កាល​ពី​ថ្ងៃ​សៅរ៍​ ទី​ ៥ ​ខែ​ធ្នូ ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Donald Trump ​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ជាមួយ​អភិបាល​រដ្ឋ​ Georgia លោក Brian Kemp ដើម្បី​ជំរុញ​ឱ្យ​លោក​ Kemp កោះ​ប្រជុំ​ពិសេស​នៃ​សភារដ្ឋ​ Georgia ហើយ​បញ្ចុះបញ្ចូល​សមាជិក​សភា​ឱ្យ​ច្រាន​ចោល​ជ័យជម្នះ​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក ​Joe Biden ​និង​ធ្វើ​ការ​តែងតាំង​អង្គ​បោះឆ្នោត​គាំទ្រ លោក ​Trump វិញ។

កាសែត ​Washington Post ​បាន​រាយការណ៍​រឿង​នេះ​មុន​គេ​ ដោយ​ផ្អែក​លើ​ប្រភព​អនាមិក ​១ ​រូប ​ដែល​បាន​ដឹង​ពី​ការ​ហៅ​តាម​ទូរស័ព្ទ​នេះ។​ ប្រភព​នេះ​ក៏​បាន​និយាយ​ដែរ​ថា​ លោក ​Kemp បាន​ច្រាន​ចោល​មិន​ធ្វើ​តាម​ការ​ទាមទារ​របស់​លោក ​Trump ដោយ​លើក​ឡើង​ថា​ លោក​មិន​មាន​អំណាច​ធ្វើ​បែប​នេះ​ទេ។​ លោក​ Trump ​ក៏​បាន​ទាមទារ​ឱ្យ​លោក ​Kemp ធ្វើ​សវនកម្ម​លើ​ហត្ថលេខា​អ្នក​បោះឆ្នោត​ចុះ​លើ​សន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រអប់​សំបុត្រ​ ដោយ​​អះអាង​ថា​ លោក​នឹង​ឈ្នះ​បើ​សិន​ធ្វើ​សវនកម្ម​នេះ។

ក្រោយ​មក​ខុទ្ទកាល័យ​លោក ​Kemp ​បាន​បញ្ជាក់​ថា​ លោក ​Trump ​ពិត​ជា​បាន​ធ្វើ​ការ​ទាមទារ​នេះ​មែន​ ហើយ​លោក​អភិបាល​មិន​បាន​ធ្វើ​តាម​ទេ ​ដោយសារ​​មាន​ច្បាប់​ហាម​ឃាត់​មិន​ឱ្យ​ជ្រៀតជ្រែក​ក្នុង​កិច្ច​ការ​បោះឆ្នោត។ ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ ខុទ្ទកាល័យ​លោក ​Kemp ​បាន​សរសេរ​ថា៖ ​«ដូច​ដែល​លោក​​អភិបាល​បាន​មាន​ប្រសាសន៍​ម្ដង​ហើយ​ម្ដង​ទៀត​ថា ​លោក​នឹង​បន្ត​អនុវត្ត​តាម​ច្បាប់ ​និង​​គាំទ្រ​រដ្ឋលេខាធិការ​ឱ្យ​ចាត់​វិធានការ​សម​ហេតុផល ​រួម​ទាំង​ការ​ធ្វើ​សវនកម្ម​សំណាក ​ហត្ថលេខា​ដើម្បី​ស្ដារ​ទំនុក​ចិត្ត​ និង​ដោះស្រាយ​បញ្ហា​ធ្ងន់ធ្ងរ​ដែល​ត្រូវ​បាន​លើក​ឡើង»។

លោក Trump ​បាន​វាយ​ប្រហារ​លោក ​Kemp តាម​បណ្ដាញ​​សង្គម​ Twitter ថា៖ «ខ្ញុំ​នឹង​ឈ្នះ​រដ្ឋ ​Georgia យ៉ាង​លឿន ​និង​យ៉ាង​ងាយ​ បើ​សិន​អភិបាល ​Brian Kemp និង​រដ្ឋលេខាធិការ​បាន​អនុញ្ញាត​ការ​ផ្ទៀង​ផ្ទាត់​ហត្ថលេខា។ ​មិន​ទាន់​បាន​ធ្វើ​ហើយ​នឹង​បង្ហាញ​ភាព​ខុស​ទ្រង់ទ្រាយ​ធំ។ ហេតុអ្វី​បាន​ជា ​«បុគ្គល​សាធារណរដ្ឋ» ទាំង ​២ ​នាក់​​នេះ​និយាយ​ថា​ទេ? ប្រសិន​យើង​​ឈ្នះ​រដ្ឋ​ Georgia អ្វីៗ​ផ្សេង​ទៀត​នឹង​ទៅ​មុខ​»។

លោក Kemp បាន​ឆ្លើយ​តប​លើ Twitter វិញ​ថា​ លោក​បាន​អំពាវនាវ​ជា​សាធារណៈ​ឱ្យ​ធ្វើ​សវនកម្ម​ហត្ថលេខា​ចំនួន ​៣ ​លើក​​រួច​ទៅ​ហើយ។ ​ការ​ឆ្លើយតប​នេះ​ធ្វើ​ឱ្យ​លោក ​Trump ​បង្ហោះ​សារ​ថា៖ «ប៉ុន្តែ​អ្នក​មិន​ដែល​​បាន​ទទួល​ការ​បញ្ជាក់​ហត្ថលេខា​ទេ​! បុគ្គលិក​របស់​អ្នក​​បាន​បដិសេធ​មិន​ធ្វើ​អ្វី​ដែល​អ្នក​បាន​ស្នើសុំ។ ​តើ​ពួក​គេ​កំពុង​លាក់​អ្វី​ខ្លះ​? យ៉ាង​ហោច​ណាស់​ត្រូវ​ស្នើ​សុំ​ធ្វើ​សម័យ​ប្រជុំ​ពិសេស​​នៃ​សភារដ្ឋ​នេះ​ជា​បន្ទាន់។ អ្នក​អាច​ធ្វើ​បាន​យ៉ាង​ងាយ​ និង​ភ្លាមៗ​។ តម្លាភាព»។

ការ​ទំនាក់ទំនង​ និង​ការ​ផ្លាស់​ប្ដូរ​ពាក្យ​សម្ដី​ទាំង​នេះ​ធ្វើ​ឡើង​រយៈពេល​ប៉ុន្មាន​ម៉ោង​មុន​លោក ​Trump ​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ ​Georgia ​ដើម្បី​ចូលរួម​យុទ្ធនាការ​បោះ​ឆ្នោត​ជុំទី២ របស់​បេក្ខជន​​​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណ​រដ្ឋ ​២ រូប​ តែ​លោក ​Brian Kemp មិន​បាន​ចូលរួម​ទេ ដោយសារ​​លោក​ត្រូវ​ចូលរួម​ពិធី​បុណ្យ​សព។ ​នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​របស់​លោក​ក្នុង​កម្មវិធី​នយោបាយ​ចាប់​តាំង​ពី​ថ្ងៃទី ​៣ ​ខែវិ​ច្ឆិកា ​លោក Trump បន្ត​ធ្វើ​ការ​ចោទ​ប្រកាន់​ដោយ​មិន​មាន​ភ័ស្តុតាង​ថា​៖ «ពួក​គេ​បាន​លេង​ខូច​ និង​ក្លែង​បន្លំ​ការ​​​បោះឆ្នោត​ប្រធានាធិបតី​របស់​យើង ​ប៉ុន្តែ​យើង​នៅ​តែ​ឈ្នះ។ ​ពួក​គេ​ក៏​នឹង​ព្យាយាម​ក្លែងបន្លំ​ការ​​បោះឆ្នោត​នេះ​ផង​ដែរ»។

ការ​ប៉ះ​ទង្គិច​គ្នារ​វាង​លោក ​Trump​ និង​លោក ​Kemp រួម​ជាមួយ​នឹង​ការ​អះអាង​មិន​មាន​ភ័ស្តុតាង​របស់​លោក Trump​ បាន​ធ្វើ​ឱ្យ​សមាជិក​បក្ស​សាធារណរដ្ឋ​មួយ​ចំនួន​មាន​ការ​ព្រួយបារម្ភ​ថា​ បក្ស​ពួក​គេ​នឹង​ចាញ់​ការ​បោះឆ្នោត​សមាជិក​ព្រឹទ្ធសភា​ជុំ​ទី​២ នេះ។​

បើ​​សិន​បក្ស​ប្រជាធិបតេយ្យ​ឈ្នះ​អាសនៈ ​២ នេះ ​បក្ស​សាធារណរដ្ឋ​នឹង​បាត់​បង់​សំឡេង​ភាគ​ច្រើន​ក្នុង​ព្រឹទ្ធសភា និង​ធ្វើ​ឱ្យ​សំឡេង​ស្មើ​គ្នា ៥០-៥០។

នៅ​ថ្ងៃ​ដដែល​លោក​ Trump​ បាន​អះអាង​ថា​ រឿង​ក្ដី​តវ៉ា​លទ្ធផល​បោះឆ្នោត​ដែល​លោក​បាន​ចាញ់​នៅ​ទូទាំង​រដ្ឋ​សំខាន់ ​នឹង​ប្ដឹង​ទៅ​កាន់​តុលាការ​កំពូល​អាមេរិក។​មក​ដល់​ពេល នេះ​លោក​ Biden ត្រូវ​បាន​គេ​សន្មត​ថា​ ទទួល​បាន​អង្គបោះ​ឆ្នោត​ចំនួន​ ៣០៦ ២៣២ ​គ្រប់គ្រាន់​សម្រាប់​​ទទួល​ជ័យជម្នះ។ ​ដំណើរការ​ផ្ទេរ​អំណាច​បាន​ចាប់​ផ្ដើម​ជា​​ស្ថាពរ​ហើយ ​និង​លោក ​Biden ​បាន​ចាប់​ចេញ​ឈ្មោះ​គណៈរដ្ឋមន្ត្រី​បណ្ដើរៗ​ តែ​លោក Trump​ នៅ​តែ​ប្រកាន់​យក​ជំហរ​ថា​លោក​បាន​ឈ្នះ​ការ​បោះឆ្នោត ​២០២០ ​និង​អះអាង​ដោយ​មិន​មាន​ភ័ស្តុតាង​ថា​ មាន​ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​៕