នៅ​ទីបំផុត​អតីត​អនុ​ប្រធានាធិបតី​ និង​ជា​បេក្ខជន​មក​ពី​បក្ស​ប្រជាធិបតេយ្យ​លោក ​Joe Biden ​ត្រូវ​សន្និដ្ឋាន​ថា ​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០។

សារព័ត៌មាន​ AP និង​ Fox News​ បាន​រាយការណ៍​ថា ​លោក ​Biden​ បាន​ឈ្នះ​ដាច់​ក្រោយ​ពី​បាន​សំឡេង​ភាគ​ច្រើន​នៅ​រដ្ឋ ​Pennsylvania​ និង​ Nevada។ លោក​ទទួល​បាន​អង្គ​បោះឆ្នោត​រហូត​ដល់​ទៅ២៩០​ លើស​ចំនួន​ ២៧០​ ដែល​ជា​ចំនួន​កំណត់​ត្រូវ​ការ​សម្រាប់​ឈ្នះ​ឆ្នោត ​ខណៈ​​លោក ​Trump ​ទទួល​បាន​​អង្គ​បោះឆ្នោត​ត្រឹមតែ​ ២១៤​ ប៉ុណ្ណោះ។

ក្នុង​ការ​ថ្លែង​សុន្ទរក​ថា​ក្រោយ​​ពី​បាន​ទទួល​ជ័យជម្នះ​ លោក Biden ​បាន​និយាយ​ថា៖ «ប្រជាជន​នៃ​ប្រជាជាតិ​នេះ ​បាន​បញ្ចេញ​មតិ​របស់​ពួក​គេ​ហើយ។ ​ពួក​គេ​បាន​ប្រគល់​ឱ្យ​យើង​នូវ​ជ័យជម្នះ​យ៉ាង​ច្បាស់ ជ័យ​ជម្នះ​គួរ​ឱ្យ​ជឿជាក់​ និង​ជ័យជម្នះ​សម្រាប់​យើង​ជា​ប្រជាជន»។

លោក​បាន​បន្ត​ទៀត​ថា៖ «ខ្ញុំ​សន្យា​ថា​​នឹង​ធ្វើ​ជា​ប្រធានាធិបតី​ដែល​ព្យាយាម​មិន​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​តែ​មាន​​ការ​បង្រួប​បង្រួម។ ​ជា​ប្រធានាធិបតី​ដែល​​មិន​ឃើញ​រដ្ឋ​ក្រហម​ ឬ​រដ្ឋ​ខៀវ​ទេ តែ​​ឃើញ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ»។

លោក​ Biden ​បន្ត​ថា៖ «ខ្ញុំ​បាន​ឈរ​ឈ្មោះ​តំណែង​នេះ ​គឺ​ដើម្បី​ស្ដារ​ព្រលឹង​របស់​សហរដ្ឋ​អាមេរិក​ឡើង​វិញ​ ដើម្បី​កសាង​ឆ្អឹង​ខ្នង​នៃ​ប្រជាជាតិ​ និង​វណ្ណៈ​កណ្ដាល​ឡើង​វិញ ហើយ​ក៏​ដើម្បី​ធ្វើ​ឱ្យ​អាមេរិក​ទទួល​ការ​គោរព​នៅ​ជុំ​វិញ​ពិភព​លោក​ឡើង​វិញ»។

ងាក​និយាយ​ទៅ​កាន់​អ្នក​បោះឆ្នោត​ឱ្យ​លោក ​Trump​វិញ​ លោក​ Biden ថា៖ «ខ្ញុំ​យល់​ពី​អារម្មណ៍​នៃ​ការ​ខក​ចិត្ត​នៅ​យប់​នេះ​។ ខ្ញុំ​ក៏​ធ្លាប់​ចាញ់​ប៉ុន្មាន​ដង​ដែរ។ ប៉ុន្តែ​ឥឡូវ​នេះ​សូម​ផ្ដល់​ឱកាស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក»។

មេ​ដឹកនាំ​ជុំវិញ​ពិភព​លោក​បាន​អបអរ​សាទរ​ជ័យជម្នះ​របស់​លោក ​Biden ​ដែល​រួម​មាន​នាយក​រដ្ឋមន្ត្រី​កាណាដា​លោក​ Justin Trudeau​ ប្រធានាធិបតី​បារាំង​លោក ​Enmanuel Macron ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក ​Scott Morrison ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក ​Moon Jae-in ​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក ​Boris Johnson និង​អធិការបតី​អាល្លឺម៉ង់​លោកស្រី ​Angela​ Merkel​ ជា​ដើម​។

ដោយ​ឡែក​អ្នក​គាំទ្រ​លោក​ Biden​វិញ​ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​តាម​ដង​ផ្លូវ​ទីក្រុង​សេរី​និយម​ធំៗ​ដូចជា ​Chicago, Los Angeles, New York, Boston, Atlanta, Philadelphia, និង​រដ្ឋធានី​ Washington DC ដើម្បី​អបអរសាទរ​ជ័យជម្នះ​របស់​លោក។ ការ​អបអរ​ធ្វើ​ឡើង​ទន្ទឹម​នឹង​ការ​ធ្វើ​បាតុកម្ម​ របស់​ក្រុម​អ្នក​គាំទ្រ​លោក Trump ដែល​មិន​ទាន់​ទទួល​ស្គាល់​លទ្ធផល​ការ​បោះឆ្នោត ​ដោយ​មាន​ជំនឿ​ថា​ មាន​ការ​ក្លែង​សន្លឹក​ឆ្នោត​។

លទ្ធផល​ថា​ លោក ​Biden​ ឈ្នះ​ត្រូវ​បាន​ប្រកាស​ស្រប​ពេល​លោក ​Trump ​កំពុង​វាយ​កូន​ហ្គោល ​នៅ​ឯ​រដ្ឋ Virginia។ ពេល​លោក​ត្រឡប់​មក​ដល់​សេតវិមាន​វិញ​ ក្រុម​អ្នក​គាំទ្រ​លោក Biden បាន​ប្រមូល​ផ្ដុំ​នៅ​ពី​មុខ​ហើយ​បាន​ស្រែក​ថា «Goodbye»។

គិត​មក​ត្រឹម​ថ្ងៃ​សៅរ៍ ​លោក Donald Trump ​មិន​ទាន់​ប្រកាស​ជា​សាធារណៈ​ទេ​ថា ​លោក​ទទួល​ស្គាល់​លទ្ធផល​ការ​បោះ​ឆ្នោត​ដែរ​ឬទេ? ហើយ​ក៏​មិន​ទាន់​ប្រកាស​ថា ​ទទួល​ស្គាល់​ខ្លួន​ឯង​ចុះ​​ចាញ់​ឬ​ក៏​អត់? ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ លោក Trump ​បាន​អះអាង​ដោយ​មិន​មាន​ភ័ស្តុតាង​ថា ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​គេ «លួច» ​តាម​រយៈ​ការ​ក្លែង​សន្លឹក​ឆ្នោត ​ហើយ​ទាមទារ​ឲ្យ​ឈប់​រាប់​សន្លឹក​ឆ្នោត។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រុម​បាតុករ​គាំទ្រ​លោក Trump ​បាន​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត ​នៅ​តាម​ទី​ក្រុង​ធំៗ​នៅ​រដ្ឋ Swing States មួយ​ចំនួន​។

ក្រុម​អ្នក​គាំទ្រ​លោក ​Trump ​បាន​ប្រើប្រាស់​សារ​ផ្ទុយ​គ្នា​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ចំនួន ​២ ផ្សេង​គ្នា។ ​នៅ​ទី​ក្រុង Detroit រដ្ឋ ​Michigan ពួក​គេ​បាន​ប្រមូល​​ផ្ដុំ​គ្នា​ទាមទារ​ឱ្យ​មន្ត្រី​រៀប​ចំការ​បោះឆ្នោត​ឱ្យ «ឈប់​រាប់​សន្លឹក​ឆ្នោត»​ ក្រោយ​ពី​លោក ​Trump ​បាន​ដាក់​ពាក្យ​បណ្ដឹង។ ​នៅ​រដ្ឋ​ Michigan​ លោក Trump ​បាន​នាំ​មុខ​សំឡេង​ឆ្នោត​​នៅ​ពេល​ដែល​ចាប់​ផ្ដើម​រាប់​ដំបូង ប៉ុន្តែ​លោក​ Biden ​បាន​បន្ថយ​គម្លាត​ រួច​ហើយ​ទទួល​ជ័យជម្នះ​នៅ​ពេល​ដែល​រាប់​ដល់​សន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រអប់​សំបុត្រ​។

រី​ឯ​នៅ​ទីក្រុង​ Phoenix​ រដ្ឋ ​Arizona ​វិញ​ ក្រុម​នេះ​ ដែល​ខ្លះ​មាន​កាន់​កាំភ្លើង​បាន​ទាមទារ​ធ្វើ​ការ «រាប់​សន្លឹក​ឆ្នោត​ទាំង​អស់» ដោយសារ​លោក ​Biden ​ត្រូវ​បាន ​AP ​និង​ Fox News សន្និដ្ឋាន​ថា​លោក​បាន​ទទួល​ជ័យជម្នះ​នៅ​រដ្ឋ​នេះ ​ប៉ុន្តែ​នៅ​សល់​សន្លឹក​ឆ្នោត​មិន​ទាន់​រាប់​ច្រើន ។​ នៅ​ទី​ក្រុង​ដដែល​ក្រុម​អ្នក​គាំទ្រ​លោក ​Trump ក៏​បាន​ប្រឈម​មុខ​ដាក់​គ្នា​ជា​មួយ​ក្រុម​អ្នក​គាំទ្រ​របស់​លោក ​Biden ​ផង​ដែរ​ ប៉ុន្តែ​មិន​មាន​ការ​ប៉ះទង្គិច​ធ្ងន់ធ្ងរ​ទេ​។

នៅ​ទីក្រុង​ Philadelphia​ រដ្ឋ​ Pennsylvania​ វិញ​ប៉ូលិស​បាន​ឈរ​យាម​រវាង​បាតុកម្ម​របស់​ក្រុម​លោក ​Trump ​និង​ក្រុម​លោក ​Biden ដែល​ក្រោយ​មក​ប៉ូលិស​បាន​ដាក់​រនាំង​ដែក​បំបែក​ក្រុម​ទាំង ​២ ​នេះ។

បាតុកម្ម​បាន​កើត​ឡើង​នៅ​ទីក្រុង​សេរី​និយម​ដូច​ជា ​ទីក្រុង ​New York, Seattle, Los Angeles, ​និង​ រដ្ឋធានី​ Washington ​DC ​ក្រោយ​ពី​លោក ​Trump បាន​ប្រកាស​ដោយ​ឯកតោ​ភាគី​កាល​ពី​ថ្ងៃ​ពុធ​ថា ​បាន​ឈ្នះ​ការ​បោះឆ្នោត ​ខណៈ​ពេល​ដែល​សន្លឹក​ឆ្នោត​មិន​ទាន់​រាប់​ហើយ​នៅ​រដ្ឋ​ Swing State ​មួយ​ចំនួន។​ នៅ​សង្កាត់​ Manhattan ប៉ូលិស​បាន​ចាប់​ខ្លួន​បាតុករ​ចំនួន​ ៣០ ​រូប ​ដែល​បាន​ចោទ​ថា ​ពួក​គេ​បាន​រំខាន​បាតុកម្ម​សន្តិភាព​ ដោយ​បាន​ប៉ុនប៉ង​បង្ក​អគិ្គភ័យ ​គប់​សំរាម ​និង​គប់​ពង​មាន់។​

នៅ​ទីក្រុង​ Minneapolis រដ្ឋ Minnesota ​ក្រុម​បាតុកម្ម​ប្រឆាំង​លោក ​Trump​ និង​ក្រុម​បាតុកម្ម ​Black Lives Matter ​បាន​រួម​គ្នា​ដើរ​ក្បួន​ទៅ​បិទ​ផ្លូវ​អន្តរ​រដ្ឋលេខ ៩៤។​ ប៉ូលិស​បាន​ថែម​ពិន័យ​បាតុករ​ចំនួន ៦៤៦ ពី​បទ​ធ្វើ​ឱ្យ​ស្ទះ​ផ្លូវ។​

ថ្ងៃ​ពុធ​លោក ​Trump ​បាន​ដាក់​ពាក្យ​​បណ្ដឹង​នៅ​រដ្ឋ ​Michigan, Georgia,​និង Pennsylvania ហើយ​មួយ​ថ្ងៃ​ក្រោយ​មក​នៅ​រដ្ឋ Nevada​ទៀត​ ដោយ​អះអាង​ថា​ សន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រអប់​សំបុត្រ​នៅ​រដ្ឋ​ទាំង​នេះ ​គឺ​មាន​ភាព​មិន​ប្រក្រតី​ដែល​ពាក្យ​បណ្ដឹង​រដ្ឋ Pennsylvania ​បាន​ឈាន​ទៅ​ដល់​តុលាការ​កំពូល​អាមេរិក។ ការ​ដាក់​ពាក្យ​ បណ្ដឹង​នេះ​ត្រូវ​បាន​គេ​គិត​ថា ​ជា​សកម្មភាព​ដើម្បី​ពន្យារ​ការ​រាប់​សន្លឹក​ឆ្នោត ​និង​ជា​សកម្មភាព​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​លើ​ភាព​ត្រឹមត្រូវ​នៃ​ការ​រាប់​សន្លឹក​​ឆ្នោត។​ លោក Trump​ បាន​ចាញ់​រឿង​ក្ដី​នៅ​រដ្ឋ​ Michigan និង Georgia​ ហើយ​អ្នក​វិភាគ​មួយ​ចំនួន​បាន​គិត​ថា លោក​នឹង​បន្ត​ចាញ់​នៅ​រដ្ឋ​ដទៃ​ទៀត។

នៅ​រដ្ឋធានីLansing ​នៃ​រដ្ឋ ​Michigan ​សភា​គ្រប់គ្រង​ដោយ​សមាជិក​មក​ពី​បក្ស​សាធារណរដ្ឋ​បាន​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​នេះ ​ដោយ​បាន​អះអាង​ថា មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង។​ កាល​ពី​ថ្ងៃ​សៅរ៍ ​សមាជិក​សភា​នេះ​ បាន​បោះឆ្នោត​តាម​ខ្សែ​បន្ទាត់​បក្ស ​ដើម្បី​ចេញ​ដី​កា​ទាញ​យក​កំណត់ត្រា​ការ​បោះឆ្នោត​សម្រាប់​ធ្វើ​ការ​ស៊ើប​អង្កេត។​ ក្រុម​អ្នក​គាំទ្រ​លោក Trump ក៏​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​អគារ​សភា​នេះ ​ដើម្បី​ធ្វើ​ការ​តវ៉ា​លទ្ធផល​ឆ្នោត​។

យ៉ាង​ណា​មិញ​ក្រុមហ៊ុន Facebook ​បាន​​លុប​គណនី​ក្រុម ​(group) ​មួយ​ដែល​​មាន​ឈ្មោះ​ថា​ «បញ្ឈប់​ការ​លួច» ​របស់​អ្នក​គាំទ្រ​លោក ​Trump។ ​គណនី​​ក្រុម​នេះ គឺ​បាន​ប្រើប្រាស់​សម្រាប់​រៀបចំ​បាតុកម្ម​ប្រឆាំង​នឹង​ការ​រាប់​សន្លឹក​ឆ្នោត ​ហើយ​សមាជិក​មួយ​ចំនួន​បាន​ទាមទារ​ឱ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ផង​ដែរ។ សមាជិក​ប្រមាណ ​៣៥ ម៉ឺន​នាក់​នៅ​ក្នុង​ក្រុម​នេះ​ ភាគ​ច្រើន​មាន​ជំនឿ​ថា បក្ស​ប្រជាធិបតេយ្យ ​គឺ​កំពុង «លួច» ជ័យជម្នះ​ការ​បោះឆ្នោត​តាមរយៈ​ការ​ក្លែង​សន្លឹក​ឆ្នោត​។

បើ​ទោះបី​ជា​លោក ​Biden ​ទទួល​បាន​ជ័យជម្នះ​ក៏​ដោយ ​នៅ​សល់​រយៈពេល​ប្រមាណ ​២ ​ខែ​ទៀត ​ទើប​លោក​បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី។ រដ្ឋ​នីមួយៗ​នឹង​ត្រូវ​ធ្វើ​ការ​បញ្ជាក់​លទ្ធផល​ឆ្នោត​ហើយ​តែងតាំង​អង្គ​បោះឆ្នោត​នៅ​រយៈពេល​រវាង​ចុង​ខែ​វិច្ឆិកា​ និង​ដើម​ខែធ្នូ។​ អង្គ​បោះឆ្នោត​នឹង​ចូលរួម​កិច្ច​ប្រជុំ Electoral College ​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ​។ ​លទ្ធផល​នៃ​កិច្ច​ប្រជុំ ​Electoral College ​នឹង​ត្រូវ​បាន​បញ្ជាក់​ដោយ​សម័យ​ប្រជុំ​រួម​នៃ​សភា​តំណាងរាស្ត្រ ​និង​ព្រឹទ្ធសភា​នៅ​ដើម​ខែ​មករា ​ឆ្នាំ ​២០២១។ ​

ប្រធានាធិបតី​ថ្មី​នឹង​ត្រូវ​ធ្វើ​ពាក្យ​សម្បថ​ចូល​កាន់​តំណែង​នៅ​ពាក់​កណ្ដាល​ខែ​មករា៕