ក្រុង​ម៉ិកស៊ីកូ៖ ​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ កាល​ពី​ថ្ងៃ​អង្គារ​បាន​ជួយ​ប្រទេស ​ម៉ិកស៊ិក ​តាម​ស្វែងរក​ចាប់​ខ្លួន​ក្រុម​ឃាតករ ដែល​បាន​បាញ់​សម្លាប់​ក្រុម​ស្ត្រី ​និង​ក្មេង​គ្រួសារ​ Mor mon ៩ ​នាក់​ នៅ​ក្នុង​តំបន់​ព្រំដែន​គ្មាន​អ្នក​គ្រប់គ្រង ​ហើយ​បាន​ថ្លែង​ថា​ អាមេរិក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​គាំទ្រ​ប្រទេស​ជិត​ខាង​ភាគ​ខាង​ត្បូង​របស់​ខ្លួន​នៅ​ក្នុង ​«​សង្គ្រាម​» ​គ្រឿង​ញៀន​អន្តរជាតិ​មួយ​នេះ​។​

ក្រុម​ខ្មាន់​កាំភ្លើង​បាន​ពួន​ស្ទាក់​វាយ​ប្រហារ​​ទៅ​លើ​សមាជិក​គ្រួសារ​ LeBaron ​ជា​ក្រុម​គ្រួសារ​ Mormons ​ធំ​មួយ​ ដែល​បាន​ធ្វើ​អន្តោប្រវេសន៍​ទៅ​រស់នៅ​ប្រទេស ​ម៉ិកស៊ិក ​នៅ​ចុង​សតវត្សរ៍​ទី ​១៩​ នៅ​តាម​ផ្លូវ​ទី​ជនបទ​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ នៅ​ចន្លោះ​រដ្ឋ​ស៊ូណូរ៉ា​ និង​ជីហួរហួរ​ដែល​ជាប់​ព្រំដែន​អាមេរិក​។​

មន្ត្រី​ម៉ិកស៊ិក ​និង​ក្រុម​សាច់​ញាតិ ​បាន​ថ្លែង​ថា​ ស្ត្រី ​៣ ​នាក់ ​និង​ក្មេង ​៦ ​នាក់​បាន​ស្លាប់​ នៅ​ក្នុង​នោះ​មាន​ទារក​ភ្លោះ ​២ ​នាក់​ផង​ដែរ​។ ​ក្មេង ​៦ ​នាក់ ​បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ ដែល​បាន​បណ្តាល​ឲ្យ​រថយន្ត ​៣ ​គ្រឿង ​របស់​ក្រុម​គ្រួសារ​នោះ​ បាន​ធ្លុះ​សុស​សាច់​ដោយ​គ្រាប់​កាំភ្លើង​ និង​ឆេះ​រោល​គ្រប់​ទី​​កន្លែង​។​

លោក ​ដូណាល់​ ត្រាំ​ បាន​សរសេរ​នៅ​លើ​​គេហទំព័រ​ធ្វីធើរ​ថា​៖ «​ប្រសិន​បើ​ប្រទេស ​ម៉ិកស៊ិក ​ត្រូវ​ការ​ឬ​ស្នើសុំ​ឲ្យ​អាមេរិក​ជួយ​នៅ​ក្នុង​ការ​បោស​សម្អាត​ក្រុម​មនុស្ស​អាក្រក់​ទាំង​អស់​នេះ អាមេរិក​បាន​ត្រៀម​រួច​ជា​ស្រេច ​ដោយ​មាន​ឆន្ទៈ ​និង​សមត្ថភាព​ទាក់ទង​ក្នុង​បញ្ហា​នេះ​ ហើយ​ធ្វើ​កិច្ច​ការ​នេះ​ភ្លាម​ឲ្យ​មាន​ប្រសិទ្ធភាព​»​។​

លោក ​ដូណាល់​ ត្រាំ​ បាន​សរសើរ​ប្រធានាធិបតី​​ម៉ិកស៊ិក​លោក Andres ​Manuel-Lopez ​Obrador​ ជុំវិញ​អាទិភាព​វាយ​ប្រហារ​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ ប៉ុន្តែ​លោក​ ​ត្រាំ ​បាន​ថ្លែង​ថា​៖ «​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​អន្តរជាតិ ​បាន​រីក​កាន់​តែ​ធំ​ និង​មាន​អំណាច​យ៉ាង​ខ្លាំង​ ដែល​ជួន​កាល​អ្នក​ត្រូវ​ការ​កម្លាំង​យោធា​មួយ ​ដើម្បី​វាយ​កម្ទេច​យោធា​មួយ​ទៀត​។​

«​នេះ​​ជា​ពេល​វេលា​សម្រាប់​ប្រទេស ​ម៉ិកស៊ិក​ ដែល​ត្រូវ​ការ​ឲ្យ​អាមេរិក​ជួយ​ធ្វើ​សង្គ្រាម ប្រឆាំង​គ្រឿង​ញៀន​អន្តរជាតិ ​និង​បោស​សម្អាត​ពួក​មនុស្ស​អាក្រក់​ទាំង​នោះ​ឲ្យ​អស់​ពី​​ទឹក​ដី​​មួយ​នេះ​»​។​

លោក​ Lopez​ Obrador​ បាន​ថ្លែង​ថា ​លោក​នឹង​ទទួល​យក ​«​កិច្ច​សហ​ប្រតិបត្តិការ​ចាំបាច់​ទាំង​អស់​» ​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ក្រុម​ជន​រងគ្រោះ ​ដែល​ពួក​គេ​ទាំង​អស់​ បាន​រស់នៅ​លើ​ទឹក​ដី​ម៉ិកស៊ិក ​ប៉ុន្តែ​មាន​សញ្ជាតិ ​២។​

ប៉ុន្តែ​ប្រជាជន​ឆ្វេង​និយម​ ដែល​បាន​ប្រកាស​បញ្ចប់ ​«ធ្វើ​សង្គ្រាម​គ្រឿង​ញៀន​» ​នៅ​ម៉ិកស៊ិក​បាន​និយាយ​ថា​ លោក ត្រាំ មិនមែន​កំពុង​ស្វែងរក​សង្គ្រាម​ថ្មី​មួយ​ទៀត​នោះ​ទេ​។​

លោក​បាន​ថ្លែង​ថា​៖ «​យើង​មិន​យល់​ព្រម ​(ជាមួយ​លោក ត្រាំ​) ​នោះ​ទេ​»៕ AFP/SK