ក្រោយរបូតតំណែងប្រធានាធិបតីនៅអាណត្តិក្រោយ អ្វីដែលគេកំពុងចង់ដឹង និងទស្សន៍ទាយបំផុតនោះ គឺវាសនារបស់លោកប្រធានាធិបតី Donald Trump ក្រោយពេលចាញ់ការបោះឆ្នោតកាលពីថ្ងៃទី ៣ ខែវិច្ឆិកា។ តើនៅពេលធ្លាក់ខ្លួនជាអតីតប្រធានាធិបតីអាមេរិក លោកអាចនឹងរងការចោទប្រកាន់ ឬអាចទទួលទោសជាប់ពន្ធនាគារដែរឬទេ?
ពិបាកគិតដល់ និងពិបាកសន្និដ្ឋានណាស់ ព្រោះថាមិនធ្លាប់មានអតីតប្រធានាធិបតីសហរដ្ឋអាមេរិកណាម្នាក់ជាប់ពន្ធនាគារទេ ប៉ុន្តែយ៉ាងណាមិញក៏មិនមែនមានន័យថា ប្រធានាធិបតីទាំងអស់សុទ្ធតែបានគោរពច្បាប់យ៉ាងខ្ជាប់ខ្ជួននោះដែរ ព្រោះកន្លងមកក៏ធ្លាប់មានអតីតប្រធានាធិបតីមួយចំនួនតូច បានប្រព្រឹត្តបទឧក្រិដ្ឋជាច្រើនដែលមិនពាក់ព័ន្ធនឹងការងាររបស់ខ្លួន។
តាមធម្មតាប្រធានាធិបតីបានទទួលបុព្វសិទ្ធិជាច្រើនក្រោយពេលចប់ការងារ។ ជាឧទាហរណ៍អតីតប្រធានាធិបតី Richard Nixon ទទួលបានការការពារផ្នែកនយោបាយពីសម្ព័ន្ធមិត្តរបស់ខ្លួន គឺលោក Gerald Ford តាមរយៈការលើកលែងទោសឱ្យលោក Richard Nixon សម្រាប់រឿងរ៉ាវទាំងឡាយ ដែលគាត់បានប្រព្រឹត្តក្នុងពេលកាន់តំណែង។
ងាកទៅលោកអតីតប្រធានាធិបតី George W. Bush វិញ ក្នុងពេលកាន់តំណែងបានបើកប្រតិបត្តិការចូលឈ្លានពានប្រទេសអ៊ីរ៉ាក់។
ការឈ្លានពាននោះ ត្រូវបានតុលាការទីក្រុង Nuremberg ហៅថា «ឧក្រិដ្ឋកម្មអន្តរជាតិខ្ពស់បំផុត» ប៉ុន្តែលោកនៅតែរួចខ្លួនពីការកាត់ទោស ដោយសារប្រព័ន្ធគ្រប់គ្រងអំណាចរបស់សហរដ្ឋអាមេរិកបានឯកភាពថា ប្រធានាធិបតីសហរដ្ឋអាមេរិកមានសិទ្ធិធ្វើបែបនោះ។
ហេតុផលរួចខ្លួនមួយទៀតសម្រាប់អតីតប្រធានាធិបតី គឺតាមរយៈអ្នកគាំទ្រដូច្នេះអ្វីដែលប្រធានាធិបតីបានធ្វើសម្រាប់ក្រុមគាំទ្រនោះនឹងក្លាយជាកម្លាំងប្រឆាំងនឹងរាល់ផលវិបាកនានា ដែលអតីតប្រធានាធិបតីអាចប្រឈមដោយសារតែកត្តាមិត្តភាព និងសាមគ្គីភាព។
បច្ចុប្បន្នលោក Trump ត្រូវបានការពារដោយច្បាប់សហព័ន្ធពីការចោទប្រកាន់នានា ព្រោះលោកគឺជាប្រធានាធិបតី។ រាប់ទសវត្សរ៍មកហើយក្រសួងយុត្តិធម៌អាមេរិក បានកំណត់ថា គេមិនអាចចោទប្រកាន់ប្រធានាធិបតីក្នុងតំណែងបានទេ។ អតីតទីប្រឹក្សាពិសេសលោក Robert Muller បានឯកភាព និងពន្យល់ថា គ្មានលទ្ធភាពក្នុងការចោទប្រកាន់លោក Trump ទេ ព្រោះវាផ្ទុយនឹងរដ្ឋធម្មនុញ្ញ ហើយបើទោះជាមានក៏លោក William Barr អគ្គរដ្ឋអាជ្ញាអាមេរិក និងជាបុរសស្មោះត្រង់ម្នាក់ចំពោះលោក ត្រាំ នឹងគ្មានថ្ងៃធ្វើអ្វីចំពោះមេរបស់គាត់ (លោក Trump) ឡើយ។
យ៉ាងណាក៏ដោយ ចំពោះលោក Trump អាចនឹងងាយរងការចោទប្រកាន់ជាងប្រធានាធិបតីដទៃពីព្រោះគាត់បានពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋធំៗជាច្រើនខុសពីធម្មតាក្នុងពេលមានឋានៈជាប្រធានាធិបតី។ យោងតាមសាលដីកាតុលាការកំពូលលោក Trump អាចនឹងរងការចោទប្រកាន់ពីបទបំពានច្បាប់រដ្ឋពេលកាន់តំណែង។
ក្រៅពីនេះ លោកអាចនឹងប្រឈម៖ ១- ការគេចពន្ធ៖ លោក Trump បានធ្វើរឿងជាច្រើន ដើម្បីចៀសវាងការប្រកាសពន្ធ។ លោកក៏បានប្រកាសដែរថា ការស៊ើបអង្កេតណាមួយទៅលើហិរញ្ញវត្ថុរបស់លោកធ្វើឡើងដោយលោក Mueller គឺជារឿងដើរហួសបន្ទាត់ក្រហម។ ជាការកត់សម្គាល់ការគេចពន្ធក៏ដូចជាប្រពៃណីរបស់ក្រុមគ្រួសារលោក Trump ទៅហើយ។
ក្រុមគ្រួសារលោកបានបង្កើតក្រុមហ៊ុនមួយនៅឆ្នាំ ១៩៩២ ដែលមានលោក Trump សាច់ញាតិ និងបងប្អូនជីដូនមួយជាម្ចាស់ក្រុមហ៊ុនហើយពួកគេហាក់ដូចជាគ្មានបានធ្វើអ្វីក្រៅពីលួចបង្វែរលុយចេញពីក្រុមហ៊ុនអចលនទ្រព្យរបស់លោក Fred Trump ដែលជាឪពុកលោក Trump បញ្ជូនទៅក្រុមហ៊ុននេះតែប៉ុណ្ណោះ។
ការធ្វើបែបនេះ គឺដើម្បីបើកផ្លូវឱ្យលោក Fred Trump អាចផ្តល់អំណោយជាលុយរាប់សិបលានដុល្លារទៅឱ្យកូនៗរបស់គាត់ដោយមិនចាំបាច់បង់ពន្ធ។ ជាមួយគ្នានេះ សារព័ត៌មាន New York Times បានរាយការណ៍ថា ក្រុមហ៊ុនលោក Trump បានចំណាយ ៧៤៧ ៦២២ ដុល្លារ លើសេវាពិគ្រោះយោបល់សម្រាប់គម្រោងសណ្ឋាគារនៅទីក្រុង Vancouver និង Hawaii។
ក្រុមហ៊ុនប្រឹក្សាយោបល់នេះមានលោកស្រី Ivanka Trump ជាសហកម្មសិទ្ធិកទាំងដែលលោកស្រី គឺជាបុគ្គលិកក្រុមហ៊ុនរបស់លោក Trump។ ទឹកប្រាក់រាប់សិបលានដុល្លារទៀត ត្រូវបានផ្ទេរចេញទៅបុគ្គលនានា ក្រោមរូបភាពទូទាត់សេវាពិគ្រោះយោបល់។ ដូច្នេះបើលោកស្រី Ivanka និងសាច់ញាតិពិតជាអ្នកទទួលបានទឹកប្រាក់នេះមែនច្បាស់ណាស់ថា នេះគឺជាអំពើគេចពន្ធ ព្រោះថា ការទទួលថ្លៃសេវាពិគ្រោះយោបល់ពីក្រុមហ៊ុនមួយ ទាំងដែលយើងជាបុគ្គលិកធ្វើការឱ្យក្រុមហ៊ុននោះ គឺជាអំពើល្មើសច្បាប់។
សារព័ត៌មាន The Times វិញក៏បានរកឃើញបទល្មើសព្រហ្មទណ្ឌធំមួយពាក់ព័ន្ធនឹងអចលនទ្រព្យក្រៅក្រុងដែលលោក Trump មាននៅក្នុងតំបន់ Westchester County ក្នុងរដ្ឋ New York ផងដែរ។ លោក Trump អះអាងថា នេះគឺជាការវិនិយោគអចលនទ្រព្យមិនមែនជាលំនៅឋាននោះទេ ការធ្វើបែបនេះ ដើម្បីបើកផ្លូវឱ្យគាត់រួចផុតពីការបង់ពន្ធអចលនទ្រព្យ ក្រោមរូបភាពជាការចំណាយអាជីវកម្ម។ ការស៊ើបអង្កេតលម្អិតថ្នាក់រដ្ឋ ឬរដ្ឋសហព័ន្ធអាចនឹងរកឃើញការគេចពន្ធនេះជាច្រើនករណីទៀត។
ហេតុនេះហើយ បានជាលោក Michael Cohen ដែលជាអតីតអ្នកដោះស្រាយបញ្ហា និងជាអតីតមេធាវីរបស់លោក Trump ផ្ទាល់និយាយថាលោក Trump អាចនឹងក្លាយជាប្រធានាធិបតីក្នុងតំណែងដំបូងបង្អស់ ដែលដើរចេញពីសេតវិមានហើយចូលពន្ធនាគារតែម្តង។
លោក Michael Cohen ត្រូវបាន FBI និងរដ្ឋអាជ្ញាពិសេសរបស់លោក Robert Mueller ចាប់ខ្លួន ហើយបានសារភាពថា បានប្រព្រឹត្តបទល្មើសគេចពន្ធជាច្រើនករណី។
២- ការបំពានច្បាប់ហិរញ្ញវត្ថុសម្រាប់ការឃោសនា៖ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការឃោសនាមានលក្ខណៈស្មុគស្មាញ និងធ្វើឱ្យភាន់ច្រឡំ។ ការដែលនាង Stormy Daniels ទទួលបានថវិកាចំនួន ១៣ ម៉ឺនដុល្លារ អាចចាត់ទុកថា ជាវិភាគទានចំពោះការឃោសនារបស់លោក Trump។
ប៉ុន្តែយោងតាមសាលដីការបស់តុលាការកំពូលវាក៏ជារឿងស្របច្បាប់ដែរ ដែលលោក Trump អាចផ្តល់វិភាគទានច្រើនបែបណាក៏បានតាមដែលគាត់ចង់ សម្រាប់ការឃោសនាដោយគ្រាន់តែដាក់ថាជាចំណាយទៅលើអាហារហើយផ្តល់លុយនេះទៅឱ្យមេធាវីនាង Daniels ដោយផ្ទាល់ ហើយប្រកាសអំពីគោលបំណងនៃការចំណាយនេះទៅគណៈកម្មការរដ្ឋសហព័ន្ធសម្រាប់រៀបចំការបោះឆ្នោត។ បើធ្វើបែបនេះលោកអាចនឹងរួចខ្លួនបាន ដោយកំណត់ថាជាការចំណាយស្របច្បាប់។
ផ្ទុយទៅវិញលោក Trump បាននិយាយថា លោក Michael Cohen គឺជាអ្នកធ្វើទៅវិញ ដែលតាមច្បាប់លោក Cohen មិនអាចផ្តល់ថវិកាលើសពី ៥ ៤០០ ដុល្លារ ទៅឱ្យការឃោសនារបស់លោក Trump បានទេ។ អ្វីដែលធ្ងន់ធ្ងរជាងនេះ គឺជារឿងដែលលោក Trump បានផ្តល់អំណោយ ១០ លានដុល្លារ ទៅឱ្យការឃោសនារបស់គាត់នៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៦ ជាថ្ងៃចុងក្រោយនៃការឃោសនា។ នៅពេលនោះលោក Trump មិនសូវមានលុយច្រើនទេ ដូច្នេះបើការចំណាយនេះមិនស្របច្បាប់វាអាចបង្កើតឱ្យមានបទល្មើសពាក់ព័ន្ធនឹងវិភាគទានក្នុងការឃោសនា។
យោងតាមរបាយការណ៍មួយរបស់សារព័ត៌មាន CNN លោក Mueller និងមនុស្សមួយចំនួននៅក្រសួងយុត្តិធម៌បានស៊ើបអង្កេតអស់រយៈពេលជាច្រើនឆ្នាំថា តើថវិកា ១០ លានដុល្លារនេះ ត្រូវបានផ្តល់ដោយធនាគារអេហ្ស៊ីប ឬយ៉ាងណា? ប៉ុន្តែការស៊ើបអង្កេតត្រូវបានបិទបញ្ចប់កាលពីខែកក្កដា កន្លងទៅដោយគ្មានដីកាបញ្ជាឱ្យលោក Trump ផ្តល់កំណត់ត្រាហិរញ្ញវត្ថុទេ។
៣- ការក្លែងបន្លំផ្នែកធនាគារ និងធានារ៉ាប់រង៖ រដ្ឋអាជ្ញាប្រចាំតំបន់ Manhattan លោក Cyrus Vance Jr. កំពុងស៊ើបអង្កេតលើ «បទល្មើសព្រហ្មទណ្ឌដ៏ធំសម្បើម និងយូរអង្វែងប្រព្រឹត្តដោយក្រុមរបស់លោក Donald Trump»។
លោក Vance កំពុងតែស៊ើបអង្កេតថាតើលោក Trump បានផ្តល់សេចក្តីថ្លែងការណ៍ក្លែងក្លាយពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុដល់ក្រុមហ៊ុនធានារ៉ាប់រង និងធនាគារដែរឬទេ ដើម្បីទទួលបានអត្រាការប្រាក់ និងសេវាទាបក្នុងការខ្ចីប្រាក់។ ក្នុងកាលៈទេសៈមួយចំនួនការធ្វើបែបនេះ គឺជារឿងល្មើសច្បាប់។
៤- ការសូកប៉ាន់៖ ក្រៅពីប្រទេសអាមេរិក លោក Trump នៅមានធុរកិច្ចជាច្រើនទៀត នៅទូទាំងពិភពលោក ដែលអាចស្វែងរកប្រាក់ចំណេញជាងនៅសហរដ្ឋអាមេរិកទៀតផង ហើយការសូកប៉ាន់ក្នុងអាជីវកម្មធុរកិច្ច គឺជារឿងធម្មតា។ ប៉ុន្តែបើយោងតាមច្បាប់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងការសូកប៉ាន់នៅបរទេស វាគឺជាអំពើល្មើសច្បាប់ដែលពលរដ្ឋអាមេរិកមានការពាក់ព័ន្ធនឹងការសូកប៉ាន់។
លោក Andrew Weissmanរដ្ឋអាជ្ញាជាន់ខ្ពស់របស់លោក Mueller បានសរសេរក្នុងសៀវភៅមួយថា ព្រោះតែការស៊ើបអង្កេតរបស់លោក Mueller មិនទៅមុខ ដូច្នេះយើងមិនដឹងថា លោកTrump បានសូកប៉ាន់ឱ្យមន្ត្រីបរទេសឬអត់នោះទេ ដើម្បីបានសិទ្ធិធ្វើធុរកិច្ចនានា?
៥- មនុស្សឃាតដោយការធ្វេសប្រហែស៖ លោក Glenn Kirchner អតីតរដ្ឋអាជ្ញារដ្ឋសហព័ន្ធបានអះអាងថា លោក Trump អាចនិងគួរតែត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ដោយសារធ្វេសប្រហែសចំពោះការដោះស្រាយវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ ១៩។
ដ្បិតថាការចោទប្រកាន់នេះ មិនត្រូវបានគេយល់ស្របទាំងស្រុងក៏ដោយ ក៏ប៉ុន្តែតាមរយៈលោក Kirschner ដែលជាមនុស្សម្នាក់ដ៏ហ្មត់ចត់ ក្នុងការបំពេញការងារនៅស្ថាប័នអយ្យការនៃរដ្ឋធានីវ៉ាស៊ីនតោនជាង ២៤ ឆ្នាំមកហើយនោះអាចនឹងបន្តការងារចោទប្រកាន់នេះឱ្យជោគជ័យ ស្របពេលដែលលោកទទួលបានតួនាទីជាប្រធានផ្នែកមនុស្សឃាតស្រាប់។
៦- រំខានការងារតុលាការ៖ ទោះជាលោក Mueller ជឿថា លោក Trump មិនអាចត្រូវបានគេចោទប្រកាន់ក្នុងពេលកំពុងកាន់តំណែងតែរបាយការណ៍ចុងក្រោយរបស់លោក Mueller បានបញ្ជាក់ថា ប្រធានាធិបតីមិនមានអភ័យឯកសិទ្ធិទេ ក្រោយចាកចេញពីតំណែង។
អតីតទីប្រឹក្សាពិសេសរូបនេះបានស៊ើបអង្កេត និងចងក្រងភ័ស្តុងតាងឯកសារពាក់ព័ន្ធនានា ពីទោសកំហុសរបស់លោក Trump។
ដូច្នេះប្រសិនរបាយការណ៍របស់លោក Mueller ត្រូវបានចេញផ្សាយអតីតរដ្ឋអាជ្ញារដ្ឋសហព័ន្ធជាង ១ ០០០ នាក់ បាននិយាយថា បើលោក Trump មិនមែនជាប្រធានាធិបតីទេគេអាចនឹងចោទប្រកាន់លោកពីបទព្រហ្មទណ្ឌជាច្រើនករណីពាក់ព័ន្ធនឹងការរំខានការងារតុលាការបាត់ទៅហើយ។ គេពិបាកនឹងប៉ាន់ស្មានណាស់ថា រដ្ឋបាលថ្មីរបស់លោក JoeBiden នឹងសម្រេចចោទប្រកាន់អតីតប្រធានាធិបតីដែរឬទេ?
ប៉ុន្តែកាលពីឆ្នាំ ២០១៩ លោកស្រី Kamala Harris បាននិយាយថា ប្រសិនបើលោកស្រីក្លាយជាប្រធានាធិបតី លោកស្រីជឿជាក់ថា ក្រសួងយុត្តិធម៌ច្បាស់ជាគ្មានជម្រើសទេក្នុងការចោទប្រកាន់លោក Trump ពីបទរំខានការងារតុលាការ។
ជាងនេះទៀត អ្នកវិភាគបាននិយាយថា លោក Trump អាចត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងការលូកដៃរបស់រុស្ស៊ីក្នុងការដកហូតជំនួយយោធាខុសច្បាប់នៅអ៊ុយក្រែនក្នុងគោលបំណងដាក់សម្ពាធឱ្យរដ្ឋាភិបាលអ៊ុយក្រែនស៊ើបអង្កេតគូប្រជែងនយោបាយរបស់លោក និងការស្នើសុំការបរិច្ចាគដល់ការឃោសនាពីបរទេស។
គេហទំព័រស៊ើបអង្កេត The Intercept បានឱ្យដឹងថា ករណីដែលលោក Trump បានផ្តាច់អន្តរកម្មរបស់លោកជាមួយអ៊ុយក្រែន និងចិន អាចធ្វើឱ្យលោកជាប់ពន្ធនាគារ ១០ ឆ្នាំ។
សរុបជារួមមកបើលោក Trump ចាញ់ឆ្នោតហើយចាកចេញពីវិមានប្រធានាធិបតីរបាំងការពារលោកភាគច្រើននឹងត្រូវបាត់បង់។ នៅពេលនោះលោកអាចនឹងជ្រើសរើសយកសិទ្ធិលើកលែងទោសឱ្យខ្លួនឯងនៅចំពោះបទល្មើសព្រហ្មទណ្ឌនានា ដែលគាត់បានប្រព្រឹត្ត ប៉ុន្តែគ្មាននរណាមួយដឹងឡើយថា តើប្រធានាធិបតីអាចធ្វើបែបនេះបានឬអត់? ពីព្រោះមិនធ្លាប់មានប្រធានាធិបតីធ្វើបែបនេះពីមុន ហើយបើធ្វើបានក៏បានតែចំពោះការបំពានច្បាប់រដ្ឋសហព័ន្ធតែប៉ុណ្ណោះ៕
សុខ ស្រីលុច