ប្រទេស​រវ៉ាន់ដា​ និង​រុស្ស៊ី ​បាន​បញ្ជូន​កងទ័ព​ និង​គ្រឿង​សម្ភារ​យោធា​ទៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ​ដើម្បី​ជួយ​ទប់ទល់​នឹង​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា ​បង្ក​ដោយ​ក្រុម​ឧទ្ទាម​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី ​និង​សភា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​។

កម្លាំង​សន្តិសុខ​ និង​កង​រក្សា​សន្តិភាព​សហរដ្ឋ​អាមេរិក​បាន​និង​កំពុង​ទប់ទល់​ជាមួយ​ក្រុម​ឧទ្ទាម​ ដែល​បាន​ចេញ​ពង្រាយ​ខ្លួន​ពាស​ពេញ​ទីប្រជុំជន ​និង​ផ្លូវ​នានា​នៅ​ខាង​ ក្រៅ​រដ្ឋធានី​នៃ​ប្រទេស​អាហ្វ្រិក​កណ្ដាល​នេះ។

កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​អាហ្វ្រិក​​កណ្ដាល​បាន​ចោទ​ប្រកាន់​អតីត​ប្រធានាធិបតី​បារាំង​ លោក​ Francois Bozize ​ពី​បទ​​​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ដ៏​មាន​ឥទ្ធិពល​ចំនួន​​ ​៣ ​ក្រុម បាន​រួប​រួម​​គ្នា ​និង​ចាប់​ផ្ដើម​​បង្កច​លាចល​​ទ្រង់ទ្រាយ​ធំ​សំដៅ​ទៅ​រដ្ឋធានី​ Bangui ​ប្រទេស​អាហ្វ្រិក​។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ ក្រុម​ប្រដាប់​អាវុធ​ដែល​ត្រៀម​បង្ក​ចលាចល​នៅ​ប្រទេស​អាហ្វ្រិក​កណ្ដាល ​បាន​សរសេរ​ថា ​«ពួក​យើង​សម្រេច​ចិត្ត​រួបរួម​គ្នា ​ដើម្បី​បង្កើត​ទៅ​ជា​អង្គភាព​តែ​មួយ​ដែល​គេ​ហៅ​ថា សម្ព័ន្ធ​នៃ​អ្នក​ស្នេហាជាតិ ​ដើម្បី​ការ​ផ្លាស់ប្តូរ​ឬ ​CPC»។ ​ក្រុម​នេះ​ក៏​បាន​អំពាវនាវ​ដល់​ក្រុម​ប្រដាប់​អាវុធ​ផ្សេង​ទៀត​ទាំង​អស់​ឱ្យ​ចូលរួម​ជាមួយ​គ្នា​ផង​ដែរ។

ក្រុម​ឧទ្ទាម​បាន​អំពាវនាវ​ឱ្យ​មាន​ការ​លុប​ចោល​ការ​បោះឆ្នោត​​នៅ​ថ្ងៃទី ​២៧ ខែធ្នូ​ នេះ​រហូត​ដល់​​ប្រទេស​មាន ​«សន្តិភាព​ ​និង​សន្តិសុខ» ​ឡើង​វិញ​។

ប្រធានាធិបតី​ប្រទេស​រវ៉ាន់ដា ​លោក ​Paul Kagame ​បាន​និយាយ​ថា៖ «ក្រុម​ប្រដាប់​អាវុធ​បាន​ព្យាយាម​ធ្វើ​ឱ្យ​រំខាន​ដល់​ការ​​បោះឆ្នោត​ហើយ​ប្រទេស​រវ៉ាន់ដា ក៏​បាន​ដឹង​ថា​ ពួក​គេ​មួយ​ចំនួន​ចង់​តម្រង់​គោលដៅ​ទៅ​រក​​កម្លាំង​របស់​យើង​នៅ​អាហ្វ្រិក​កណ្តាល​ពី​ព្រោះ​កង​កម្លាំង​របស់​យើង​នៅ​ទីនោះ​សុទ្ធ​តែ​មិន​ចង់​ឱ្យ​​​មាន​ការ​ប្រទូសរ៉ាយ​ធំ​ដុំ​ទេ​»។

យ៉ាងណា​មិញ​លោក Kagame ​ក៏​បាន​ព្រមាន​ថា​ កងទ័ព​រវ៉ាន់ដា​ថ្មី​ដែល​បញ្ជូន​ទៅ​នោះ​នឹង​មិន​រាថយ​តាម​វិធាន​របស់​អង្គការ​សហប្រជាជាតិ​ស្ដី​អំពី​ការ​ចុះ​ជួយ​ប្រទេស​ដែល​ជា​សមាជិក​ឡើយ។ លោក​បាន​បញ្ជាក់​ថា​ ប្រទេស​លោក​មាន​កងកម្លាំង​ច្រើន​បំផុត​នៅ​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​ អង្គការ​សហប្រជាជាតិ ​MINUSCA ដែល​មាន​កម្លាំង​រហូត​ទៅ​ដល់ ១១ ​៥០០ ​នាក់​ឯណោះ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​អាហ្វ្រិក​កណ្ដាល​លោក ​Ange Maxime Kazagui​ បាន​និយាយ​​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖​ «ប្រទេស​រុស្ស៊ី ​បាន​បញ្ជូន​ទាហាន​ជា​ច្រើន​នាក់ ​និង​អាវុធ​ធុនធ្ងន់​ជា​ច្រើន​គ្រឿង»។ នេះ​បើ​យោង​តាម​​សេចក្ដី​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​ទ្វេភាគី​នៃ​ប្រទេស​ទាំង ២។ ចំណែក​ឯ​ជនជាតិ​រវ៉ាន់ដា​ក៏​បាន​បញ្ជូន​ទ័ព​ជា​ច្រើន​រយ​នាក់ ​ដែល​បាន​តាំង​ទី​រួច​ហើយ​សម្រាប់​ត្រៀម​ប្រយុទ្ធ»។

ប្រទេស​រវ៉ាន់ដា​ បាន​បញ្ជាក់​ពី​ការ​ដាក់​ពង្រាយ​ទ័ព​នេះ​ថា ​ជា​វិធានការ​មួយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​រក្សា​សន្តិភាព​ស្រប​ទៅ​តាម​គោលការណ៍​របស់​អង្គការ​សហប្រជាជាតិ​ ដើម្បី​ទប់ទល់​នឹង​ក្រុម​ឧទ្ទាម​ ដែល​គាំទ្រ​ដោយ​លោក​ Bozize ​ ដែល​ធ្លាប់​គ្រប់គ្រង​ប្រទេស​អាហ្វ្រិក​កណ្ដាល ​តាំង​ពី​ឆ្នាំ​ ២០០៣ ​ដល់​ឆ្នាំ ​២០១៣។

បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ MINUSCA​ បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ស្ថានភាព​បច្ចុប្បន្ន​ស្ថិត​​ក្នុង​ភាព «ស្រពេច​ស្រពិល» ​នៅ​ឡើយ​ចំពោះ​តំបន់​នៅ​ជិត​ទី​ប្រជុំជន​យ៉ាលុន ក្រោយ​ពី​មាន​ការ​វាយ​ប្រហារ​ពី​ក្រុម​ប្រដាប់​អាវុធ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ។ ​ប្រភព​សន្តិសុខ ​និង​មនុស្ស​ធម៌​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ​ទីប្រជុំជន​ Mbaiki​ ដែល​មាន​ចម្ងាយ​ប្រហែល ​១០០​ គីឡូម៉ែត្រ​ពី​ទីក្រុង Bangui ​​ក៏​ស្ថិត​នៅ​ក្នុង​សភាព​ស្ងប់ស្ងាត់​ដូចគ្នា​បើទោះ​​ជា​​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នា​ពេលថ្មីៗ​នេះ​ ក៏​ដោយ។​

អ្នក​​នាំពាក្យ ​MINUSCA ​លោក ​Vladimir Monteiro ​បាន​និយាយ​ថា ​ពួក​គេ​បាន​ពង្រាយ​ទ័ព​ទៅ​គ្រប់​ទីតាំង​ហើយ​​ស្ថានភាព​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ល្អ។ ប៉ុន្តែ​ក្រុម​សន្តិសុខ និង​មនុស្សធម៌​បាន​និយាយ​ថា ​សមាជិក​ខ្លះ​នៃ​ក្រុម​ប្រដាប់​អាវុធ​នៅ​តែ​ឈរ​ជើង​ជុំវិញ​តំបន់ ​Bossembele​ ចម្ងាយ​ប្រហែល​ ១៥០​ គីឡូ​ម៉ែត្រ ​ពី​ទីក្រុង​ ​Bangui ​ដដែល​នៅ​ឡើយ។

ឆ្មាំ​សន្តិសុខ​ឯកជន​មួយ​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​រុស្ស៊ី​ផ្តល់​កម្លាំង​ការពារ​សុវត្ថិភាព​ដល់ លោក​ប្រធានាធិបតី​ Faustin​ Archange Touadera រួច​ជា​ស្រេច និង​បាន​ចូលរួម​ក្នុង​​ការ​បណ្តុះបណ្តាល​កងកម្លាំង​ប្រដាប់​អាវុធ​ក្នុង​ស្រុក​ឱ្យ​កាន់​តែ​​រឹងមាំ​ជាង​នេះ​ផង​ដែរ​។

សហរដ្ឋ​អាមេរិក​ បារាំង​និង រុស្ស៊ី​ ក៏​បាន​ចោទ​ប្រកាន់​លោក ​Bozize ​ថា កំពុង​ព្យាយាម​រំខាន​ដល់​ការ​បោះឆ្នោត​នៅ​អាហ្វ្រិក​​កណ្ដាល។

យ៉ាងណា​មិញ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​ភ្លាមៗ ​​​ពី​ទីក្រុង​ម៉ូស្គូ​ទេ​​ ​ទោះបី​ជា​វិមាន​ក្រឹមឡាំង​បាន​សម្តែង​នូវ​ «ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង» ចំពោះ​ព្រឹត្តិការណ៍​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​​កណ្ដាល ​នា​ពេល​បច្ចុប្បន្ន និង​ថ្ងៃ​មុខ​។

យ៉ាង​ណាក្ដី​ ​ក្រុម​ប្រទេស ​G5+ ​ដែល​មាន​ប្រទេស​បារាំង ​រុស្ស៊ី ​អាមេរិក ​សហភាព​អឺរ៉ុប ​និង​ធនាគារ​ពិភព​លោក ​ក៏​បាន​ជំរុញ​​ឱ្យ​ក្រុម​របស់​លោក ​Bozize ​និង​ក្រុម​ប្រដាប់​អាវុធ​សម្ព័ន្ធមិត្ត​ដាក់​អាវុធ​ចុះ ហើយ​បាន​អំពាវនាវ​​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី ​និង​សភា ​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​ដោយ​សន្តិវិធី​។

គួរ​បញ្ចាក់​ផង​ដែរ​ថា ​សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្ដាល​ចាប់​ផ្ដើម​​​មាន​ជម្លោះ​តាំង​ពី​ឆ្នាំ ​២០១៣ ​នៅ​​ពេល​ដែល​លោក ​Bozize ត្រូវ​បាន​ក្រុម​បះបោរ​ ដែល​ជា​ជនជាតិ​ភាគតិច​មូស្លីម​​អាហ្វ្រិក​ ​Seleka ធ្វើ​រដ្ឋ​ប្រហារ​ដក​លោក​ចេញ​ពី​តំណែង។ រដ្ឋ​ប្រហារ​នេះ ​បាន​បង្ក​ឱ្យ​មាន​ការ​បង្ហូរ​ឈាម​យ៉ាង​សម្បើម​រវាង​ក្រុម ​Seleka ​និង​ក្រុម «កង​កម្លាំង​ការពារ​ខ្លួន​ប្រឆាំង​បាឡាកា»៕