយ​រុស្ស៊ី​សម្ព័ន្ធ​មិត្ត​របស់​របប​ស៊ីរី​ បាន​បន្ត​នៅ​ខេត្ត​​អ៊ីដលីប​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ក្រោយ​ពី​ការ​បាញ់​ប្រហារ​ហើយ​​គ្រាប់​រ៉ុក្កែត ​បាន​បាញ់​ដោយ​កង​កម្លាំង​របប​ស៊ីរី​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ពេល​ថ្ងៃ ​ដែល​បាន​បណ្តាល​ឲ្យ​​ជន​ស៊ីវិល​ចំនួន ៦ ​​នាក់​ស្លាប់​។​

កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​មួយ​នៅ​តំបន់​ទ្រនាប់​មាន​រយៈពេល​ប៉ុន្មាន​ខែ​មក​នេះ​ ត្រូវ​បាន​គេ​សង្ឃឹម​ថា​ នឹង​ការពារ​ខេត្ត​​អ៊ីដលីប ​ដែល​បាន​គ្រប់គ្រង​ដោយ​អតីត​អាល់កៃដា​នៅ​ស៊ីរី ​មិន​ឲ្យ​មាន​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​នោះ​ទេ​ ប៉ុន្តែ​របប​ស៊ីរី​ និង​រុស្ស៊ី​ បាន​ធ្វើ​ការ​ប្រយុទ្ធ​កាន់​តែ​ខ្លាំង​ឡើង ​ចាប់​តាំង​ពី​ចុង​ខែ​មេសា​មក​។​

មជ្ឈមណ្ឌល​យោធា​របស់​រុស្ស៊ី​សម្រាប់​ការ​ផ្សះផ្សា​នៅ​ស៊ីរី​កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​ថ្លែង​ថា​៖ «​ចាប់​តាំង​ពី​ម៉ោង​សូន្យ ​និងសូន្យ​នាទី​នៅ​ថ្ងៃ​ទី​ ១៨ ​ខែ ​ឧសភា ​កង​កម្លាំង​ស៊ីរី ​បាន​ឈប់​បាញ់​​ឯកតោ​ភាគី​ក្នុង​តំបន់​គ្មាន​ការ​ផ្ទុះ​អាវុធ​នៅ​ខេត្ត​អ៊ីដលីប​​»​។​

មជ្ឈមណ្ឌល​យោធា​របស់​រុស្ស៊ី​សម្រាប់​ការ​ផ្សះផ្សា​នៅ​ស៊ីរី ​បាន​បន្ថែម​ថា​៖ «​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​​ការ​ប្រយុទ្ធ​គ្នា​ទៅ​លើ​គោល​ដៅ​ទីតាំង​ឈរ​ជើង​របស់​កង​កម្លាំង​រដ្ឋាភិបាល​ និង​ក្រុម​ជន​ស៊ីវិល​ជា​ច្រើន​កន្លែង​នៅ​ខេត្ត​ហាម៉ា​ ឡាក់តាគារ ​និង​អាឡិបប៉ូ នៅ​តែ​បន្ត​កើត​ឡើង​ដដែល​»។​

ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ បាន​ថ្លែង​ថា​ ការ​វាយ​ប្រហារ​គ្រាប់​រ៉ុក្កែត​ដែល​​ បាន​បាញ់​ដោយ​កង​កម្លាំង​របប​ស៊ីរី បណ្តាល​ឲ្យ​ជន​ស៊ីវិល ​៦ ​នាក់​ស្លាប់​ នៅ​ក្នុង​តំបន់​ខុសៗ​គ្នា​នៃ​ទីតាំង​ឈរ​ជើង​របស់​ក្រុម​ជីហាដ​នោះ​។​

ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​ បាន​ថ្លែង​ថា ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ជា​ច្រើន​លើក​របស់​រុស្ស៊ី​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ បាន​បាញ់​ចំ​ទីក្រុង​ Kafranbel ​នៅ​ខេត្ត​អ៊ីដលីប​។​

ទីភ្នាក់ងារ​សារព័ត៌​មាន​សាណា​រដ្ឋ​ស៊ីរី​ បាន​និយាយ​ថា ​​រ៉ុក្កែត​ និង​កាំភ្លើង​ធំ ​ត្រូវ​បាន​បាញ់​ទៅ​លើ​ផ្នែក​នៃ​ខេត្ត​ហាម៉ា​ភាគ​ខាង​ជើង​៕​ AFP/SK