ក្រុង​វ៉ាស៊ីនតោន៖​ លោក ​ចូ ​បៃដិន ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​បាន​អះអាង​កាល​ពី​ថ្ងៃ​ពុធ​ថា ​លោក​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ ប៉ុន្តែ​លោក​ប្រធានាធិបតី ​ដូណាល់​ ត្រាំ ​បាន​វាយ​បក​ដោយ​ព្យាករ​ថា ​លោក​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​នេះ ​និង​បាន​ចោទ​គូ​ប្រជែង​របស់​លោក​ថា​ បាន​ព្យាយាម​លួច​សន្លឹក​ឆ្នោត​។

ដោយ​បាន​បង្ហាញ​វត្តមាន​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​នៅ​ក្រុង​កំណើត​របស់​លោក ​គឺ​ក្រុង​ Wilmington ​នៃ​រដ្ឋ​ឌីឡាវៀ​ក្រោយ​ពេល​ពាក់​កណ្តាល​អធ្រាត្រ​លោក ​ចូ បៃ​ដិន​ បាន​ថ្លែង​ថា៖ «​យើង​ជឿ​ថា ​យើង​កំពុង​ធ្វើ​ដំណើរ​ទៅ​រក​ការ​ឈ្នះ​ការ​បោះឆ្នោត​នេះ​»។

«អ្នក​គ្រប់​គ្នា ​រក្សា​ភាព​ស្មោះត្រង់​ យើង​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នេះ»។ ​

ប៉ុន្តែ​លោក​ ចូ​ បៃដិន ​ដែល​មាន​វ័យ ​៧៧ ​ឆ្នាំ​បាន​ព្រមាន​ថា ​ដោយសារ​តែ​ការ​ប្រើប្រាស់​ការ​បោះឆ្នោត​តាម​សំបុត្រ ​នៅ​ក្នុង​អំឡុង​ពេល​មាន​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា ​ការ​ទទួល​បាន​លទ្ធផល​ចុង​ក្រោយ​នឹង​ប្រើ​ពេល​វេលា​ខ្លី។

ប៉ុន្មាន​នាទី​ក្រោយ​មក​លោក ត្រាំ​ បាន​បដិសេធ​លើ​ធ្វីធើរ​ ដោយ​និយាយ​ថា៖ ​«​យើង​ជោគជ័យ​ ប៉ុន្តែ​ពួក​គេ​កំពុង​ព្យាយាម​លួច​សន្លឹក​ឆ្នោត​»។ ​

លោក​ប្រធានាធិបតី​នៃ​បក្ស​សាធារណរដ្ឋ ​ដែល​បាន​តាម​ដាន​លទ្ធផល​បោះឆ្នោត​ចូល​ក្នុង​សេតវិមាន​ជាមួយ​បុគ្គលិក​បាន​ថ្លែង​ថា ​លោក​នឹង​ថ្លែងការណ៍​ជា​សាធារណៈ​ភ្លាមៗ​។

លោក​បាន​ថ្លែង​នៅ​លើ​ធ្វីធើរ​ថា​៖ «​នឹង​ទទួល​បាន​ជ័យជម្នះ​ដ៏​ធំ​ធេង»។

ការ​ប៉ះទង្គិច​​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដែល​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ភាព​ចលាចល​បោះឆ្នោត​បាន​កើត​ឡើង ​ក្រោយ​ពី​លទ្ធផល​បឋម​បាន​បង្ហាញ​បេក្ខជន ​២ រូប ​ដែល​កាន់​កាប់​រដ្ឋ​ជា​ច្រើន​នៅ​ក្នុង​លំដាប់​របស់​ពួក​គេ។

ប៉ុន្តែ​មិន​បាន​បង្ហាញ​កិច្ច​ប្រឹងប្រែង​ណាមួយ​ដែល​អាច​សម្រេច​លទ្ធផល​សរុប​ចុង​ក្រោយ​ភ្លាមៗ​នោះ​ទេ។​

ការ​បន្ថែម​ទៅ​លើ​ភាព​តានតឹង​នេះ ​គឺ​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ទៅ​លើ​ការ​រាយការណ៍​អំពី​លទ្ធផល​សំខាន់ៗ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​។ ​​

រយៈ​ពេល​ពេញ ១ ​យប់​ក្រោយ​ពី​​ការ​បោះឆ្នោត​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អង្គារ​ បុរស​ទាំង ​២ ​នេះ​បាន​តាមដាន​លទ្ធផល​បោះឆ្នោត​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ​ ​លោក ត្រាំ ​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នៅ​រដ្ឋ​ហ្វ្លរីដា ​និង​តិចសាស ​ខណៈ​លោក ​ចូ បៃដិន ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នៅ​រដ្ឋ​វើជីនៀ ​និង​ឈ្នះ​នៅ​រដ្ឋ​ New Hampshire​ ជា​ទី​ដែល​លោកស្រី ​ហ៊ីលឡារី គ្លីនតុន ​បាន​ចាញ់​លោក ​ត្រាំ​ កាល​ពី ៤ ​ឆ្នាំ​កន្លង​ទៅ​។

ប៉ុន្តែ​ខណៈ​ភាគី​ទាំង ២ ​តាមដាន​រដ្ឋ​នានា ​ដែល​ពួក​គេ​រំពឹង​ថា​នឹង​ឈ្នះ ​ចំនួន​រដ្ឋ​សេសសល់​មិន​ទាន់​ប្រកាស​បាន​ថយ​ចុះ​បន្តិច​ម្តងៗ​ ដោយ​បាន​ចង្អុល​បង្ហាញ​ដល់​ការ​បញ្ចប់​​ការ​ប្រកួតប្រជែង​ដ៏​តានតឹង​មិន​ដែល​ធ្លាប់​មាន​នេះ​ និង​ជម្លោះ​នានា ​ដែល​កើត​មាន​ត្រូវ​បញ្ចប់​នៅ​តុលាការ។

នៅ​ពេល​នេះ ​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​អាមេរិក ​ដែល​វិភាគ​ទិន្នន័យ ​និង​ប្រកាស​អ្នក​ឈ្នះ​ បាន​ធ្វើ​ឱ្យ​មាន​ភាព​មិន​​ប្រាកដប្រជា​កាន់​តែ​កើន​ឡើង​។

មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ជុំវិញ​ការ​ប្រកាស​របស់​សារព័ត៌មាន​ Fox News ​ដែល​ថា លោក​ បៃដិន ​បាន​ឈ្នះ​រដ្ឋ​អារីហ្សូណា​៕ AFP/PSA