ក្រុង​គែរ៖ ​ប្រធានាធិបតី​ប្រទេស​អេហ្ស៊ីប​ បាន​ព្រមាន​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ការ​ចូល​ឈ្លាន​ពាន​របស់​កងកម្លាំង​លីប៊ី ​ដែល​​គាំទ្រ​ដោយ​​​តួកគី​ នៅ​ក្នុង​​ទីក្រុង​ស៊ីទី​នៃ​​ប្រទេស​លីប៊ី​ អាច​ធ្វើ​ឲ្យ​មាន​ការ​អន្តរាគមន៍​យោធា​អេហ្ស៊ីប​ជា​បន្ទាន់​មួយ​ នៅ​ក្នុង​ប្រទេស​ក្បែរ​ខាង​មួយ​នេះ​​ នៅ​ក្នុង​ការ​គាំទ្រ​សម្ព័ន្ធ​មិត្ត​លោក ​ហ្គាលីហ្វា​ ហាហ្វតារ ​របស់​ក្រុង​គែរ​។​

ចំណែក​ឯ​ក្រុង​អង់ការ៉ា​វិញ​ បាន​ជំរុញ​ឲ្យ​កង​កម្លាំង​ដឹកនាំ​ដោយ​បុរស​ខ្លាំង​លោក ​ហ្គាលីហ្វា​ ហាហ្វ​តារ​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​កើត​ ឲ្យ​ដក​ចេញ​ពី​ទីក្រុង​យុទ្ធសាស្ត្រ​ ដើម្បី​​ឈាន​ដល់​​បទ​ឈប់​បាញ់​មួយ​​នៅ​ទីនោះ​។​

រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ ​(GNA) ​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ទ្រីប៉ូលី​ បាន​បើក​ការ​វាយ​ប្រហារ​យោធា​ទ្រង់ទ្រាយ​ធំ​ ប្រឆាំង​កង​កម្លាំង​របស់​លោក ​ហ្គាលី​ហ្វា​ ហាហ្វតារ​ កាល​ពី​ពេល​ថ្មី​នេះ​ ដើម្បី​បង្កើន​ការ​គាំទ្រ​ចេញ​ពី​អ្នក​គាំទ្រ​តួកគី​របស់​ខ្លួន​។​

ទីក្រុង​ស៊ីទី​ដ៏​សំខាន់​មួយ​នេះ​ ដែល​លាត​សន្ធឹង​ប្រហែល ​៤៥០ ​គីឡូ​ម៉ែត្រ ​ពី​រដ្ឋធានី​ទ្រីប៉ូលី​ភាគ​ខាង​កើត​ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​កងកម្លាំង​លោក ​ហ្គាលីហ្វា​ ហាហ្វតារ​ ដែល​កាល​ពី​ឆ្នាំ ២០១៩ ​បាន​បើក​ការ​វាយ​ប្រហារ​ថ្មី​​យ៉ាង​ខ្លាំង​ក្លា​ ដើម្បី​ដណ្តើម​យក​ប្រទេស​លីប៊ី​ភាគ​ខាង​លិច ​មក​គ្រប់គ្រង។​

នៅ​ក្នុង​សុន្ទរកថា ​មួយ​ដែល​​បាន​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ ប្រធានាធិបតី​អេហ្ស៊ីប​លោក អាប់ឌែល​ ហ្វាតតាហ៍​ អាល់-ស៊ីស៊ី​ បាន​ថ្លែង​ថា ​ទីក្រុង​ស៊ីទី ​គឺ​ជា ​«​ខ្សែ​បន្ទាត់​ក្រហម​» ​មួយ​​ សម្រាប់​ប្រទេស​អេហ្ស៊ីប ដោយ​បាន​លើក​ឡើង​អំពី​តម្រូវ​ការ​ចំាបាច់​ ​ដើម្បី​ការពារ​ព្រំដែន​​របស់​ខ្លួន​ថា ​ជា​ទឹក​ដី​សម្រាប់ ​«ការ​ធ្វើ​អន្តរាគមន៍​ផ្ទាល់» នៅ​ក្នុង​ប្រទេស​លីប៊ី​។​

លោក​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា​៖ «​​បើ​សិន​​ប្រជាជន​លីប៊ី​ ​ស្នើ​ឲ្យ​យើង​ធ្វើ​អន្តរាគមន៍​នោះ ​​យើង​​នឹង​ធ្វើ​តាម​សំណើ​របស់​ពួក​គេ»​៕ AFP/SK