ក្រុងម៉ានីលៈ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte កាលពីថ្ងៃពុធ បានយកកិច្ចព្រមព្រៀងការពារជាតិរបស់ប្រទេសលោកមកប្រើជាមួយអាមេរិក ជាការឆ្លើយតបយ៉ាងច្បាស់ទៅនឹងការរិះគន់ដែលថាលោកមានការទោរទន់ទៅរកប្រទេស ចិន ចំពោះជម្លោះដែនទឹកនៅក្នុងសមុទ្រខាងត្បូង។
នៅក្នុងបទសម្ភាសមួយតាមទូរទស្សន៍លោកប្រធានាធិបតី Duterte បានថ្លែងថា៖ «បច្ចុប្បន្ននេះ ខ្ញុំកំពុងហៅអាមេរិក ខ្ញុំកំពុងយកកិច្ចព្រមព្រៀងហ្វីលិពីន-អាមេរិក មកប្រើហើយខ្ញុំចង់ឲ្យអាមេរិកប្រមូលផ្តុំកងម៉ារីនទី៧ នៅចំពោះមុខចិន»។
មិនទាន់មានការឆ្លើយតបភ្លាមៗពីអាមេរិកទេ។
តាមការរាយការណ៍ មេដឹកនាំហ្វីលីពីនរូបនេះ បានព្រមាននៅមុនថ្លែងការពារសិទ្ធិរបស់ក្រុងម៉ានីលនៅក្នុងដែនទឹកដែលមានជម្លោះ អាចបង្កឲ្យមានសង្គ្រាមនោះថា៖ «ឥឡូវនេះ ខ្ញុំស្នើពួកគេ យើងនឹងចូលរួមជាមួយពួកគេ ហើយខ្ញុំនឹងជិះនៅទូកដែលលោកឧត្តមនាវីឯកអាមេរិកជិះដែរនោះ»។
កិច្ចព្រមព្រៀងការពារជាតិឆ្នាំ ១៩៥១ របស់ក្រុងម៉ានីល និងក្រុងវ៉ាស៊ីនតោន អនុញ្ញាតឲ្យភាគីទាំង ២ ជួយគ្នាទៅវិញទៅមក នៅពេលណាមួយមានការវាយប្រហារលើ ដែនដីសំខាន់ៗរបស់ខ្លួន ដែនដីនៅកោះ ដែលស្ថិតនៅក្រោមអំណាចច្បាប់នៃកិច្ចព្រមព្រៀងនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ឬការវាយប្រហារលើកងកម្លាំងប្រដាប់អាវុធនាវាសាធារណៈ ឬយន្តហោះនៅមហាសមុទ្រប៉ាស៊ីហ្វិក៕ AFP/PSA