ក្រុង​វ៉ាស៊ីនតោន៖ ​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់​ ត្រាំ ​បាន​ថ្លែង​ថា ​លោក ​«​គ្មាន​បញ្ហា​ជា​មួយ​នឹង​​គំនិត» អំពី​កិច្ច​ប្រជុំ​ជាមួយ​សមភាគី​អ៊ីរ៉ង់​របស់​លោក គឺ​លោក ហាស្សាន​ រូ​ហានី ​នោះ​ទេ​។ ​មាន​ពាក្យ​ចចាម​អារ៉ាម​​​​ជា​ច្រើន​​​ថា ជំនួប​​នោះ​អាច​កើត​ឡើង​ នៅ​ពេល​ក្រោយ​ក្នុង​​ខែ​នេះ​នៅ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​។​

លោក ​ត្រាំ ​មិន​បាន​កំណត់​កាល​បរិច្ឆេទ​អំពី​លទ្ធភាព​នៃ​​ជំនួប​​នោះ​នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​កន្លែង​ឧទ្ធម្ភាគចក្រ​របស់​លោក​ នៅ​ឯ​សេតវិមាន​កាល​ពី​ថ្ងៃ​ចន្ទ​ នៅ​មុន​ពេល​ចេញ​ដំណើរ​ទៅ​កាន់​រដ្ឋ​ការ៉ូលីណា​ភាគ​ខាង​ជើង​។​

រដ្ឋមន្ត្រី​ការ​បរទេស​លោក​ ម៉ៃក៍​ ប៉ុមប៉េអូ​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​លោក ​ត្រាំ ​មាន​ឆន្ទៈ​ចង់​ជួប​ជាមួយ​លោក ​រូហានី ​«​ដោយ​គ្មាន​លក្ខខណ្ឌ​» ​ពី​ព្រោះ​យើង​មិន​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស ​អ៊ីរ៉ង់ ​នោះ​ទេ​»​។​

លោក ​ប៉ុមប៉េអូ​ បាន​បន្ថែម​ថា​ កិច្ច​ប្រជុំ​នោះ​វា​អាស្រ័យ​ទៅ​លើ​លោក​ អាយ៉ាតូឡាសហ៍​តែ​ប៉ុណ្ណោះ​ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​គោលដៅ​ដែល​លោក​ចង់​នាំ​ប្រទេស​របស់​លោក​ទៅ»​ ដោយ​និយាយ​សំដៅ​ទៅ​លើ​មេ​ដឹកនាំ​កំពូល​ គឺ​លោក​ អាលី​ កាមីនី​ ដែល​ត្រូវ​​បាន​ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ថា ​បាន​ជំទាស់​ទៅ​នឹង​កិច្ច​ប្រជុំ​នោះ​។​

កាល​ពី​ថ្ងៃ​ចន្ទ​ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ បេនចាមីន​ នេតានីយ៉ាហ៊ូ​ បាន​ចោទ​ប្រកាន់​អ៊ីរ៉ង់​ពី​បទ​​លាក់​បាំង​​ ​«ទីតាំង​ផលិត​អាវុធ​នុយក្លេអ៊ែរ​» ​​ដ៏​​សម្ងាត់​មួយ​កន្លែង​នៅ​ក្រុង​ Abadeh​ ភាគ​ខាង​ត្បូង​នៃ​​ក្រុង​ ​Isfahan។

លោក​​បាន​ថ្លែង​ថា ​អ៊ីរ៉ង់ ​«​បាន​បំផ្លាញ​​ចោល​​ទីតាំង​ផលិត​អាវុធ​នុយក្លេអ៊ែរ​នោះ នៅ​ពេល​​ដែល​អ៊ីស្រាអែល​បាន​ដឹង​​អំពី​ទីតាំង​នោះ​»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល​ថ្លែង​​​ថា​ លោក​​ ​នេតានីយ៉ាហ៊ូ មិន​ចង់​ឲ្យ​មាន​ជំនួប ​ត្រាំ-រូហានីទេ​៕ RT/SK