ក្រុងសេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអាទិត្យថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទៅទស្សនកិច្ចនៅកន្លែងផ្នូរបញ្ចុះសពមួយ នៅក្នុងទីក្រុងព្យុងយ៉ាង ដើម្បីរំឭកខួបកំណើតឪពុករបស់លោកនៅក្នុងដំណើរទស្សនកិច្ចរបស់លោកលើកដំបូង ដែលបានរាយការណ៍ជាសាធារណៈនៅក្នុងរយៈពេល ២២ ថ្ងៃ។
ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការបានរាយការណ៍ថា លោក គីម ជុងអ៊ុន បានទៅគោរពវិញ្ញាណក្ខន្ធនៅវិមានគុមស៊ូសាន ជាទីដែលកន្លែងបញ្ចុះសពឪពុក និងអតីតមេដឹកនាំរបស់លោក គឺលោក គីម ជុងអ៊ីល និងជីតារបស់លោក និងស្ថាបនិកកូរ៉េខាងជើងលោក គីម អ៊ីលស៊ុង ត្រូវបានតម្កល់ទុកនៅទីនោះ។
ទីភ្នាក់ងារព័ត៌មាន KCNA បាននិយាយថា លោក គីម ជុងអ៊ុន «បានទៅទស្សនកិច្ចនៅវិមានគុមស៊ូសាន នៅក្នុងឱកាសថ្ងៃបុណ្យឈប់សម្រាក Day of-the Shining Star ជាថ្ងៃបុណ្យជាតិឈប់សម្រាកដ៏អស្ចារ្យបំផុត» ដោយនិយាយសំដៅទៅលើថ្ងៃខួបកំណើតរបស់មេដឹកនាំចុងក្រោយផ្លូវការរបស់ខ្លួន នៅក្នុងប្រទេសកុម្មុយនីស្តនេះ។
ការប្រារព្ធខួបកំណើតលើកទី ៧៨ របស់មេដឹកនាំរូបនោះ។
ទោះបីយ៉ាងណា ទីភ្នាក់ងារព័ត៌មាន KCNA មិនបាននិយាយ ថាតើដំណើរទស្សនកិច្ចនោះ បានធ្វើឡើងនៅពេលណានោះទេ ប៉ុន្តែបាននិយាយថា លោក គីម ជុងអ៊ុន ជាធម្មតាបានទៅទស្សនកិច្ចបែបនេះ នៅពាក់កណ្តាលអាធ្រាត្រនៅថ្ងៃបុណ្យរំឭកខួបនោះ វាទំនងជាលោក គីម ជុងអ៊ុន បានទស្សនកិច្ចនៅពេលយប់អាធ្រាត្រនៅរាត្រីថ្ងៃអាទិត្យឆ្នាំនេះ។
ការទៅទស្សនកិច្ចនៅកន្លែងផ្នូរបញ្ចុះសពឪពុករបស់លោកនោះ បានធ្វើឡើងរយៈពេល ២២ ថ្ងៃ ក្រោយពីលោក គីម ជុងអ៊ុន ជាចុងក្រោយ ត្រូវបានគេមើលឃើញជាសាធារណៈនៅកន្លែងប្រគំតន្ត្រីមួយកន្លែង នៅក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីកាលពីថ្ងៃទី ២៥ ខែមករា នៅទីក្រុងព្យុងយ៉ាង។ ការអវត្តមានរបស់លោក គីម ជុងអ៊ុន មិនបានបង្ហាញមុខនៅក្នុងសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋត្រូវបានគេសន្និដ្ឋានថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានការព្រួយបារម្ភចំពោះការឆ្លងមេរោគ COVID-19 ប្រភេទថ្មី ឬហៅថា វីរុសកូរ៉ូណានោះ៕ Yonhap/SK