​ក្រុម​ហ៊ុន​នុយ​ក្លេអ៊ែរ​ជាតិ​របស់​ចិន​បាន​ឱ្យ​ដឹង​ថា ​អង្គភាព​ថាម​ពល​នុយ​ក្លេអ៊ែរ​ដំបូង​របស់​ខ្លួន​គឺ​ Hualong​ One ​ដែល​ជា​រ៉េអាក់​ទ័រ​នុយ​ក្លេ​អ៊ែរ​ជំនាន់​ទី​៣​ បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​ពាណិជ្ជ​កម្ម​កាល​ពី​ថ្ងៃ​សៅរ៍ ​កន្លង​ទៅ​។​

​រ៉េអាក់​ទ័រ​នេះ ​មាន​ទីតាំង​នៅ​ទី​ក្រុង ​Fuqing​ ក្នុង​ខេត្ត ​Fujian​ ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ចិន​ ត្រូវ​បាន​រចនា​ឡើង​ឱ្យ​មាន​អាយុ​កាល​រហូត​ទៅ​ដល់ ​៦០ ​ឆ្នាំ​។​ យោង​តាម​ទូរទស្សន៍​សាជីវ​កម្ម​នុយ​ក្លេអ៊ែរ​ជាតិ​ចិន​ CNNC​ អង្គ​ភាព​នី​មួយៗ​នៃ​Hualong ​One​មាន​សមត្ថ​ភាព​ផលិត​ដល់​ទៅ ​១,១៦១​ លាន​គីឡូវ៉ាត់​ ហើយ​អាច​បំពេញ​តម្រូវ​ការ​ថាម​ពល​អគ្គី​សនី​ក្នុង​ស្រុក​ប្រចាំ​ឆ្នាំ​របស់​ប្រជា​ជន​ ១​ លាន​នាក់​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​។​

​លោក​ Yu ​Jianfeng​ ប្រធាន ​CNNC បាន​និយាយ​ថា​៖ «​នៅ​ពេល​ដាក់ ​Hualong ​One ​ដំណើរ​ការ​ហើយ​ ប្រទេស​ចិន​ នឹង​ស្ថិត​នៅ​ជួរ​មុខ​គេ​នៃ​បច្ចេក​វិទ្យា​នុយ​ក្លេអ៊ែរ​ជំនាន់​ទី​៣​ នៅ​លើ​ពិភព​លោក​រួម​ជា​មួយ​បណ្តា​ប្រទេស​ដូច​ជា​សហ​រដ្ឋ​អាមេរិក​បារាំង​និង​រុស្ស៊ី​»​។​

​លោក​បាន​បន្ថែម​ថា ​Hualong ​One​ នឹង​ជួយ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​និង​ជួយ​ឱ្យ​សម្រេច​បាន​នូវ​គោល​ដៅ​កាត់​បន្ថយ​ឧស្ម័ន​ពុល​របស់​ប្រទេស​ចិន​ ឱ្យស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​មុន​ឆ្នាំ ​២០៦០ ​។

ដោយ​ឡែក​ ការ​ស្ថាបនា​ Hualong ​One​ ទី​២​ ក៏​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​នេះ​ផង​ដែរ​៕