កាល​ពី​ថ្ងៃ​អង្គារ​ទី ​៥ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ដាក់​សម្ពាធ​​លើ​លោក​ Mike Pence ដោយ​ធ្វើ​ការ​អះអាង​ថា ​អនុ​ប្រធានាធិបតី​រូប​នេះ​មាន​អំណាច​ជា​ឯកតោភាគី​ ធ្វើ​ការ​ច្រាន​ចោល​លទ្ធផល​ការ​បោះឆ្នោត​ប្រធានាធិបតី​ ២០២០ ដែល​លោក​ Biden បាន​ទទួល​ជ័យជម្នះ។

លោក​ Trump បាន​បង្ហោះសារ​ទៅ​កាន់​បណ្ដាញ​សង្គម​ Twitter ថា​៖ «អនុ​ប្រធានាធិបតី​មាន​អំណាច​ច្រាន​ចោល​អង្គ​បោះឆ្នោត​ ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ការ​ក្លែង​បន្លំ​»​។

សារ​នេះ គឺ​ជា​សកម្មភាព​ចុង​ក្រោយ​បំផុត​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ ​ដើម្បី​ដាក់​សម្ពាធ​លើ​លោក​​ Pence ឱ្យ​ច្រាន​ចោល​លទ្ធផល​​ឆ្នោត​នៅ​ពេល​ដែល​លោក​ដើរ​តួ​ជា​ប្រធាន​នៃ​អង្គ​ប្រជុំ​រួម​នៃ​សភា​អាមេរិក​ ដែល​នឹង​បញ្ជាក់​លទ្ធផល​នៅ​ថ្ងៃ​ពុធ​ ទី ​៦ មករា។

មាន​ការ​រាយការណ៍​ថា ​ក្នុង​អំឡុង​ពេល​អាហារ​ថ្ងៃ​ត្រង់​ប្រចាំ​សប្ដាហ៍​រួម​គ្នា​ដែល​ធ្វើ​ឡើង​ប៉ុន្មាន​​​ម៉ោង​ក្រោយ​លោក​ Trump បង្ហោះ​សារ​លោក​ Pence​​ បាន​ប្រាប់​លោក​ Trump ថា​ ខ្លួន​លោក​មិន​មាន​អំណាច​បែប​នេះ​ទេ​។

តាម​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​អនុ​ប្រធានាធិបតី ​គឺ​ជា​អ្នក​សម្របសម្រួល​អង្គ​ប្រជុំ​នេះ​ និង​ជា​អ្នក​ប្រកាស​អ្នក​ឈ្នះ​តាម​លទ្ធផល​ប៉ុណ្ណោះ ហើយ​មិន​មាន​អំណាច​ច្រាន​ចោល​អង្គ​បោះឆ្នោត​​នោះ​ទេ​។

អំណាច​ច្រាន​ចោល​អង្គ​បោះ​ឆ្នោត ​គឺ​ស្ថិត​លើ​ការ​សម្រេច​របស់​សភា​តំណាង​ និង​ព្រឹទ្ធសភា​តាម​ការ​បោះឆ្នោត​មតិ​ភាគ​ច្រើន​។ ​ការ​ច្រាន​ចោល​អង្គ​​បោះ​ឆ្នោត​សម្រាប់​អាណត្តិ​នេះ​មាន​មតិ​មួយចំនួន​គិត​ថា​ នឹង​មិន​​ធ្វើ​​បាន​ដោយ​ជោគជ័យ​ទេ ដោយ​សារ​សភា​តំណាង​គឺ​គ្រប់គ្រង​ដោយ​បក្ស​ប្រជាធិបតេយ្យ ហើយ​​ថ្នាក់​ដឹកនាំ​បក្ស​សាធារណរដ្ឋ​មាន​ភាគ​តិច​ និង​សមាជិក​​​​​ភាគ​ច្រើន​បាន​ទទួល​ស្គាល់​ជ័យជម្នះ​លោក​ Biden៕