កាល​ពី​ថ្ងៃ​សុក្រ ទី ១១ ខែ​ធ្នូ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក ​Donald Trump​ បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​តុលាការ​កំពូល​ឱ្យ​សម្រេច​ត្រឡប់​លទ្ធផល​​ការ​បោះឆ្នោត​នៅ​រដ្ឋ​ដែល​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក ​Joe Biden​ បាន​ឈ្នះ​ដែល​ក្រោយ​មក​ពាក្យ​បណ្ដឹង​នេះ​ត្រូវ​​បាន​ច្រាន​ចោល​ជា​ឯកច្ឆន្ទ​ដោយ​​តុលាការ​កំពូល​នៅ​​ថ្ងៃ​ដដែល។

លោក ​Trump​ បាន​បង្ហោះ​សារ​តាម​​ប្រព័ន្ធ​សង្គម ​Twitter ​ថា​៖ «ឥឡូវ​នេះ​រដ្ឋបាល ​Biden ​នឹង​​ក្លាយ​រដ្ឋបាល​រញ៉េរញ៉ៃ​ពោរពេញ​ទៅ​ដោយ​រឿង​អាស្រូវ​សម្រាប់​រយៈពេល​​​រាប់​ឆ្នាំ​ខាង​មុខ​។ ហេតុ​នេះ ​គឺ​ធ្វើ​ឱ្យ​កាន់​តែ​ងាយ​ស្រួល​សម្រាប់​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ក្នុង​ការ​អនុវត្ត​តាម​រដ្ឋ​ធម្មនុញ្ញ​ និង​ធ្វើ​អ្វី​ដែល​​​មនុស្ស​គ្រប់​គ្នា​ដឹង​ថា​ ត្រូវ​តែ​ធ្វើ។

ពួក​គេ​ត្រូវ​តែ​បង្ហាញ​ភាព​ក្លាហាន​ និង​ប្រាជ្ញា​ដ៏​អស្ចារ្យ។​ ជួយ​សង្គ្រោះ​សហរដ្ឋ​អាមេរិក​!!!»។

ក្នុង​សារ​បន្ទាប់​លោក​ Trump ​បាន​​សរសេរ​ថា៖ «ប្រសិន​បើ​តុលាការ​កំពូល​បង្ហាញ​ពី​ប្រាជ្ញា​​ និង​ភាព​ក្លាហាន​ដ៏​អស្ចារ្យ ​ប្រជាជន​អាមេរិក​នឹង​ឈ្នះ​រឿង​ក្ដី​ដែល​​ប្រហែល​សំខាន់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​ដំណើរ​ការ​បោះឆ្នោត​របស់​យើង​​នឹង​ត្រូវ​បាន​គោរព​ម្ដង​ទៀត​!»។

សារ​របស់​លោក ​Trump ​គឺ​ហាក់​​ដូច​ជា​លោក​សង្ឃឹម​ថា​ ចៅក្រម​​អភិរក្ស​និយម​ទាំង ៦ ​ក្នុង​​ចំណោម​​ចៅក្រម​សរុប​ទាំង ៩ ​នឹង​ធ្វើ​ការ​សម្រេច​ពន្យារ​ការ​ជួប​ប្រជុំ​អង្គ​បោះឆ្នោត​នៅ​រដ្ឋ ​Georgia, Michigan, Pennsylvania, និង Wisconsin តាម​ការ​ស្នើ​របស់​ពាក្យ​​បណ្ដឹង។ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ចំណោម​ចៅក្រម​អភិរក្ស​និយម​ទាំង ៦ ​ចៅ​ក្រម​​​ចំនួន ៣ រូប ​គឺ​តែងតាំង​ដោយ​លោក ​Trump​ ដែល​ការ​តែងតាំង​ចុង​ក្រោយ​​​បំផុត ​គឺ​បាន​ធ្វើ​ឡើង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ មុន​ការ​បោះឆ្នោត។

ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​លោក ​Trump ​បង្ហោះ​សារ​នេះ​ចៅក្រម​ទាំង ​៩ រូប នៃ​តុលាការ​កំពូល​បាន​ចេញ​បង្គាប់​ដ៏​​ខ្លី​មួយ​​​មាន​ប្រវែង ​១ ​ទំព័រ​ ច្រានចោល​​ពាក្យ​បណ្ដឹង​នេះ។ ​ក្នុង​លិខិត​បង្គាប់​តុលាការ​បាន​ប្រកាស​ថា៖ «សំណើ​ដាក់​ពាក្យ​បណ្ដឹង​របស់​រដ្ឋ ​Texas ត្រូវ​បាន​ច្រានចោល​​​ដោយ​ខ្វះ​ជំហរ​ប្ដឹង​ស្រប​តាម​មាត្រា ​៣ ​នៃ​រដ្ឋ​ធម្មនុញ្ញ។ រដ្ឋ​ Texas មិន​បាន​​បង្ហាញ​ថា ​ពួក​គេ​ គឺ​ត្រូវ​បាន​ប៉ះពាល់​ដោយ​របៀប​ធ្វើ​ការ​បោះ​ឆ្នោត​នៅ​រដ្ឋ​ផ្សេង​ទៀត​ទេ»។ ការ​សម្រេច​នេះ​ ​​គឺ​ជា​ការ​សម្រេច​​ឯកច្ឆន្ទ​ដោយ​ចៅក្រម​ចំនួន ​៧ រូប ​ច្រាន​ចោល​សំណើ​ភ្លាមៗ​ហើយ​ចៅក្រម ២ រូប​ផ្សេង​ទៀត​គិត​ថា​ រដ្ឋ​មាន​សិទ្ធិ​ដាក់​សំណើ​តែ​​​បញ្ជាក់​ថា ​ពួក​គេ​នឹង​មិន​សម្រេច​តាម​សំណើ​នេះ​ទេ​។

លោក ​Trump​ បាន​ប្រតិកម្ម​តាមរយៈ ​Twitter ថា៖ «តុលាការ​កំពូល​ពិត​ជា​ធ្វើ​ឱ្យ​យើង​ខកចិត្ត។ គ្មាន​ប្រាជ្ញា​គ្មាន​ភាព​ក្លាហាន!»។ អ្នក​ផ្ដួច​ផ្ដើម​ពាក្យ​បណ្ដឹង ​អគ្គ​រដ្ឋអាជ្ញា​នៃ​រដ្ឋ​ Texas ​លោក ​Ken Paxton ​ដែល​ជា​សម្ព័ន្ធមិត្ត​យ៉ាង​ជិតស្និទ្ធ​របស់​លោក ​Trump បាន​អះអាង​ដោយ​​មិន​មាន​ភ័ស្តុតាង​ក្នុង​ពាក្យ​បណ្ដឹង​ថា មាន​ភាព​មិន​ប្រក្រតី​​កើត​ឡើង​ក្នុង​ការ​បោះឆ្នោត​​ផ្ញើ​តាម​ប្រអប់​សំបុត្រ​នៅ​រដ្ឋ​ទាំង ៤ នេះ ​ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធផល​ការ​​បោះ​​ឆ្នោត​ទាំង​មូល​ និង​ធ្វើ​ឱ្យ​មាន​វិសមភាព​រវាង​អ្នក​បោះឆ្នោត​ពី​រដ្ឋ ​១ ​ទៅ​រដ្ឋ ​១។

លោក ​Paxton ​បាន​ស្នើ​ទៅ​​កាន់​តុលាការ​កំពូល​ឱ្យ​ពន្យារការ​ជួប​ប្រជុំ ​Electoral College ​របស់​រដ្ឋ​ទាំង ៤ ​​នេះ ​ដើម្បី​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​បោះឆ្នោត​នេះ។ ប្រសិន​បើ​ការ​​ជួប​ប្រជុំ​អង្គ​បោះឆ្នោត​ ត្រូវ​​បាន​ពន្យារ​រហូត​ដល់​ថ្ងៃទី ៦​​ ខែ ​មករា​ ឆ្នាំ ២០២១​ នោះ​សំឡេង​​​ឆ្នោត​របស់​រដ្ឋ​ទាំង​នេះ​នឹង​ត្រូវ​បាន​ចាត់​ទុក​ជាមោឃៈ។

ក្រោយ​ពី​លោក ​Paxton ​ដាក់​ពាក្យ​បណ្ដឹង ​លោក ​Trump ​រួម​ជាមួយ​សមាជិក​សភា​តំណាងរាស្ត្រ​មក​ពី​បក្ស​សាធារណរដ្ឋ​ចំនួន​ ១២៥ ​​រូប​ និង​រដ្ឋ​ក្រហម​ចំនួន ១៧ បាន​ដាក់​​សំណើ​ទៅ​កាន់​តុលាការ​កំពូល ​ដើម្បី​ចូលរួម​ធ្វើ​ជា​ភាគី​ដើម​បណ្ដឹង​ផង​ដែរ។ ​រីឯ​រដ្ឋ​ជាង ២០ ផ្សេង​ទៀត​បាន​ដាក់​សំណើ​​ទៅ​កាន់​តុលាការ​កំពូល​ឱ្យ​ច្រាន​ចោល​ពាក្យ​បណ្ដឹង​នេះ​។

កាល​ពី​ថ្ងៃ​អង្គារ ទី ​៨​ ធ្នូ​ តុលាការ​កំពូល​ក៏​បាន​ច្រាន​ចោល​ពាក្យ​​បណ្ដឹង​ស្រដៀង​គ្នា​នឹង​ពាក្យ​បណ្ដឹង​ខាង​លើ​ដែល​បាន​ប្ដឹង​ដោយ​សមាជិក​បក្ស​សាធារណរដ្ឋ​នៅ Pennsylvania ដើម្បី​ត្រឡប់​លទ្ធផល​ថា ​លោក ​Biden ​ឈ្នះ​នៅ​រដ្ឋ​នោះ។ ​អ្នក​វិភាគ​មួយ​ចំនួន​បាន​យល់​ថា ​ការ​​​សម្រេច​របស់​តុលាការ​កំពូល​ទាំង​នេះ ​គឺ​ជា​សញ្ញា​នៃ​ចុង​បញ្ចប់​ការ​តវ៉ា​លទ្ធផល​ការ​បោះ​ឆ្នោត​ដោយ​​លោក Trump។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​លោក ​Trump នៅ​តែ​ប្រកាន់​ជំហរ​ថា ​លោក​បាន​ឈ្នះ​ការ​បោះឆ្នោត​ឆ្នាំ ​២០២០​ ហើយ​លោក​ Biden ​បាន​លួច​ជ័យជម្នះ​នេះ​ ដោយ​ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត។​ រដ្ឋ​ទាំង ​៥០ នៃ​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​បញ្ជាក់​លទ្ធផល​ការ​បោះឆ្នោត​រួច​ជា​ស្រេច​ដោយ​​មិន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ណា​មួយ​ទេ ​ហើយ​បាន​តែង​តាំង​អង្គ​​បោះឆ្នោត​រួច​ជា​ស្រេច។

អង្គ​បោះឆ្នោត​ទូទាំង​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ការ​ជួប​ប្រជុំ​ Electoral College​នៅ​ថ្ងៃ​ចន្ទ ទី ១៤ ធ្នូ ​ហើយ​នឹង​សម្រេច​ថា ​លោក ​Biden ជា​ប្រធានាធិបតី​នឹង​បញ្ជូន​លទ្ធផល​ទៅ​សភា​អាមេរិក។ នៅ​ថ្ងៃទី ៦​ ខែ មករា ​ឆ្នាំ ២០២១ សភា​អាមេរិក​នឹង​ជួប​ប្រជុំ​ក្នុង​សម័យ​ប្រជុំ​រួម​ ដើម្បី​បញ្ជាក់​ការ​សម្រេច​របស់​អង្គ​បោះឆ្នោត ​ហើយ​ប្រធានាធិបតី​នឹង​ចូល​កាន់​តំណែង​នៅ​ម៉ោង ​១២ ​ថ្ងៃទី ២០​ ខែ មករា​ ឆ្នាំ ២០២១៕