ក្រុង​វ៉ាស៊ីនតោន៖ ​ប្រមុខ​កងទ័ព​ជើង​ទឹក​អាមេរិក​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​រិះគន់​លោក ​ដូណាល់ ត្រាំ ​ក្រោយ​ពី​លោក​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​នៅ​កង​កុម្ម៉ង់ដូ​ពិសេស​ (SEAL) ដែល​ការ​ដក​តំណែង​របស់​លោក​បណ្តាល​មក​ពី​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​នោះ​ ត្រូវ​បាន​លោក​ប្រធានាធិបតី​បដិសេធ។

លោក ​រីឆាដ​ ស្ពែនសឺរ​ ត្រូវ​បាន​បណ្តេញ​ពី​តំណែង​​រដ្ឋមន្ត្រី​កងទ័ព​ជើង​ទឹក​​ ​ជា​ករណី​មួយ​ដែល​នាំ​ឲ្យ​មាន​របាយការណ៍​ជា​ច្រើន​ថា មេ​ដឹកនាំ​យោធា​អាមេរិក​រូប​នេះ​ ​ខឹង​យ៉ាង​ខ្លាំង​ដោយសារ​ការ​ជ្រៀតជ្រែក​របស់​លោក​​ប្រធានាធិបតី ​ដូណាល់ ត្រាំ​ នៅ​ក្នុង​បញ្ហា​វិន័យ​ជា​ច្រើន​ករណី។

នៅ​ក្នុង​លិខិត​គួរ​ឲ្យ​ឈឺ​ចាប់​មួយ​ច្បាប់ ​ដែល​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ​លោក ​​ស្ពែនសឺរ​ បាន​ថ្លែង​ថា៖ ​«​ខ្ញុំ​លែង​ចែក​រំលែក​ការ​យល់​ដឹង​អំពី​គោលការណ៍​សំខាន់ៗ​នៃ​បញ្ជា​ និង​វិន័យ​ល្អ​​ជាមួយ​លោក​អគ្គ​មេ​បញ្ជា​ការ​ ដែល​បាន​តែងតាំង​ខ្ញុំ​នោះ​ ត​ទៅ​ទៀត​ហើយ​»​។​

«​ខ្ញុំ​សូម​ទទួល​ស្គាល់ ​ការ​បញ្ចប់​តំណែង​ជា​រដ្ឋមន្ត្រី​កងទ័ព​ជើង​ទឹក​»។

ជម្លោះ​នោះ​ផ្តោត​ទៅ​លើ​ជោគ​វាសនា​របស់​លោក​ Edward Gallagher​នៃ​កង​កុម្ម៉ង់ដូ​ SEAL ​ដែល​ត្រូវ​បាន​​​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុង​សំណុំ​រឿង​មួយ​ដែល​ត្រូវ​បាន​គេ​ដឹង​ឮ​ជា​ទូទៅ ​ប៉ុន្តែ​ត្រូវ​បាន​​រក​ឃើញ​មាន​ទោស​​ឧក្រិដ្ឋ​កម្រិត​ស្រាល​។​

កាល​ពី​ថ្ងៃ​ទី ​១៥​ ខែ​វិច្ឆិកា ​លោក ​ដូណាល់ ត្រាំ ជា​​អគ្គ​មេ​បញ្ជាការ​យោធា​អាមេរិក​ បាន​ទាត់​ចោល​ការ​កាត់​បន្ថយ​ស័ក្តិ ​ដែល​ត្រូវ​​បាន​គេ​ប្រគល់​ឲ្យ​ទៅ​លោក​​ Edward Gallagher​ នោះ​។

លោក ​ត្រាំ ​បាន​ថ្លែង​នៅ​លើ​គេហទំព័រ​ធ្វីធើរ ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ លោក ​Gallagher ​ត្រូវ​បាន​កងទ័ព​ជើង​ទឹក​ធ្វើ​​បាប​យ៉ាង​អាក្រក់ ​និង​ថា​ លោក ​ស្ពែនសឺរ ​ត្រូវ​បាន​ស្នើ​ឲ្យ​ចុះ​ចេញ​ពី​តំណែង​ជុំវិញ​បញ្ហា​នោះ ​និង​ការ​ចោទ​ប្រកាន់​ចំពោះ​ការ​ខកខាន​មិន​បាន​ដោះ​ស្រាយ​បញ្ហា​ការ​ចំណាយ​ថវិកា​ហួស​ប្រមាណ​នោះ​​។

លោក​ប្រធានាធិបតី​អាមេរិក​រូប​នេះ ​បាន​ថ្លែង​ថា​ លោក​នឹង​មិន​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កង​កុម៉្មង់ដូ​​ពិសេស ​SEAL (ផ្លូវ​សមុទ្រ​ ​ផ្លូវ​អាកាស ​និង​ផ្លូវ​គោក​) នោះ​ទេ។

លោក ​ត្រាំ​ បាន​ថ្លែង​នៅ​លើ​ធ្វីធើរ​ថា៖ ​«លោក ​Eddie​ នឹង​ចូល​និវត្តន៍​ដោយ​ស្ងប់​ចិត្ត​ជាមួយ​នឹង​កិត្តិយស​ ដែល​បាន​ទទួល​នោះ​​»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ​ក្រសួង​ការពារ​ជាតិ ​បាន​ថ្លែង​ថា ​លោក ​ម៉ាក ​អេស្ពឺរ ​បាន​ស្នើ​ឲ្យ​លោក ​ស្ពែនសឺរ ​លាលែង​ពី​តំណែង ​ក្រោយ​ពី​បាត់បង់​ការ​ជឿ​ទុក​ចិត្ត​ និង​ទំនុក​ចិត្ត​លើ​រូប​គាត់​ទាក់ទង​នឹង​ការ​ខ្វះ​ភាព​ស្មោះត្រង់​ក្នុង​ការ​សន្ទនា​ជាមួយ​សេតវិមាន​៕ AFP/PSA