ក្រុងវ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យអាមេរិក គឺលោក ចូ បៃដិន បានថ្លែងកាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើង បច្ចុប្បន្នមានមីស៊ីលចំនួនកាន់តែច្រើនឡើង ដែលក៏ជាមីស៊ីលដ៏គ្រោះថ្នាក់កាន់តែច្រើនឡើងជាងពីមុនផងដែរ មូលហេតុដោយសារតែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប៉ុណ្ណោះ។
លោក ចូ បៃដិន ក៏បានចោទប្រកាន់លោក ដូណាល់ ត្រាំ ពីបទគ្រប់គ្រងអំណាចផ្តាច់ការ ដូចជាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ផងដែរ ខណៈបានធ្វើឱ្យការទំនាក់ទំនងរបស់ប្រទេសជាមួយក្រុមសម្ព័ន្ធមិត្តតាមទម្លាប់របស់ខ្លួនចុះខ្សោយ។
អតីតអនុប្រធានាធិបតីបានថ្លែងនៅក្នុងបទសម្ភាសមួយ ជាមួយសារព័ត៌មាន CBS បណ្តាញទូរទស្សន៍ US រយៈពេល ៦០ នាទីថា៖ «លោក ដូណាល់ ត្រាំ បានគាំទ្រគ្រប់ជនផ្តាច់ការយ៉ាងច្បាស់ក្រឡែត ហើយលោក ត្រាំ បានចង្អុលមុខមិត្តភក្តិរបស់យើងទាំងអស់គ្នាថែមទៀតផង»។
លោក ចូ បៃដិន បានបន្ថែមថា៖ «ហេតុដូច្នេះហើយ អ្វីកំពុងកើតឡើងនៅបច្ចុប្បន្ន គឺអ្នកឯងមានកិច្ចការនៅក្នុងប្រទេសកូរ៉េខាងជើង ដែលជាប្រទេសមានមីស៊ីលគួរឱ្យគ្រោះថ្នាក់កាន់តែខ្លាំងឡើង ហើយប្រទេសកូរ៉េខាងជើង មានសមត្ថភាពកាន់តែច្រើនឡើងបន្ថែមទៀត ដែលពួកគេមានពីមុន»។
សុន្ទរកថារបស់លោក ចូ បៃដិន បានធ្វើឡើងក្រោយពីប្រទេសកុម្មុយនីស្តមួយនេះ បានបង្ហាញមីស៊ីលបាលីស្ទិកអន្តរទ្វីបចម្ងាយឆ្ងាយថ្មីមួយនៅក្នុងព្យុហយាត្រាយោធាមួយ បានធ្វើឡើងកាលពីថ្ងៃទី ១០ ខែតុលា ដើម្បីប្រារព្ធខួបលើកទី៧៥ នៃការបង្កើតបក្សពលករកូរ៉េកំពុងគ្រប់គ្រងអំណាចរបស់ខ្លួន។
លោក ដូណាល់ ត្រាំ បានបើកកិច្ចប្រជុំ ៣ ដង ជាមួយមេដឹកនាំកូរ៉េខាងជើង នៅចន្លោះខែមិថុនា ឆ្នាំ ២០១៨ និងខែមិថុនា ឆ្នាំ ២០១៩ ហើយលោក ត្រាំ បានអះអាងថា៖ «ការទំនាក់ទំនងដ៏ល្អរបស់លោក» ជាមួយលោក គីម ជុងអ៊ុន គឺជាអ្វីដែលបានទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរមួយជាមួយប្រទេសកូរ៉េខាងជើង នោះ។
លោក ត្រាំ បានថ្លែងនៅក្នុងកិច្ចពិភាក្សាទល់មុខគ្នាតាមទូរទស្សន៍ប្រធានាធិបតីចុងក្រោយ ដែលបានរៀបចំធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ថា៖- «អ្វីដែលជាការទស្សន៍ទាយទុកនោះ វាអាចនឹងជាសង្គ្រាមនុយក្លេអ៊ែរមួយ ហើយលោកមានរោងចក្រ ដែលមានសមត្ថភាពអាចផលិតនុយក្លេអ៊ែរបាន។ នៅក្នុងពេលនោះ ខ្ញុំមានទំនាក់ទំនងយ៉ាងល្អមួយ ជាមួយលោក គីម ជុងអ៊ុន យើងមានទំនាក់ទំនងល្អវាគ្មានសង្គ្រាមនុយក្លេអ៊ែរនោះទេ»។
លោក ចូ បៃដិន មានមធ្យោបាយឱ្យលោក ដូណាល់ ត្រាំ ក្លាយជាមិត្ត ហើយលោកនឹងមិនអនុញ្ញាតឱ្យសត្រូវណា បង្កបញ្ហាដល់ប្រទេសអាមេរិកជាដាច់ខាត។
លោក ចូ បៃដិន បានថ្លែងនៅពេលគេសួរថា អ្វីគឺជាការគំរាមកំហែងពីបរទេសធំជាងគេបំផុត ដែលអាមេរិកកំពុងប្រឈមនោះ៕ Yonhap/SK