ក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានប្រទេស អ៊ីរ៉ង់ ប្រឆាំងការបង្ក្រាបទៅលើក្រុមអ្នកតវ៉ា ដែលបានផ្ទុះឡើងក្រោយពីខ្លួនបានសារភាពថា បានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរ ១ គ្រឿង ដោយមានការភ័ន្តច្រឡំបានបណ្តាលឲ្យមនុស្សទាំងអស់នៅលើយន្តហោះចំនួន ១៧៦ នាក់ស្លាប់។
លោក ដូណាល់ ត្រាំ បានថ្លែងនៅលើគេហទំព័រធ្វីធើរថា៖ «រដ្ឋាភិបាលអ៊ីរ៉ង់ត្រូវតែអនុញ្ញាតឲ្យក្រុមសិទ្ធិមនុស្សត្រួតពិនិត្យ និងធ្វើរបាយការណ៍ការពិតមួយចំនួន ចេញពីកន្លែងកើតហេតុ ជុំវិញការបន្តតវ៉ាដោយប្រជាជនអ៊ីរ៉ង់នោះ»។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars បានឲ្យដឹងថា សាររបស់លោក ដូណាល់ ត្រាំ បានធ្វើឡើងក្រោយពីប៉ូលិសអ៊ីរ៉ង់បានបំបែកក្រុមនិស្សិតដែលបានស្រែកពាក្យស្លោក «ជ្រុលនិយម» នៅក្នុងការប្រមូលផ្តុំកាលពីថ្ងៃសៅរ៍នៅក្នុងទីក្រុងតេអេរ៉ង់ ដើម្បីគោរពវិញ្ញាណក្ខន្ធក្រុមអ្នកស្លាប់នៅពេលយន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន ១ គ្រឿង ត្រូវបានគេបាញ់ធ្លាក់ក្នុងរយៈពេលដ៏ខ្លីក្រោយពីយន្តហោះនោះ បានហោះចេញពីទីក្រុងតេអេរ៉ង់។
ក្រុមអ្នកឆ្លើយឆ្លង AFP បាននិយាយថា ក្រុមនិស្សិតរាប់រយនាក់ បានប្រមូលផ្តុំគ្នាកាលពីពេលរសៀលថ្មីៗនេះ នៅឯសាកលវិទ្យាល័យអាមឺរកាប៊ឺរ នៅកណ្តាលទីក្រុងតេអេរ៉ង់ ដើម្បីគោរពវិញ្ញាណក្ខន្ធក្រុមអ្នកស្លាប់នៅក្នុងគ្រោះមហន្តរាយធ្លាក់យន្តហោះ។ ក្រោយមកទៀត ការគោរពវិញ្ញាណក្ខន្ធនោះបានក្លាយទៅជាការធ្វើបាតុកម្មហិង្សាមួយ។
លោក ដូណាល់ ត្រាំ បានថ្លែងនៅលើគេហទំព័រធ្វីធើរថា៖ «ចំពោះភាពក្លាហាន និងប្រជាជនអ៊ីរ៉ង់ បានរងនូវការឈឺចាប់រយៈពេលជាយូរបាននិយាយថា៖ ខ្ញុំបានឈរជាមួយអ្នកនៅទីនេះ ចាប់តាំងពីការចាប់ផ្តើមចូលកាន់តំណែងជាប្រធានាធិបតីរបស់ខ្ញុំ ហើយរដ្ឋការរបស់ខ្ញុំនឹងបន្តឈរជាមួយអ្នកជានិច្ច»។
លោក ដូណាល់ ត្រាំ បានបន្ថែមថា៖ «យើងកំពុងកោតសរសើរចំពោះការតវ៉ារបស់អ្នកយ៉ាងខ្លាំង ហើយត្រូវបានបណ្តុះគំនិតដោយភាពក្លាហានរបស់អ្នកទាំងអស់គ្នា»។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់បានថ្លែងថា ការបាញ់ទម្លាក់យន្តហោះអ៊ុយក្រែនរបស់អ៊ីរ៉ង់ គឺជា «កំហុសដ៏អាក្រក់» មួយ ដែលជាផ្នែកនៃគំរូមួយទៅនឹងអ្វីដែលមន្ត្រីរូបនោះ បានហៅថា ជាទង្វើមិនទទួលខុសត្រូវរបស់អ៊ីរ៉ង់។
មន្ត្រីរូបនោះបានថ្លែងថា៖ «បច្ចុប្បន្នវាមានសារៈសំខាន់ច្រើនជាងពេលណាៗទាំងអស់មិនធ្លាប់មានពីមុន ដែលប្រទេស អ៊ីរ៉ង់ បានបោះបង់ចោលមហិច្ឆតាមិនទទួលខុសត្រូវរបស់ខ្លួន ហើយបានចាប់ផ្តើមប្រព្រឹត្តអាកប្បកិរិយាដូចប្រទេសធម្មតាមួយ»។
ការធ្វើបាតុកម្មថ្មីនៅក្នុងប្រទេស អ៊ីរ៉ង់ បានធ្វើឡើងបន្ទាប់ពីមានការបង្ក្រាបមួយ ទៅលើការតវ៉ានៅតាមដងផ្លូវ ដែលបានផ្ទុះឡើងកាលពីខែវិច្ឆិកា។ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានថ្លែងថា វាបានបណ្តាលឲ្យមនុស្សជាង ៣០០ នាក់ស្លាប់ នៅក្នុងការបង្ក្រាបនៅកន្លែងតវ៉ានោះ។
លោក ត្រាំ បានថ្លែងថា៖ «គឺមិនអាចត្រូវបានសម្លាប់រង្គាលផ្សេងទៀត ទៅលើក្រុមអ្នកតវ៉ាដោយសន្តិវិធី និងមិនត្រូវបិទអ៊ីនធឺណិតជាដាច់ខាត ពិភពលោកកំពុងឃ្លាំមើល»៕ AFP/SK