ក្រុងវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះវីដេអូ ១ កាលពីថ្ងៃសៅរ៍ ពីមន្ទីរពេទ្យជាទីដែលលោកកំពុងព្យាបាលជំងឺកូវីដ ១៩ ដោយបានថ្លែងថា សុខភាពរបស់លោកបានល្អឡើង ហើយនឹងជាសះស្បើយនៅពេលឆាប់ៗនេះ ប៉ុន្តែបានទទួលស្គាល់ថា ប៉ុន្មានថ្ងៃខាងមុខនេះ គឺជា «ការធ្វើតេស្តពិតប្រាកដ»។
លោក ត្រាំ បានថ្លែងចេញពីបន្ទប់ព្យាបាលជំងឺរបស់លោកនៅឯមជ្ឈមណ្ឌលសុខភាពយោធា Walter Reed ក្បែរក្រុងវ៉ាស៊ីនតោនថា៖ «ខ្ញុំមកទីនេះ មានអារម្មណ៍មិនល្អទេ។ ឥឡូវនេះ មានអារម្មណ៍ល្អប្រសើរហើយ»។
«អ្នកទាំងអស់គ្នាកំពុងធ្វើការប្រឹងប្រែងធ្វើការ ដើម្បីធ្វើឱ្យខ្ញុំឆាប់ជាសះស្បើយ ខ្ញុំគិតថា ខ្ញុំនឹងអាចត្រឡប់ទៅវិញនាពេលឆាប់ៗនេះ ហើយកំពុងទន្ទឹងរង់ចាំបញ្ចប់យុទ្ធនាការតាមមធ្យោបាយ ដែលវាត្រូវបានចាប់ផ្តើមនោះ»។
លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា មានភាពមិនប្រាកដប្រជាអំពីទិសដៅនៃជំងឺឡើយ ដែលអាចឆ្លងទៅអ្នកជំងឺដែលសះស្បើយដោយមិនបានឱ្យសញ្ញាដឹងមុន។
«ខ្ញុំចាប់ផ្តើមមានអារម្មណ៍ល្អឡើងវិញ។ អ្នកមិនដឹងអំពីរយៈពេល ២-៣ ថ្ងៃក្រោយទៀតនេះទេ ខ្ញុំថា គឺជាការធ្វើតេស្តពិតប្រាកដ ដូច្នេះយើងនឹង ឃើញអ្វីនឹងកើតឡើងនៅ ២-៣ ថ្ងៃទៀតនេះ»។
កាលពីល្ងាចថ្ងៃសៅរ៍ លោកវេជ្ជបណ្ឌិតសេតវិមាន Sean Conley បានថ្លែងថា លោក ដូណាល់ ត្រាំ មិនទាន់ឆ្លងផុតគ្រោះថ្នាក់ទេ ប៉ុន្តែថា ក្រុមគ្រូពេទ្យ «មានសុទិដ្ឋិនិយមយ៉ាងខ្លាំង»៕ AFP