ក្រុង​យ៉ាំង​ហ្គោន៖ ​ការ​រាប់​សន្លឹក​ឆ្នោត​បាន​បន្ត​រហូត​ដល់​ពេល​យប់​ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ក្រោយ​ពី​ការ​បោះ​ឆ្នោត​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​វិល​ត្រឡប់​មក​កាន់​អំណាច​រដ្ឋាភិបាល​វិញ​ របស់​លោកស្រី អ៊ុងសាន​ ស៊ូជី ​ដែល​នៅ​តែ​ជា​វីរ​នារី​ម្នាក់​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ ទោះបី​ជា​កេរ្តិ៍​ឈ្មោះ​របស់​លោកស្រី​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​បំផ្លាញ​ដោយសារ​វិបត្តិ​រ៉ូហ៊ីងយ៉ា​ក្តី​។​

ក្រុម​អ្នក​គាំទ្រ​រាប់​​រយ​នាក់​ បាន​ស្រែក​អបអរ​សាទរ​ដោយ​មិន​អើពើ​ទៅ​នឹង​ការ​ព្រមាន​អំពី​ការ​ឆ្លង​វី​រុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​ ដ៏​ចម្លែក​មួយ​នេះ​ទេ​ ហើយ​បាន​ប្រមូល​ផ្តុំ​គ្នា​ នៅ​ក្នុង​ការ​អបអរ​សាទរ​មុន​ការ​កំណត់​នៃ​ការ​ប្រកាស​លទ្ធផល​ឆ្នោត​ដោយ​មាន​អ្នក​​ខ្លះ​បាន​រាំ​ ច្រៀង​ និង​ការ​គ្រវី​ទង់​ជាតិ​នៅ​ខាង​ក្រៅ​ទីស្នាក់ការ​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ ដើម្បី​ប្រជាធិបតេយ្យ ​(NLD) ​របស់​លោកស្រី ​អ៊ុងសាន ​ស៊ូជី ​នៅ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន​ប្រទេស​មីយ៉ាន់ម៉ា​។​

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​លទ្ធផល​សរុប​ទាំង​អស់​នោះ​ នឹង​មិន​ត្រូវ​បាន​ធ្វើ​ឱ្យ​ចប់​សព្វ​គ្រប់​ នៅ​ក្នុង​រយៈពេល ​២-៣ ​ថ្ងៃ​ខាង​មុខ​នោះ​ទេ​។​

ការ​បោះ​ឆ្នោត​នោះ ​គឺ​គ្រាន់​តែ​ជា​ការ​បោះ​ឆ្នោត​លើក​ទី ​២ ​ប៉ុណ្ណោះ​ ចាប់​តាំង​ពី​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​រួច​ផុត​ជិត​ពាក់​កណ្តាល​ទសវត្សរ៍​ពី​ការ​គ្រប់គ្រង​របស់​របប​យោធា​នៅ​ឆ្នាំ ​២០១១​។​

៥ ​ឆ្នាំ​កន្លង​ទៅ​នេះ​​ គណបក្ស​សម្ព័ន្ធ​ជាតិ​ ដើម្បី​ប្រជាធិបតេយ្យ ​NLD ​បាន​ឈ្នះ​ឆ្នោត​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​ ប៉ុន្តែ​ត្រូវ​បាន​អនុវត្ត​ដោយ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ​ចែង​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​បែង​ចែក​អំណាច ​មិន​ងាយ​ស្រួល​មួយ​ ជាមួយ​យោធា​ដ៏​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​មួយ​នេះ​។​

បច្ចុប្បន្ន​ មេ​ដឹកនាំ​ស៊ីវិល​រូប​នេះ​​ បាន​ស្ថិត​នៅ​ក្នុង​កិច្ច​ការ​ប្រឹងប្រែង​មួយ​ ដើម្បី​រក្សា​សំឡេង​ភាគ​ច្រើន​បំផុត​នៅ​ក្នុង​សភា ​ដែល​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មីយ៉ាន់ម៉ា​ទាំង​អស់​ត្រូវ​ពុះពារ​ការ​ភ័យ​ខ្លាច​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​របស់​ពួក​គេ​ឱ្យ​ខាង​តែ​បាន​ ដើម្បី​ចេញ​មក​បោះ​ឆ្នោត​ទាំង​អស់​គ្នា​។​

មនុស្ស​ជា​ច្រើន​លាន​នាក់​ បាន​តម្រង់​ជួរ​គ្នា​នៅ​ខាង​ក្រៅ​មណ្ឌល​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា ​នៅ​មុន​ព្រះអាទិត្យ​រះ​ ខណៈ​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត​ បាន​នាំ​គ្នា​ឈរ​រង់ចាំ​អស់​ជា​ច្រើន​ម៉ោង​ នៅ​តាម​វត្ត​អារាម​ មជ្ឈមណ្ឌល​លក់​ទំនិញ​ផ្សេងៗ​ និង​ការិយាល័យ​បោះ​ឆ្នោត​ជាច្រើន​ទៀត ​នៅ​ទូទាំង​ប្រទេស​។​

នៅ​ក្នុង​ទីក្រុង​ម៉ាន់ដាឡាយ​ ដែល​ជា​ទីក្រុង​ធំ​បំផុត​ទី​២ ​របស់​ប្រទេស​មីយ៉ាន់ម៉ា ​និង​ជា​តំបន់​ក្តៅ​មួយ​នៃ​ការ​ឆ្លង​រាល​ដាល​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ផង​ដែរ​ ហ្វូង​មនុស្ស​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​មណ្ឌល​បោះ​ឆ្នោត​មួយ​កន្លែង​ នៅ​ខាង​ក្រៅ​ព្រះបរម​រាជវាំង​បុរាណ​នៅ​ទីក្រុង​យ៉ាំងហ្គោន​។​

ក្រុម​អ្នក​បោះ​ឆ្នោត​នៅ​ទូទាំង​ប្រទេស​បាន​នាំ​គ្នា​ពាក់​ម៉ាស់​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​ ប៉ុន្តែ​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​ជា​ច្រើន​ ត្រូវ​បាន​គេ​មើល​ឃើញ​ហ្វូង​មនុស្ស​ យ៉ាង​ណែនណាន់​តាន់តាប់​នាំ​គ្នា​ទៅ​បោះឆ្នោត​ទាំង​ហ្វូងៗ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​។

ករណី​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ​ដោយ​នាំ​ឱ្យ​​បិទ​ប្រទេស​ហើយ​ធ្វើ​យុទ្ធនាការ​ឃោសនា​​រក​សំឡេង​ឆ្នោត​តាម​អនឡាញ​៕ AFP/SK