កាល​ពី​ថ្ងៃ​អាទិត្យ​ ទី ១៣ ធ្នូ ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Donald Trump ​បាន​សម្រេច​ពន្យារ​ផែនការ​ចាក់​វ៉ាក់សាំង ​Covid-19 ​ជូន​មន្ត្រី​សេតវិមាន​ជាន់​ខ្ពស់​មុន​សាធារណជន​ទូទៅ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។

លោក Trump ​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម ​Twitter ថា៖ «អ្នក​ដែល​ធ្វើ​ការ​នៅ​សេតវិមាន​គួរ​តែ​ទទួល​វ៉ាក់សាំង​នៅ​ពេល​​ក្រោយ​ក្នុង​កម្មវិធី​លើកលែង​តែ​ករណី​ចាំបាច់។​ ខ្ញុំ​បាន​ស្នើ​​សុំ​ឱ្យ​មាន​ការ​កែ​តម្រូវ​នេះ។ ខ្ញុំ​មិន​បាន​គ្រោង​នឹង​ទទួល​វ៉ាក់សាំង​នេះ​ទេ ​ប៉ុន្តែ​ទន្ទឹង​រង់ចាំ​ក្នុង​ការ​ទទួល​នៅ​ពេល​វេលា​សម​ស្រប។ សូម​អរគុណ!»។

ការ​ផ្លាស់ប្ដូរ​ផែនការ​នេះ​បាន​កើត​ឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​កាសែត ​The New York Times​ បាន​រាយការណ៍​ថា​ រដ្ឋបាល​លោក Trump ​គ្រោង​នឹង​ចែកចាយ​វ៉ាក់សាំង​ដល់​បុគ្គលិក​របស់​ខ្លួន​នៅ​ពេល​ដែល​ដូស​ដំបូង​ ដែល​ចំនួន​មាន​កំណត់​ត្រូវ​បាន​គេ​បម្រុង​ទុក​សម្រាប់​បុគ្គលិក​សុខាភិបាល​ប្រឈម​នឹង​ហានិភ័យ​ឆ្លង​ខ្ពស់​។

មុន​ការ​ផ្លាស់ប្ដូរ​ផែនការ​ដោយ​លោក ​Trump ​អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​លោក ​John Ullyot ​បាន​សរសេរ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «មន្ត្រី​ជាន់​ខ្ពស់​នៅ​តាម​ស្ថាប័ន​អំណាច​នីតិ​ទាំង ៣ ​របស់​រដ្ឋាភិបាល​នឹង​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដោយ​អនុលោម​តាម​ពិធីសារ​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​គោល​នយោបាយ​នីតិប្រតិបត្តិ»។

លោក ​Ullyot ​ក៏​បាន​បន្ត​ទៀត​ថា៖ «ប្រជាជន​អាមេរិក​គួរ​តែ​មាន​ទំនុក​ចិត្ត​ថា ​ពួក​គេ​កំពុង​ទទួល​​វ៉ាក់​សាំង​ដែល​មាន​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​ដូចគ្នា​នឹង​វ៉ាក់សាំង​ដែល​មន្ត្រី​ជាន់​ខ្ពស់​នៃ​​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ទទួល​តាម​យោបល់​របស់​អ្នក​ជំនាញ​សុខភាព​សាធារណៈ​ ​និង​ថ្នាក់​ដឹកនាំ​សន្តិ​សុខជាតិ»។

ពី​ខែ​កញ្ញា ​រហូត​ដល់​ខែ​វិច្ឆិកា ​មាន​ព្រឹត្តិការណ៍​នៃ​ការ​រាលដាល​ជំងឺ​ Covid-19 ​ទាក់ទង​នឹង​សេតវិមាន ​ដែល​មាន​ករណី​ឆ្លង​ប្រមាណ​ជាង ​៥០ ករណី​។ កាល​ពី​ដើម​ខែ​តុលា ​លោក​ Trump និង​ភរិយា​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ​ Covid-19 ​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​យោធា ​Walter Reed Medical Center។​ លោក​ Trump បាន​ជា​សះស្បើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​បាន​ទទួល​ឱសថ​សាកល្បង​ផលិត​ពី​អង់ទីគ័រ​របស់​មនុស្ស​ដែល​ជា​សះស្បើយ​ពី Covid-19​។

គេ​មិន​បាន​ដឹង​ថា ​ផែនការ​នេះ​បាន​បម្រុង​ទុក​វ៉ាក់សាំង​ប៉ុន្មាន​សម្រាប់​បុគ្គលិក​សេតវិមាន​ទេ ​ហើយ​ក៏​មិន​ដឹង​ច្បាស់​អំពី​ហេតុផល​ដែល​លោក ​Trump ធ្វើ​ការ​ពន្យារ​ផែនការ​នេះ​ផង​ដែរ។

យ៉ាងណា​មិញ​ក្រោយពី​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុង​គ្រាអាសន្ន​ដោយ​រដ្ឋបាល​ម្ហូប​អាហារ​ និង​ឱសថ​ (FDA) វ៉ាក់សាំង ​Pfizer/BioNTech​ ប្រមាណ ​២,៩ លាន​ដូស ​ត្រូវ​បាន​គេ​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​ចេញ​ពី​ឃ្លាំង​ក្រុមហ៊ុន​ Pfizer ​នៅរដ្ឋ ​Michigan ​តាមរយៈ​យន្តហោះ​ និង​រថយន្ត​កុងតឺន័រ​ហើយ​គេ​រំពឹង​ថា​ វ៉ាក់សាំង​ទាំង​អស់​នឹង​ទៅ​ដល់​មជ្ឈមណ្ឌល​ចែកចាយ​ចំនួន​ ១៤៥​ ទូទាំង​ប្រទេស​នៅ​ត្រឹម​ថ្ងៃ​ចន្ទ ទី ​១៤ ធ្នូ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ​វ៉ាក់សាំង​នេះ ​គឺ​ដឹក​ជញ្ជូន​ក្នុង​ប្រអប់​ដែល​មាន​ប្រភព​ត្រជាក់​ពី​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​កក ​ដើម្បី​រក្សា​សីតុណ្ហភាព -៧០ អង្សា​សេ​ សម្រាប់​ធានា​គុណភាព​នៃ​វ៉ាក់សាំង​។

វ៉ាក់សាំង​ Pfizer/BioNTech គឺ​មាន​ប្រសិទ្ធភាព​ ៩៥% ​ហើយ​មិន​មាន​ផល​ប៉ះពាល់​ច្រើន​ទេ​តែ ​FDA ​បាន​ណែនាំ​ឱ្យ​បុគ្គល​មាន​ប្រវត្តិ​អាល្លែកហ្ស៊ី​ធ្ងន់ធ្ងរ និង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​មុន​នឹង​ចាក់​ ហើយ​ហាមឃាត់​មិន​ឱ្យ​ជន​ក្រោម​អាយុ ​១៥ ​ឆ្នាំ​ទទួល​ការ​ចាក់​ទេ។ ​នៅ​ចក្រភព​អង់គ្លេស​ដែល​អនុញ្ញាត​ឱ្យ​ប្រើ​វ៉ាក់សាំង​នេះ​មុន​គេ ​បាន​ហាមជន​ដែល​មាន​អាល្លែកហ្ស៊ី​ធ្ងន់ធ្ងរ​មិន​ឱ្យ​ទទួល​វ៉ាក់​សាំង​នេះ ក្រោយ​ពី​បុគ្គលិក​សុខាភិបាល​បាន​ប្រតិកម្ម​នឹង​ឱសថ​នេះ។​

ក្រៅ​ពី​ប្រទេស​ទាំង​ ២ នេះ​ប្រទេស​បារ៉ែន ​គុយវ៉ែត និង​មិកស៊ិក ​ក៏​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ Pfizer/BioNTech​ ក្នុង​គ្រាអាសន្ន​ផង​ដែរ។ ​រីឯ​ប្រទេស​កាណាដា ​និង​អារ៉ាប៊ី ​សាអ៊ូឌីត បាន​ធ្វើ​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ពេញលេញ​ហើយ។ ​ប្រទេស​កាណាដា​ ក៏​បាន​ទទួល​វ៉ាក់សាំង​ដំបូង​របស់​ពួក​គេ​នៅ​ថ្ងៃ​ចន្ទ​ ផង​ដែរ។ ​រី​ប្រទេស​បារ៉ែន​ និង​អារ៉ាប់​រួម​ ក៏​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​វ៉ាក់សាំង ​Sinopharm ​របស់​ចិន​ផង​ដែរ ដោយ​បារ៉ែន​ គឺ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុង​គ្រាអាសន្ន​ ហើយ​អារ៉ាប់​រួម​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ពេញ​លេញ។ ​ក្នុង​ការ​ធ្វើ​ការ​សាកល្បង​ដំណាក់កាល​ទី៣​ នៅ​អារ៉ាប់រួម អ្នក​វិទ្យាសាស្ត្រ​បាន​ប្រកាស​ថា ​វ៉ាក់សាំង ​Sinopharm ​គឺ​មាន​ប្រសិទ្ធ​ភាព ៨៦ ​ភាគរយ​ និង​គ្មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ​៕