ក្រុង​វ៉ាស៊ីនតោន៖ ​សេតវិមាន​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់​ ត្រាំ​ បាន​អំពាវនាវ​ឲ្យ​ប្រទេស ​រុស្ស៊ី ​បញ្ចប់​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ ​«​អំពើ​ឃោរឃៅ​» ​របស់​របប​ស៊ីរី​ ខណៈ​លោក​​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​របស់​អាមេរិក​ ជុំវិញ​អំពើ​ហិង្សា​នៅ​ក្នុង​តំបន់​ខេត្ត​អ៊ីដលីប​។​

រដ្ឋមន្ត្រី​ការ​បរទេស​របស់​ប្រទេស ​តួកគី​ បាន​រិះគន់​សមភាគី​រុស្ស៊ី​របស់​លោក​ ជុំវិញ​ការ​វាយ​ប្រហារ​ជា​ច្រើន​ដង​របស់​ក្រុង​ដាម៉ាស​ទៅ​លើ​ទី​តាំង​ឈរ​ជើង​គ្រប់គ្រង​ដោយ​ក្រុម​​ឧទ្ទាម​ចុង​ក្រោយ​នៅ​ស៊ីរី​។​

បាន​ការ​គាំទ្រ​ដោយ​កងកម្លាំង​ទ័ព​អាកាស​របស់​រុស្ស៊ី​ ប្រធានាធិបតី​ស៊ីរី​លោក ​បាសារ ​អាល់-​អាសាដ​ បាន​បង្កើន​យុទ្ធនាការ​ជា​ថ្មី​កាល​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​លោក​បាន​ធ្វើ​ការ​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ឡើង​ ទៅ​លើ​ទីតាំង​ឈរ​ជើង​របស់​ក្រុម​ឧទ្ទាម​​នៅ​ខេត្ត​អ៊ីដ​លីប​ភាគ​ពាយព្យ​។​

នៅ​ក្នុង​ការ​អំពាវនាវ​របស់​ប្រធានាធិបតី​តួកគី​លោក ​រ៉េ​សិប​ តៃយីប អេរដូហ្គែន​ និង​លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ​ត្រាំ​ ​«បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ ជុំវិញ​អំពើ​ហិង្សា​នៅ​ក្នុង​ខេត្ត​អ៊ីដលីប ​ប្រទេស ​ស៊ីរី​ ហើយ​បំណង​ប្រាថ្នា​របស់​អាមេរិក​ចង់​ឃើញ​ការ​បញ្ចប់​ការ​គាំទ្រ​របស់​រុស្ស៊ី​ ចំពោះ​អំពើ​ឃោរឃៅ​របស់​របប​លោក ​បាសារ​ អាល់-​អាសាដ​»​។​

តួកគី​មាន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ ​១២ កន្លែង​​នៅ​ក្នុង​ខេត្ត​អ៊ីតលីប​ ជា​ផ្នែក​នៃ​កិច្ច​ព្រមព្រៀង​ឆ្នាំ ​២០១៨​ បាន​ធ្វើ​ឡើង​រវាង​ក្រុង​អង់ការ៉ា​ និង​ក្រុង​ម៉ូស្គូ​ ដើម្បី​ការពារ​មិន​ឲ្យ​មាន​យុទ្ធនាការ​វាយ​លុក​ទ្រង់ទ្រាយ​ធំ​របស់​របប​ស៊ីរី​ ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​កងកម្លាំង​របប​ស៊ីរី​បាន​ធ្វើ​ការ​វាយ​ប្រហារ​មុន​ទៅ​លើ​ក្រុម​ឧទ្ទាម​។​

ប៉ុស្តិ៍​ត្រួត​ពិនិត្យ ​៤ ​កន្លែង ​ក្នុង​ចំណោម​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​មួយ​ចំនួន​របស់​តួកគី​ ត្រូវ​បាន​គេ​ជឿ​ថា​ ត្រូវ​បាន​ឡោមព័ទ្ធ​នៅ​ទីនោះ​៕ AFP/SK