ក្រុង​តូក្យូ៖ ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo​ បាន​អំពាវនាវ​ដល់​សម្ព័ន្ធមិត្ត​អាស៊ី​សំខាន់ៗ​ឱ្យ​រួបរួម​គ្នា​ប្រឆាំង​នឹង​សកម្មភាព «កេង​ប្រវ័ញ្ច​ ពុក​រលួយ​ និង​បង្ខិតបង្ខំ» របស់​ប្រទេស​ចិន ​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង សមុទ្រ​ចិន​ខាង​កើត​ទន្លេ​មេគង្គ​ជួរ​ភ្នំ​ហិមាល័យ ​និង​ច្រក​សមុទ្រ​តៃវ៉ាន់ ​ខណ:​​ពេល​​លោក​ចូលរួម​កិច្ច​ប្រជុំ​នៅ​ទីក្រុង​តូក្យូ​​កាល​ពី​ថ្ងៃ​អង្គារ។

លោក Pompeo​ បាន​ថ្លែង បែប​នេះ​ នៅ​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​ភាគី​ជប៉ុន​ ឥណ្ឌា​ និង​អូស្ត្រាលី​ ដែល​រួម​ជាមួយ​នឹង​អាមេរិក​ គឺ​ជា​សមាជិក​ទាំង ៤ នៃ​វេទិកា​យុទ្ធសាស្ត្រ «កិច្ច​សន្ទនា​សន្តិសុខ​ចតុភាគី» ឬ​ហៅ​កាត់ថា Quad។

លោក​បាន​វាយ​ប្រហារ​ចិន​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​បើក​របស់​លោក​ថា៖ «កាល​ពី​យើង​ជួប​គ្នា​ដូច​ពេល​នេះ​​ពី​ឆ្នាំ​មុន​ បរិយាកាស​ពិភព​លោក​ គឺ​ខុស​គ្នា​ខ្លាំង​ណាស់​ពី​ពេល​បច្ចុប្បន្ន។ យើង​មិន​អាច​នឹក​ស្មាន​ថា​ មាន​រោគ​រាត​ត្បាត​ចេញ​ពី Wuhan ​នោះ​ទេ។ វិបត្តិ​នោះ​កាន់​តែ​ធ្ងន់ធ្ងរ ​ដោយសារ​ការ​បិទ​បាំង​របស់ បក្សកុម្មុយនីស្ត​ចិន។ ធម្មជាតិ​នៃ​របប​ផ្ដាច់​ការ​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ឃុំឃាំង​ និង​បំបិទ​មាត់​ប្រជាជន​ចិន​ក្លាហាន​មួយ​ចំនួន​ដែល​បាន​ប្រកាស​អាសន្ន អំពី​ការ​រាត​ត្បាត​ជំងឺ។ អាមេរិក​ឈរ​នៅ​ជាមួយ​អ្នក​រាល់​គ្នា​នៅ​ពេល​យើង​សហការ​គ្នា​ ដើម្បី​យក​ឈ្នះ​លើ​ជំងឺ​រាតត្បាត​ដ៏​សាហាវ​នេះ​ និង​រួមគ្នា​កសាង​សេដ្ឋកិច្ច​របស់​យើង​ឡើង​វិញ»។

សម្ដីរ​បស់​លោក Pompeo ​គឺ​ផ្ទុយ​ពី​សមភាគី​ទាំង ​៣ របស់​លោក​ ដែល​ពួក​គេ​បាន​ចៀសវាង​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​ចិន ​ដោយ​ផ្ទាល់។

ប្រទេស​ជប៉ុន ​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី​ថ្មី​លោក Yoshihide Suga គឺ​កំពុង​ស្វែងរក​តុល្យភាព​រវាង​តម្រូវ​ការ​នៃ​ការ​គាំទ្រ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ជាមួយ​នឹង​បំណង​ប្រាថ្នា​ ដើម្បី​បន្ត​ពង្រឹង​ទំនាក់ទំនង​ជា​មួយ​ប្រទេស​ចិន។ ប៉ុន្តែ​រដ្ឋមន្ត្រី​ទាំង ៤ រូប​ ក្រោយ​មក​បាន​បញ្ជាក់​ថា​ ពួក​គេ​នឹង​បង្កើន​ការ​សម្របសម្រួល ​ដើម្បី​ធានា​សេរីភាព​ និង​ការ​បើក​ចំហ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។

សម្ព័ន្ធមិត្ត​អាមេរិក​នៅ​អាស៊ី​ភាគ​ច្រើន​ពេញ​ចិត្ត​នឹង​ភាព​តឹងរ៉ឹង​របស់​វ៉ាស៊ីនតោន​ចំពោះ​គូប្រជែង​ចិន​ ប៉ុន្តែ​ពួក​គេ​មិន​ស្វាគមន៍​ចំពោះ​ការ​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​ចិន​ ដោយ​លោក Trump ​និង​លោក Pompeo នោះ​ទេ ដើម្បី​ចៀសវាង​មាន​ជម្លោះ​ជាមួយ​ចិន។

ផ្នែក​មួយ​នៃ​បញ្ហា​របស់​សម្ព័ន្ធមិត្ត​អាស៊ី​របស់​ក្រុង​វ៉ាស៊ីនតោន​ គឺ​ការ​ពឹង​ផ្អែក​របស់​ពួក​គេ​លើ​ប្រទេស​ចិន ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម។ យោង​តាម​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​ប្រទេស​ចិន ​គឺ​ជា​គោលដៅ​លេខ ​១ សម្រាប់​ការ​នាំ​ចេញ​របស់​អូស្ត្រាលី​ក្នុង​ឆ្នាំ ២០១៩ លេខ ២ ​សម្រាប់​ការ​នាំ​ចេញ​របស់​ជប៉ុន​ និង​លេខ ៣ សម្រាប់​ការ​នាំ​ចេញ​របស់​ឥណ្ឌា។

ទោះជា​យ៉ាង​ណា ក្រោយ​កិច្ច​ប្រជុំ​ លោក Pompeo បាន​ប្រាប់​កាសែត Nikkei ថា​ អាមេរិក​មាន​គោល​បំណង​កែប្រែ Quad ពី​វេទិកា​យុទ្ធសាស្ត្រ​ឱ្យ​ក្លាយ​ទៅ​ជា​សម្ព័ន្ធភាព​យោធា​មួយ​ ដើម្បី​ប្រឈម​មុខ​ជាមួយ​នឹង​ចិន ហើយ​លោក​ក៏​សង្ឃឹម​ថា ​មាន​ប្រទេស​ផ្សេង​ទៀត​ចូលរួម​ជាមួយ Quad​ ដែរ។

នេះ​គឺ​ជា​លើក​ដំបូង​ក្នុង​រយ:ពេល​ជាង ​១ ឆ្នាំ​ ដែល​លោក Pompeo បាន​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​អាស៊ី​ខាងកើត​ ក្រោយ​ពី​មាន​ការ​រាល​ដាល​ជំងឺ COVID-19 ហើយ​ស្រប​ពេល​ជាមួយ​ការ​កើន​ឡើង​ភាព​តានតឹង​ជាមួយ​ក្រុង​ប៉េកាំង។​

Quad ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០០៧ ក្នុង​គោលបំណង​ប្រជុំ​ពិភាក្សា​អំពី​គោល​នយោបាយ​យោធា​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន​ និង​សមយុទ្ធ​យោធា។ តែ​នៅ​ឆ្នាំ ២០០៨​ អូស្ត្រាលី​បាន​ដក​ខ្លួន​ចេញ ​ជាមួយ​ការ​ផ្លាស់​ប្ដូរ​គោល​នយោបាយ​របស់​ជប៉ុន​ និង​ឥណ្ឌា​ចំពោះ​ចិន​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់ Quad។

Quad ត្រូវ​បាន​បង្កើត​ឡើង​វិញ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ទី៣១​ កាល​ពី​ឆ្នាំ ​២០១៧​ ដែល​ប្រទេស​ទាំង ​៤ បាន​ចូលរួម។ Quad ត្រូវ​បាន​អ្នក​វិភាគ​មួយ​ចំនួន​ដាក់​ងារ​ថា «Asian NATO» ឬ​អង្គការ​ណាតូ​អាស៊ី ដោយ​លើក​ឡើង​ថា Quad អាច​នឹង​រក្សា​តុល្យភាព​ជាមួយ​ចិន​បាន​ហើយ​មាន​សក្ដានុពល​ក្នុង​ការ​ឡោមព័ទ្ធ​ប្រទេស​ចិន​ ប្រសិនបើ​វេទិកា​យុទ្ធសាស្ត្រ​នេះ​ប្រែក្លាយ​ជា​សម្ព័ន្ធភាព​យោធា៕