លទ្ធផល​​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ៣ ​ខែ​វិច្ឆិកា ​អាច​នឹង​ត្រូវ​បាន​ពន្យារពេល ​ខណៈ​លោក ​Donald Trump បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​រដ្ឋ​សំខាន់ៗ ​៣។

ការ​រាប់​សន្លឹក​ឆ្នោត ​និង​ការ​ប្រកាស​លទ្ធផល​បឋម​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ ​ក្រោយ​ពី​មណ្ឌល​បោះឆ្នោត​ទូទាំង​ប្រទេស​បាន​បិទ​ ហើយ​បេក្ខជន​មក​ពី​បក្ស​ប្រជាធិបតេយ្យ​លោក Joe Biden បាន​នាំមុខ​ចំនួន​អង្គ​បោះឆ្នោត​ ដោយ​លោក​បាន​ទទួល​ជ័យជម្នះ នៅ​រដ្ឋ​ខៀវ​ចំនួន ​១៩​ ដូចជា ​New York, New Jersey, New Hampshire, New Mexico, Massachusetts, Rhode Island, Vermont, Connecticut, Delaware, Maryland, Maine, Virginia, Illinois, Colorado, Hawaii, California, Oregon, Washington State, និង​រដ្ឋធានី​ Washington D.C. ហើយ​ក៏​បាន​ឈ្នះ​រដ្ឋ​នៅ​កណ្ដាល (Swing States)​ចំនួន ​៤​ Arizona, Wisconsin, Michigan និង Minnesota។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump ​បាន​កាត់​បន្ថយ​គម្លាត​ជាមួយ​នឹង​លោក ​Biden ដោយ​លោក​បាន​ឈ្នះ រដ្ឋ Swing State សំខាន់ៗ​ចំនួន ៤ ​ដែល​រួម​មាន ​Ohio, Texas, Iowa, និង Florida ​ហើយ​ក៏​បាន​ឈ្នះ​រដ្ឋ​ក្រហម​ចំនួន​ ១៩ ​ដូចជា ​Idaho, Utah, Montana, Wyoming, North Dakota, South Dakota, Nebraska, Kansas, Oklahoma, Missouri, Arkansas, Louisiana, Indiana, Kentucky, Tenseness, Mississippi, Alabama, West Virginia, និង South Carolina។

បើ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង ​១១:៣០​ ព្រឹក​ម៉ោង​នៅ​ប្រទេស​កម្ពុជា​ លោក Biden ​ត្រូវ​បាន​សារព័ត៌មាន ​AP ​និង ​Fox News សន្និដ្ឋាន​ថា​ ទទួល​បាន​អង្គ​បោះ​ឆ្នោត​ចំនួន ២៦៨ ក្នុង Electoral College​ ធៀប​នឹង​អង្គ​បោះឆ្នោត ​២១៤ ​ដែល​លោក ​Trump ​បាន​ទទួល។ ​បេក្ខជន​ត្រូវ​ការ​អង្គ​បោះឆ្នោត ​២៧០​ ក្នុង​ Electoral College ដើម្បី​ទទួល​បាន​ជ័យជម្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​។ រដ្ឋ Nevada, Pennsylvania, North Carolina, Georgia ​គឺ​នៅ​មិន​ទាន់​អាច​ធ្វើ​ការ​សន្និដ្ឋាន​ថា បេក្ខជន​ណា​មួយ​ទទួល​ជ័យជម្នះ​ដោយសារ​លទ្ធផល​បឋម​មាន​គម្លាត​សំឡេង​​ជិត​គ្នា​ខ្លាំង។

បន្ថែម​ពី​លើ​នេះ​រដ្ឋ Pennsylvania ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​រាប់​សន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រអប់​សំបុត្រ​ ដោយសារ​ការ​កើន​ឡើង​នៃ​ការ​បោះឆ្នោត​តាម​ប្រអប់​សំបុត្រ​ដោយសារ​ការ​រាលដាល​នៃ​ជំងឺ COVID-19 ​និង​ដោយសារ​រដ្ឋ​នេះ​មាន​ច្បាប់​ហាម​ឃាត់​ការ​រាប់​សន្លឹក​ឆ្នោត​មុន​ថ្ងៃ​បោះ​ឆ្នោត ​៣​ វិច្ឆិកា ​ដែល​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​សភា​គ្រប់គ្រង​ដោយ​បក្ស​សាធារណរដ្ឋ។ ​

ម្យ៉ាង​វិញ​ទៀត​ បុគ្គលិក​រាប់​សន្លឹក​ឆ្នោត​នៅ​រដ្ឋ​ទាំង​នេះ​បាន​សម្រាក​នៅ​ល្ងាច​ថ្ងៃ​ទី ៣ ​ហើយ​នឹង​បន្ត​រាប់​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​។ ​នៅ​ស្រុក ​Fulton ​រដ្ឋ ​Georgia ការ​រាប់​សន្លឹក​ឆ្នោត​ត្រូវ​បាន​ផ្អាក​មួយរយៈ​សិន​ដោយសារ​ការ​បែក​បំពង់​ទឹក​នៅ​កន្លែង​រាប់​សន្លឹក​ឆ្នោត ​តែ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​បាន​និយាយ​ថា ​មិន​មាន​សន្លឹក​ឆ្នោត​ណា​មួយ​ខូចខាត​ដោយសារ​ការ​លិច​ទឹក​នេះ​ទេ។

នៅ​រដ្ឋ​ Pennsylvania ​គណ​បក្ស​សាធារណរដ្ឋ​បាន​ដាក់​ពាក្យ​បណ្ដឹង​ឱ្យ​ចាត់​ទុក​សន្លឹក​ឆ្នោត​ចំនួន ១ ២០០ ជា​មោឃៈ​ដោយ​បាន​​អះអាង​ថា​ អ្នក​សង្កេត​ការណ៍​​របស់​​ពួក​គេ​នៅ​កន្លែង​រាប់​សន្លឹក​ឆ្នោត​បាន​រក​ឃើញ​ថា​សន្លឹក​ឆ្នោត​​​ទាំង​នេះ​ មាន​បញ្ហា​បច្ចេកទេស​ហើយ​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ឱ្យ​ឱកាស​ប្រជាជន​កែ​ប្រែ​កំហុស​ទាំង​នោះ ​ដែល​ជា​ធម្មតា​មិន​​​ត្រូវ​មាន​ការ​កែប្រែ​កំហុស​ទេ។

ផ្សេង​ពី​នេះ ​ក្រុម​រៀប​យុទ្ធនាការ​បោះឆ្នោត​លោក Trump ​បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​រដ្ឋ Georgia, Michigan, ​និង​ Pennsylvania ដែល​ពួក​គេ​អះអាង​ថា​ មាន​ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រអប់​សំបុត្រ​ ហើយ​ទាមទារ​ឱ្យ​បន្ថែម​អ្នក​សង្កេត​ការណ៍​​ពួក​គេ​ចូល​ពិនិត្យ​កន្លែង​រាប់​សន្លឹក​ឆ្នោត​នៅ​រដ្ឋ​ទាំង​នេះ។​

ក្រុម​លោក ​Trump ក៏​បាន​ស្នើ​ឱ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ទូទាំង​រដ្ឋ Wisconsin ដោយ​បាន​អះអាង​ថា ​ពួក​គេ​សង្កេត​ឃើញ​មាន​ភាព​មិន​ប្រក្រតី​​នៅ​ក្នុង​រដ្ឋ​នេះ​។ រដ្ឋ​ Michigan និង​ Wisconsin ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ លោក ​Biden បាន​ឈ្នះ។ ​អ្នក​វិភាគ​មួយ​ចំនួន​បាន​យល់​ឃើញ​ថា ​សកម្មភាព​ទាំង​នេះ​​គឺ​ការ​ព្យាយាម​របស់​ក្រុម​លោក ​Trump ដើម្បី​ធ្វើ​ឱ្យ​កកស្ទះ​ការ​រាប់​សន្លឹក​ឆ្នោត​ទាំង​នេះ ហើយ​ក៏​ជា​សកម្មភាព​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​លើ​ភាព​ត្រឹមត្រូវ​នៃ​ការ​បោះឆ្នោត​ឆ្នាំ​នេះ​។

ការ​កក​ស្ទះ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត ​និង​ការ​សង្ស័យ​លើ​ភាព​ត្រឹមត្រូវ​នៃ​ការ​បោះឆ្នោត​អាច​នឹង​ធ្វើ​ឱ្យ​គ្មាន​បេក្ខជន​ណា​មួយ​ទទួល​បាន​អង្គ​បោះឆ្នោត ​២៧០ ​គ្រប់គ្រាន់ ​ទាន់​ពេល​ការ​ជួប​ប្រជុំ Electoral College។ បើ​សិន​គ្មាន​អ្នក​ទទួល​ជ័យជម្នះ ​សភា​តំណាង​រាស្ត្រ​នឹង​ធ្វើ​ជា​អ្នក​តែងតាំង​ប្រធានាធិបតី​ ហើយ​ព្រឹទ្ធសភា​ជា​អ្នក​តែង​តាំង​អនុ​ប្រធានាធិបតី។

តែ​ការ​តែងតាំង​ប្រធានាធិបតី​នៅ​សភា​តំណាងរាស្ត្រ ​គឺ​ប្រព្រឹត្ត​ទៅ​ដោយ​បែង​ចែក​សមាជិក​​ជា​ក្រុម​ទៅ​តាម​រដ្ឋ​ដែល​ពួក​គេ​តំណាង​ហើយ​ក្រុម​នីមួយៗ​ មាន​សំឡេង​បោះឆ្នោត​តែ​មួយ​គត់​ដែល​សរុប​មាន​តែ ​៥០ ​សំឡេង​ប៉ុណ្ណោះ។

សម្រាប់​អាណត្តិ​បច្ចុប្បន្ន​បក្ស​ប្រជាធិបតេយ្យ​មាន​សំឡេង​ភាគ​ច្រើន ​២៣២ ធៀប​នឹង​សំឡេង ​១៩៨​ របស់​បក្ស​សាធារណ​រដ្ឋ​ក្នុង​សភា​តំណាងរាស្ត្រ ​តែ​បើ​សិន​បែងចែក​សមាជិក​ទៅ​តាម​រដ្ឋ​ដែល​ពួក​គេ​តំណាង ​បក្ស​សាធារណរដ្ឋ​មាន​ក្រុម​ចំនួន ២៦ ហើយ ​បក្ស​ប្រជាធិបតេយ្យ​មាន​ ២៤ ក្រុម។ ​ដូច្នេះ​មាន​លោក Trump ​អាច​ត្រូវ​សភា​តំណាង​រាស្ត្រ​បោះឆ្នោត​ឱ្យ​បន្ត​តំណែង​ជា​ប្រធានាធិបតី បើ​សិន​គ្មាន​បេក្ខជន​ណា​ទទួល​បាន​អង្គ​បោះឆ្នោត​គ្រប់ ​២៧០។

ស្រប​ពេល​ជាមួយ​នឹង​ការ​បោះឆ្នោត​ប្រធានាធិបតី​ការ​បោះឆ្នោត​សមាជិក​សភា​តំណាង​រាស្ត្រ​ទាំង ៤៣៥ ​អាសនៈ ​និង​ព្រឹទ្ធសភា​ចំនួន ​៣៥ ​អាសនៈ ​ក៏​បាន​ប្រព្រឹត្ត​ទៅ​លើ​សន្លឹក​ឆ្នោត​តែមួយ។ គិត​ត្រឹម​ពេល​វេលា​ដូច​ខាង​លើ ​បក្ស​ប្រជាធិបតេយ្យ​បាន​ទទួល ​២០៤ ​អាសនៈ ​ក្នុង​សភា​តំណាង​រាស្ត្រ ​ហើយ​បក្ស​សា​ធារណ​រដ្ឋ​ទទួល​បាន ​១៩០ ​អាសនៈ​ នៅ​សល់ ៤១ អាសនៈ​ទៀត​ដែល​មិន​ទាន់​មាន​ការ​សន្និដ្ឋាន​ឈ្នះ ឬ​ចាញ់។​ ដើម្បី​ឈ្នះ​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​តំណាង​រាស្ត្រ​ គណបក្ស​ត្រូវ​ការ​អាសនៈ​ចំនួន​ ២១៨។

រី​ឯ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​វិញ​បក្ស​ប្រជាធិបតេយ្យ​បាន​ឈ្នះ ១៣ ​អាសនៈ ​និង​បក្ស​សាធារណ​រដ្ឋ​ឈ្នះ ​១៨ ​អាសនៈ ​នៅ​សល់ ​៤ ​អាសនៈ​ទៀត ​ដែល​មិន​ទាន់​មាន​ការ​សន្និដ្ឋាន​ឈ្នះ ​ឬ​ចាញ់។ លទ្ធផល​បឋម​នេះ​បាន​ធ្វើ​ឱ្យ​សំឡេង​ក្នុង​ព្រឹទ្ធ​សភា​ស្មើ​គ្នា​ ៤៨-៤៨។ គណបក្ស​មួយ​ត្រូវ​ការ​អាសនៈ​ចំនួន​ ៥១​ ដើម្បី​ឈ្នះ​សំឡេង​ភាគ​ច្រើន​ក្នុង​ព្រឹទ្ធសភា។

យ៉ាង​ណា​មិញ​លទ្ធផល​ខាង​លើនេះ​គឺ​គ្រាន់​តែ​ជា​លទ្ធផល​បឋម​ប៉ុណ្ណោះ ​យើង​ត្រូវ​តែ​រង់ចាំ​មើល​ជាក់​ស្ដែង​ក្រោយ​ពី​ការ​រាប់​សន្លឹក​ឆ្នោត​បាន​ចប់​ជា​ស្ថាពរ។ ​បើ​សិន​គ្មាន​ការ​ប្រឆាំង ហើយ​ការ​ប្ដឹង​ផ្ដល់​ត្រូ​វ​បាន​ដោះស្រាយ​រួច​ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ នឹង​ត្រូវ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ក្រោយ​ពី​ការ​ជួប​ប្រជុំ​នៃ​អង្គ​បោះឆ្នោត​នៃ ​Electoral College ​នៅ​ថ្ងៃទី ១៤​ ខែ​ធ្នូ និង​ក្រោយ​ពី​ការ​ទទួល​ស្គាល់​ដោយ​សម័យ​ប្រជុំ​រួម​នៃ​សភា​តំណាង​ និង​ព្រឹទ្ធសភា​អាណត្តិ​ថ្មី​នៅ​ដើម​ខែ​មករា ​ឆ្នាំ ២០២១​៕