ក្រុងបាកដាដៈ រ៉ុក្កែត Katyusha ១ គ្រាប់ដែលត្រូវបានបាញ់កាលពីថ្ងៃអាទិត្យ បានចូលទៅក្នុងតំបន់បៃតង (Green Zone ) នៅក្រុងបាកដាដ ដែលមានការិយាល័យរដ្ឋាភិបាល និងស្ថានទូតជាច្រើន ក្នុងនោះក៏មានស្ថានបេសកកម្មរបស់អាមេរិកផងដែរ រយៈពេលប៉ុន្មានថ្ងៃក្រោយពីអាមេរិកបានជម្លៀសបុគ្គលិកចេញពីអ៊ីរ៉ាក់ ដែលបានលើកឡើងអំពីការគំរាមកំហែងពីសំណាក់អ៊ីរ៉ង់នោះ។
បុគ្គលិកសន្តិសុខអ៊ីរ៉ាក់ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍សង្ខេបមួយ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេថា៖ «រ៉ុក្កែត Katyusha ១ គ្រាប់ បានធ្លាក់ចូលទៅកាន់តំបន់ Green Zone តែមិនបានបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួសនោះទេ»។
ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់បានកើនឡើងខ្លាំង ចាប់តាំងពីក្រុងវ៉ាស៊ីនតោន បានដកខ្លួនកាលពីឆ្នាំមុនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ រវាងក្រុងតេអេរ៉ង់ និងបណ្តាប្រទេសមហាអំណាចពិភពលោកធំៗ ហើយប្រទេសទាំង ២ បានធ្វើឲ្យកើនកម្តៅកាន់តែខ្លាំង នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍មុននេះ។
ទោះបីជាមានការមិនជឿជាអន្តរជាតិថា រដ្ឋាភិបាលអាមេរិក បានលើកឡើងអំពីការគំរាមកំហែង ដែលរងការ ចោទប្រកាន់ពីអ៊ីរ៉ង់ ជាសត្រូវដ៏យូរអង្វែងរបស់ក្រុងវ៉ាស៊ីនតោន និងក្រុមសម្ព័ន្ធមិត្តប្រចាំតំបន់របស់ខ្លួនក្តី នៅក្នុងនោះមានអ៊ីស្រាអែល និងប្រទេស អារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែជាអ្នកសម្របសម្រួលដ៏មានឥទ្ធិពលនៅក្នុងប្រទេស អ៊ីរ៉ាក់។
កាលពីដើមខែនេះ រដ្ឋការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជូននាវាផ្ទុកយន្តហោះ និងយន្តហោះទម្លាក់គ្រាប់បែក B-52 ជាច្រើនគ្រឿងទៅកាន់តំបន់នោះ និងនាវាវាយប្រហារទាំងនៅក្នុងទឹកនិងលើគោក និងមីស៊ីលបញ្ជា Patriot មួយចំនួនទៀតផងដែរ។
កាលពីថ្ងៃពុធ ក្រុងវ៉ាស៊ីនតោន បានបញ្ជាឲ្យធ្វើការជម្លៀសបុគ្គលិកចេញពីស្ថានទូតអាមេរិក នៅក្នុងស្ថានទូតក្រុងបាកដាដ និងស្ថានកុងស៊ុលនៅក្រុងអាប៊ីលនៅប្រទេស អ៊ីរ៉ាក់ភាគខាងជើង ដោយលើកឡើងអំពីការគំរាមកំហែង «ដែលនឹងកើតមានឡើង» ចេញពីកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់គាំទ្រដោយអ៊ីរ៉ង់។
ភ្លាមៗនោះ ក្រុងវ៉ាស៊ីនតោន មិនទាន់ដឹងច្បាស់ថា តើនរណានៅពីក្រោយការវាយប្រហារកាលពីថ្ងៃអាទិត្យនោះទេ៕ AFP/SK