ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​បង់​ពន្ធ​ត្រឹម​តែ ​៧៥០ ​ដុល្លារ​ប៉ុណ្ណោះ ​ក្នុង ​១ ​ឆ្នាំ ​ដែល​​លោក​ឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី​ និង​ជា​ឆ្នាំ​ដំបូង​របស់​លោក​នៅ​ក្នុង​សេតវិមាន ខណៈ​លោក​បាន​អះអាង​ថា ខ្លួន​មាន​ទ្រព្យ​សម្បត្តិ​រាប់​ពាន់​លាន​ដុល្លារ។​ នេះ​បើ​តាម​កាសែត The New YorkTimes ​ដែល​បាន​ពិនិត្យ​ឯកសារ​ប្រកាស​ពន្ធ​របស់​លោក Trump។

កាល​ពី​ថ្ងៃ​អាទិត្យ​ទី ២៧ ​ខែ​កញ្ញា កាសែត The New York Times បាន​ចេញ​ផ្សាយ​ជា​លើក​ដំបូង​អំពី​ឯកសារ​ប្រកាស​ពន្ធ​របស់​លោក​ Trump។

ឯកសារ​ប្រកាស​ពន្ធ​នេះ ​លោក​ធ្លាប់​បាន​សន្យា​កាល​ពី​ឆ្នាំ ​២០១៦ ​ថា ​លោក​នឹង​បញ្ចេញ​ជា​សាធារណៈ ប៉ុន្តែ​ខុស​ពី​ការ​សន្យា​លោក​បែរ​ជា​ខំ​ការពារ​មិន​ឱ្យ​ចេញ​ជា​សាធារណៈ ​និង​ធ្លាប់​ដាក់​ពាក្យ​បណ្ដឹង​ទៅ​លើ​បុគ្គល ​ដែល​បាន​ខំ​ប្រឹង​ទាមទារ​ឯកសារ​ទាំង​នេះ​។

យ៉ាង​ណា​ក៏​ដោយ ​នៅ​ទីបំផុត​ឮ​ព័ត៌មាន​លម្អិត​នៃ​ឯកសារ​ពន្ធដារ​របស់​លោក Donald Trump បាន​បង្ហាញ​ពី​ភាព​ខុស​ស្រឡះ​ទៅ​នឹង​អ្វី​ដែល​លោក​បាន​និយាយ​ថា​ខ្លួន​ជា​អ្នក​ជំនួញ​ដ៏​វាង​វៃ ​និង​ស្នេហា​ជាតិ ​ត្បិត​គេ​រក​ឃើញ​ថា​ កា​ល​ពី​ឆ្នាំ ​២០១៨ លោក Trump មាន​ចំណូល ​៤៣៤,៩ ​លាន​ដុល្លារ ​តែ​ក្នុង​ឯកសារ​ពន្ធ​លោក​បាន​អះអាង​ថា លោក​បាន​ចំណាយ​ច្រើន​ជាង​ធ្វើ​ឱ្យ​លោក​បាន​ខាត​អស់ ៤៧,៤​ លាន​ដុល្លារ។

នៅ​ពេល​ការ​ចំណាយ​ច្រើន​ជាង​ប្រាក់​ចំណូល​ចង់​មិន​ចង់​ចំនួន​ខាត​បង់​របស់​លោក ​ត្រាំ ​គឺ​ជា​របៀប​ស្រប​ច្បាប់​ដែល​នាំ​ឱ្យ​សេដ្ឋី​ល្បី​ឈ្មោះ​ម្នាក់​នេះ​ត្រូវ​បង់ពន្ធ​តិចតួច ​ឬ​រួច​ខ្លួន​ពី​ការ​បង់​ពន្ធ។ ជាក់​ស្តែង​ក្រោម​ហេតុផល​ថា មាន​ការ​ខាត​បង់​ច្រើន ​លោក Trump ​មិន​តម្រូវ​ឱ្យ​បង់​ពន្ធ​ប្រាក់​ចំណូល​ចំនួន ​១០ ​ឆ្នាំ ​ក្នុង​រយៈ​ពេល ១៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ។

ក្នុង​នោះ​ការ​ប្រកាស​ពន្ធ​របស់​លោក ​Trump ត្រូវ​បាន​គេ​រក​ឃើញ​ថា ​មាន​ការ​ចំណាយ​មិន​ប្រក្រតី​ជា​ច្រើន។ ក្នុង​ឯកសារ​មួយ​លោក​បាន​ដាក់​ការ​ចំណាយ​ប្រាក់​អស់ ៧ ម៉ឺន​ដុល្លារ ​សម្រាប់​ការ​ថែទាំ​សក់​របស់​លោក​ថា ជា​ការ​ចំណាយ​ធ្វើ​អាជីវកម្ម ហើយ​នៅ​ក្នុង​ឯកសារ​មួយ​ទៀត​លោក​បាន​ចំណាយ ​៧៥ ​ម៉ឺន​ដុល្លារ​ ទៅ​កូន​ស្រី​របស់​លោក ​គឺ​ជា​ការ​ចំណាយ​ជួល​អ្នក​ពិគ្រោះ​យោបល់ ​(Consultant)។

ជា​ការ​ឆ្លើយ​តប​នោះ ​លោក Trump បាន​ហៅ​ការ​ផ្សាយ​របស់​កាសែត ​The New York Times ថា​ជា «ព័ត៌មាន​មិន​ពិត» ហើយ​លោក​បាន​ធានា​ថា លោក​បាន​បង់​ពន្ធ ​ទោះបី​ជា​មិន​បាន​បញ្ជាក់​ពី​តួលេខ​ជាក់​លាក់​ក៏​ដោយ។ លោក​ក៏​បាន​ប្ដេជ្ញា​ថា ​ព័ត៌មាន​អំពី​ការ​ប្រកាស​ពន្ធ​របស់​លោក​នឹង​ត្រូវ​បាន​បង្ហាញ ​ប៉ុន្តែ​លោក​មិន​បាន​កំណត់​ពេល​វេលា​សម្រាប់​ការ​បង្ហាញ​នោះ​ទេ។

ឯកសារ​ប្រកាស​ពន្ធ​ទាំង​នេះ​ ក៏​បាន​បង្ហាញ​ថា ​លោក Trump បាន​ជំពាក់​បំណុល​ជាង ​៤២១ ​លាន​ដុល្លារ ​ដែល​ត្រូវ​សង​វិញ​ក្នុង​រយៈ​ពេល ​៤​ ឆ្នាំ​ខាង​មុខ តែ​គេ​មិន​ដឹង​អត្តសញ្ញាណ​របស់​ម្ចាស់​បំណុល​លោក Trump ទេ។ អ្នក​វិភាគ​មួយ​ចំនួន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ឥទ្ធិពល​របស់​ម្ចាស់​បំណុល​ទៅ​លើ​លោក Trump បើ​សិន​លោក​បន្ត​អំណាច​ជា​ប្រធានាធិបតី។

ការ​លើក​ឡើង​អំពី​បំណុល​ក៏​បាន​ធ្វើ​ឱ្យ​អ្នក​វិភាគ​មួយ​ចំនួន​គិត​ទៅ​ដល់​ ហេតុអ្វី​បាន​ជា​ធនាគារ​អាល្លឺម៉ង់ Deutsche Bank ​ផ្ដល់​ប្រាក់​បំណុល ​២ ​ពាន់​លាន​ដុល្លារ ​ដល់​លោក Trump ខណៈ​ពេល​ដែល​ធនាគារ​ផ្សេង​ទៀត ​មិន​បាន​ផ្ដល់​ឱ្យ។ Deutsche Bank ត្រូវ​បាន​គេ​ស៊ើប​អង្កេត​រក​ឃើញ​ថា​ បាន​ជួយ​លាង​លុយ​កខ្វក់​រុស្ស៊ី។ សារព័ត៌មាន​អាល្លឺម៉ង់ DW បាន​រាយការណ៍​ថា​ប្រាក់​បំណុល​ដែល ​Deutsche Bank ​នេះ​ផ្ដល់​ឱ្យ​លោក Trump គឺ​មិនមែន​របស់​ធនាគារ​នេះ​ទេ ​តែDW មិន​អាច​បញ្ជាក់​អត្តសញ្ញាណ​របស់​ម្ចាស់​បំណុល​ពិត។

គួរ​បញ្ជាក់​ថា ​លោក Trump ​គឺ​ជា​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បន្ទាប់​ពី​លោក Richard Nixon ដែល​មិន​បង្ហាញ​ឯកសារ​ប្រកាស​ពន្ធ​ជា​សាធារណៈ។ លោក​បាន​សន្យា​ជាច្រើន​លើក​កាល​ពី​រដូវកាល​បោះឆ្នោត ​២០១៦ ​ថា​ លោក​នឹង​បញ្ចេញ​ឯកសារ​ទាំង​នេះ តែ​លោក​មិន​បាន​គោរព​សម្តី​រហូត​មក​ដល់​សព្វថ្ងៃ​ដោយ​បាន​អះអាង​ថា ឯក​សារ​ទាំង​អស់​នេះ ​គឺ​ស្ថិត​ក្រោម​ការ​ធ្វើ​សវនកម្ម។

កាសែត The New York Times បាន​បដិសេធ​មិន​បញ្ចេញ​ឯកសារ​ជា​សាធារណៈ ​ដើម្បី​ការពារ​ប្រភព​ដែល​ពួក​គេ​អះអាង​ថា​ ប្រភព​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​មើល​ឯកសារ។

តួលេខ​របស់​អង្គភាព​ពន្ធដារ​អាមេរិក​ហៅ​កាត់​ IRS​ បាន​បង្ហាញ​ថា​ ក្នុង​ឆ្នាំ ២០១៧ ជនជាតិ​អាមេរិក​ជា​មធ្យម​បង់ពន្ធ ១២ ២០០ ដុល្លារ ​គឺ​ប្រហែល ១៦ ដង ​ច្រើន​ជាង​អ្វី​ដែល​ប្រធានាធិបតី​រូប​នេះ​បាន​បង់។ នៅ​ឆ្នាំ​ដំបូង​ក្នុង​សេតវិមាន​អតីត​ប្រធានាធិបតី​លោក Barrack Obama បាន​បង់ពន្ធ​ចំណូល​ផ្ទាល់​ខ្លួន​ជាង​ ១,៨ ​លាន​ដុល្លារ ​ដែល​ជា​ចំណូល​ពី​ការ​លក់​សៀវភៅ ​រី​ឯ​លោក George W. Bush វិញ​បាន​បង់​ពន្ធ​ចំណូល​ផ្ទាល់​ខ្លួន​ជាង ​២៥០ ០០០ ដុល្លារ ​ដែល​ជា​ចំណូល​បាន​មក​ពី​ភាគហ៊ុន​ក្នុង​អាជីវកម្ម​មួយ​ចំនួន​៕