ក្រុងប៉េកាំង៖ ​នៅ​មុន​ជំនួប​កម្រិត​ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​ ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​កាល​ពី​ថ្ងៃ​ចន្ទ​ សហគមន៍​អន្តរជាតិ​រំពឹង​ថា ​ក្រុម​មេ​ដឹកនាំ​ពិភព​លោក​នឹង​បង្កើត​កិច្ច​ប្រឹងប្រែង​រួម ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ជា​សកល​នានា។

ឆ្នាំ​នេះ ​គឺ​ជា​ខួប​លើក​ទី​៧៥ ​របស់​ UN​ ដែល​យល់​ថា ​ខ្លួន​កំពុង​ឈរ​នៅ​ចំ​ចំណុច​ប្រសព្វ​មួយ​ទៀត ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ទាក់ទង​នឹង​ភាព​ឯកតោ​និយម​ និង​គាំពារ​និយម​កំពុង​កើន​ឡើង។ ​

លោក​អគ្គលេខាធិការ​ UN ​អង់តូនីញ៉ូ​ ហ្គុយតឺរេស​ បាន​ថ្លែង​ នៅ​ពេល​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​មហាសន្និ​បាត​ UN ​លើក​ទី​៧៥ ​(UNGA)​ ថា​ខណៈ​ដែល​យើង​ប្រារព្ធខួប​លើក​ទី​៧៥ ​របស់ ​UN នេះ ​វា​ពិត​ជា​ច្បាស់​ណាស់​ថា​ ពិភពលោក​មាន​ក្តី​រំពឹង​ខ្ពស់​លើ​យើង ​ថា​ជា​វេទិកា​ដ៏​សំខាន់​សម្រាប់​ពហុភាគី​និយម ​និង​កិច្ច​សហ​ប្រតិបត្តិការ​ទៅ​លើ​ប្រព័ន្ធ​អន្តរជាតិ​ដែល​ពឹង​ផ្អែក​ទៅ​លើ​គោលការណ៍​នានា។

កាល​ពី​ថ្ងៃ​ចន្ទ​ ប្រទេស​សមាជិក​ UN​ ត្រូវ​បាន​រំពឹង​ទុក​នឹង​អនុម័ត​សេចក្តី​ប្រកាស​មួយ​ដោយ​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ជា​ថ្មី ​ចំពោះ​ការ​បង្កើន​ពហុភាគី​និយម​។​

នៅ​ក្នុង​សុន្ទរកថា ​ថ្លែង​បើក​ជំនួប​ UNGA លោក ​Volkan Bozkir​ ប្រធាន​មហាសន្និបាត ​UN ​លើក​ទី​៧៥​ (UNGA)​ បាន​ថ្លែង​ថា បរិបទ​ដែល​យើង​កំពុង​ធ្វើ​ការ​នេះ ​គឺ​ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​ពី​ភាព​ចាំបាច់​នៃ​ប្រព័ន្ធ​ពហុភាគី​ និង​ជំរុញ​ឲ្យ​យើង​ទាំង​អស់​គ្នា​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​ UN​ ដើម្បី​ដោះស្រាយ​ឧបសគ្គ​នានា​ដូច​ជា​ជំងឺ​រាតត្បាត​កូវីដ ​១៩ ​ជា​ដើម​។

ជំងឺ​ដែល​កំពុង​រាត​ត្បាត​នៅ​ទូទាំង​ពិភព​លោក ​បាន​ឆ្លង​ទៅ​មនុស្ស​ជាង ​៣០ ​លាន​នាក់ ​និង​បណ្តាល​ឲ្យ​មនុស្ស​ជិត ​១ ​លាន​នាក់​ស្លាប់​។

លោក​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​ Cyril Ramaphosa ​បាន​ថ្លែង​តាម​វីដេអូ​ខន់ហ្វើរិន​របស់ ​UN​ កាល​ពី​ព្រហស្បតិ៍​ថា ​នៅ​ក្នុង​ពេល​ដ៏​សំខាន់​នេះ ​នេះ​គឺ​ជា​ឱកាស​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ​ដើម្បី​បង្កើត​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ និង​ច្បាស់លាស់​ជាង​មុន។ សម្រាប់​ទ្វីប​អាហ្រ្វិក​មាគ៌ា​ ដែល​យើង​ប្រកាន់​យក​នោះ​ គឺ​ច្បាស់​ណាស់។ ​របៀបវារៈ ​ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់ ​UN ​នៅ​ឆ្នាំ ​២០៣០ ​គឺ​គម្រោង​ ១ សម្រាប់​កិច្ច​សហការ​​ និង​ភាព​ជា​ដៃ​គូ​សកល​៕ Xinhua/PSA