កាល​ពី​ថ្ងៃ​អាទិត្យ​ ទី ២០ ធ្នូ​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក ​Donald Trump ​បាន​ច្រានចោល​ការ​រាយការណ៍​ដែល​ថា​ លោក​បាន​រៀបចំ​កិច្ច​ប្រជុំ​បន្ទាន់​មួយ​នៅ​សេតវិមាន ​ដើម្បី​ពិភាក្សាពី​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក និង​វិធីសាស្ត្រ​ផ្សេងៗ​ក្នុង​បំណង​ត្រឡប់​លទ្ធផល​ឆ្នោត​លោក ​Biden ​ដែល​ទើប​ឈ្នះ​ការ​បោះឆ្នោត​ឆ្នាំ ​២០២០ នេះ​។

លោក Trump បាន​បង្ហោះសារ​មួយ​នៅ​លើ​បណ្ដាញ​សង្គម Twitter ​ថា៖ ​​«ច្បាប់​អាជ្ញាសឹក=ព័ត៌មាន​ក្លែងក្លាយ ​វា​គ្រាន់​តែ​ការ​រាយការណ៍​អាក្រក់​ ដោយ​ចេតនា​!»។

កាល​ពី​ថ្ងៃ​សៅរ៍​ ទី ១៩ ធ្នូ​ កាសែត ​The New York Times និង CNN ​ចុះ​​​ផ្សាយ​ថា ​លោក ​Trump​ នៅ​ថ្ងៃ​សុក្រ ​១៨ ធ្នូ ​បាន​រៀបចំ​កិច្ច​ប្រជុំ​នៅ​សេតវិមាន​ដែល​មាន​ការ​ចូលរួម​ពី​មេធាវី​ផ្ទាល់​ខ្លួន លោក ​Rudy Giuliani ​និង​មន្ត្រី​សេតវិមាន​មួយ​ចំនួន​ទៀត។​

កិច្ច​ប្រជុំ​នេះ​ក៏​មាន​ការ​ចូលរួម​ពី​បុគ្គល​ចម្រូងចម្រាស​ដូច​ជា​អតីត​មេធាវី​ផ្ទាល់​​​ខ្លួន​លោក ​Trump ​លោកស្រី ​Sidney Powell ដែល​ត្រូវ​បាន​លោក ​Giuliani​ បណ្ដេញ​ចេញ​ពី​ក្រុម​មេធាវី​លោក ​Trump ​កាល​ពី​ខែ​វិច្ឆិកា ​ផង​ដែរ ​និង​អតីត​​​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក ​Michael Flynn ដែល​ទើប​តែ​ទទួល​ការ​​​លើក​លែង​ទោស​កាល​ពី​ចុង​ខែ​វិច្ឆិកា។

ប្រភព​ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​បាន​​​ប្រាប់​សារព័ត៌មាន​ខាង​លើ​ថា ​លោក ​Flynn ​បាន​ណែនាំ​គំនិត​ប្រកាស​​ប្រើច្បាប់​អាជ្ញា​សឹក​ទៅ​កាន់​លោក ​Trump ដែល​គំនិត​នេះ​លោក ​Flynn ធ្លាប់​និយាយ​ជា​សាធារណៈ​កាល​​ពី​ដើម​សប្ដាហ៍​មុន​នៅ​លើ​ទូរទស្សន៍​អភិរក្ស​និយម New smax។ លោក​ថា ​លោក Trump​ អាច​ដាក់​ពង្រាយ​កងទ័ព ​ដើម្បី​រៀបចំ​ការ​បោះឆ្នោត​ម្ដង​ទៀត។ ប៉ុន្ដែ​គេ​នៅ​តែ​មិន​ដឹង​ច្បាស់​ទេ​ថា តើ​លោក Trump យល់ព្រម​​​គំនិត​នេះ ​ឬ​យ៉ាងណា? ​ចំពោះ​អ្នក​​ផ្សេង​ទៀត​នៅ​ក្នុង​បន្ទប់​ប្រជុំ​បាន​ច្រាន​ចោល​គំនិត​នេះ​ទាំង​អស់​គ្នា។

គំនិត​មួយ​ទៀត​ដែល​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ដែរ​នោះ ​គឺ​ការ​តែងតាំង​​លោកស្រី ​Powell ​ជា​រដ្ឋ​អាជ្ញា​ពិសេស​ដើម្បី​ស៊ើប​អង្កេត​លើ​ការ​ក្លែង​បន្លំ​​​ការ​បោះឆ្នោត។ ​នាយ​ខុទ្ទកាល័យ​លោក ​Trump គឺ​លោក Mark Meadow និង​មេធាវី​សេតវិមាន​លោក​​​ Pat Cipollone ​បាន​ច្រាន​ចោល​​គំនិត​តែងតាំង​នេះ​ជា​ច្រើន​ដង ​ដោយសារ​ការ​អះអាង​របស់​លោកស្រី ​Powell ​គឺ​ជា​ការ​អះអាង​បែប​ជ្រុល​និយម ហើយ​​គ្មាន​ភ័ស្តុតាង​ដែល​ថា​ វ៉េណេស៊ុយអេឡា​បាន​លូកដៃ​ក្នុង​ការ​បោះឆ្នោត ​២០២០។ ចំពោះ​គំនិត​ផ្សេង​​ទៀត​ គឺ​ជជែក​ពី​ការ​ចេញ​បញ្ជា​រឹបអូស​ម៉ាស៊ីន​រាប់​សន្លឹក​ឆ្នោត​ និង​បើក​ការ​ស៊ើប​អង្កេត​​ពិនិត្យ​ម៉ាស៊ីន​ទាំង​នោះ​។

លោក ​Cipollone​ បាន​ប្រាប់​លោក ​Trump ថា ​គ្មាន​អំណាច​ដែល​ស្រប​តាម​​​រដ្ឋ​ធម្មនុញ្ញ​សម្រាប់​ធ្វើ​អ្វី​ដែល​កំពុង​ត្រូវ​បាន​ពិភាក្សា​នោះ​ទេ។​ ទីប្រឹក្សា​សេតវិមាន​ផ្សេង​ទៀត ​និង​ក្រុម​យុទ្ធនាការ​បោះឆ្នោត​លោក Trump បាន​យល់​ឃើញ​ដូច​គ្នា​នឹង​លោក ​Cipollone ដែរ​ពេល​ពិភាក្សា​ក្នុង​កិច្ចប្រជុំ។ ​ដោយសារ​មិន​ចុះ​សម្រុង​ភាព​តានតឹង​ក្នុង​កិច្ច​ប្រជុំ​នេះ​ក៏​បាន​កើត​ឡើង ​ដោយ​​​មាន​ការ​ស្រែក​ដាក់​គ្នា​ទៅ​វិញ​ទៅ​​​មក។ លោកស្រី ​Powel l​និង​លោក ​Flynn ​បាន​ចោទ​ប្រកាន់​ទី​ប្រឹក្សា​លោក ​Trump ​ផ្សេង​ទៀត​ថា ​បាន​និង​កំពុង​បោះបង់​ចោល​ប្រធានាធិបតី ​Trump ​ខណៈ​ពេល​ដែល​លោក​កំពុង​តវ៉ា​ឱ្យ​មាន​ការ​ត្រឡប់​លទ្ធផល​បោះ​ឆ្នោត។

ចាប់​តាំង​ពី​ការ​បោះឆ្នោត​មក​ម្ល៉េះ​លោក​ ​Trump​ បាន​ជំរុញ​ឱ្យ​អគ្គ​រដ្ឋអាជ្ញា​លោក ​William Barr តែងតាំង​រដ្ឋ​អាជ្ញា​ពិសេស​មួយ​ ដើម្បី​ពិនិត្យ​មើល​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​​ក៏​ដូច​ជា​រដ្ឋ​អាជ្ញា​ពិសេស​ម្នាក់​ទៀត ​ដើម្បី​ស៊ើប​អង្កេត​លោក ​Hunter Biden ​ជា​កូន​ប្រុស​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក ​Joe Biden។

លោក ​Trump​ បាន​ចាញ់​ការ​បោះឆ្នោត​ដោយ​​ទទួល​សំឡេង​គាំទ្រ​តិច​ជាង​ប្រធានាធិបតី​ជាប់​ឆ្នោត​ជាង ​៧ លាន​សំឡេង។ ​រដ្ឋ​ទាំង​អស់​បាន​បញ្ជាក់​លទ្ធផល​នៃ​ការ​បោះឆ្នោត​រួច​រាល់​ហើយ ​និង​អង្គ​បោះឆ្នោត​តំណាង (Electoral College) ក៏​បាន​បោះឆ្នោត​​​ឱ្យ​លោក Biden ​ក្នុង​សំឡេង ​៣០៦-២៣២។

ការ​​តវ៉ា​របស់​លោក Trump​ នៅ​តុលាការ​ដែល​មាន​ជាង​ ៤០ ​ពាក្យ​បណ្ដឹង​ គឺ​បាន​បរាជ័យ​សឹង​តែ​ទាំង​អស់ ​ដោយ​ថ្មីៗ​នេះ​តុលាការ​កំពូល​បាន​ច្រានចោល​ពាក្យ​បណ្ដឹង​ចំនួន​ ២ ទៀត។ តែ​បើទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ លោក​ Trump ​ដែល​មាន​ការ​គាំទ្រ​ពី​បុគ្គល​ចម្រូងចម្រាស​ដូច​ជា​លោកស្រី​ Powell លោក Flynn ​និង​លោក ​Giuliani នៅ​តែ​បន្ត​ការ​តវ៉ា ហើយ​បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ទៀត​នៅ​រដ្ឋ​ Pennsylvania ​ទៅ​កាន់​តុលាការ​កំពូល​តែ​អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា​ ពាក្យ​បណ្ដឹង​នេះ​នឹង​បរាជ័យ​ដូច​ពាក្យ​បណ្ដឹង​មុនៗ​៕