នៅ​សល់​តែ​ចំនួន ២០ ​ថ្ងៃ​ទៀត​ទេ ​គណបក្ស​កុម្មុយនីស្ត​វៀតណាម​ (CPV) នឹង​ធ្វើ​ការ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ប្រទេស​ និង​សម្រេច​គោលនយោបាយ​ថ្មី​សម្រាប់​អនុវត្ត​ផែនការ ៥ ឆ្នាំ​ខាង​មុខ ​ក្នុង​កិច្ច​ប្រជុំ​មហាសន្និបាត​បក្ស​ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​ជាង​ ១ ​សប្ដាហ៍ ហើយ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី ​២៥ មករា ២០២១​។ គេ​រំពឹង​ថា ​មហាសន្និបាត​ទី​១៣ នេះ នឹង​មាន​ការ​រង្គោះរង្គើ​ថ្នាក់​ដឹកនាំ​តែ​មិន​មាន​ការ​កែប្រែ​គោលនយោបាយ​ច្រើន​ទេ​។

ប្រទេស​វៀតណាម ​មាន​រចនា​សម្ព័ន្ធ​ដឹកនាំ​ «សសរ​បួន​» ដែល​អំណាច​ត្រូវ​បាន​បែងចែក​រវាង​បុគ្គល​ចំនួន ​៤​ គឺ​អគ្គលេខា​បក្ស​កុម្មុយនីស្ត​វៀតណាម​ប្រធានាធិបតី ​នាយករដ្ឋមន្ត្រី និង​ប្រធាន​រដ្ឋសភា​។ តែ​ដំណើរការ​ជ្រើសរើស​មេ​ដឹកនាំ​ធំៗ​ទាំង​ ៤ នេះ​នៅ​តែ​មាន​ភាព​ស្រពេចស្រពិល​នៅ​ឡើយ​។

ជា​ផ្លូវ​ការ​ក្នុង​មហាសន្និបាត​ ប្រតិភូ​បក្ស​ចំនួន ១ ៦០០ នាក់ ​​មក​ពី​ទូទាំង​ប្រទេស​នឹង​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មាធិការ​កណ្ដាល​បក្ស​ CPV ប្រមាណ ២០០ នាក់​។ គណៈកម្មាធិការ​កណ្ដាល​នឹង​តែងតាំង​សមាជិក​ការិយាល័យ​នយោបាយ (Politburo) ចំនួន ​១៧ ទៅ​ ១៩ ​នាក់ ហើយ​ជ្រើសរើស​សមាជិក​ Politburo មួយ​រូប​ឱ្យ​ធ្វើ​ជា​អគ្គលេខា​បក្ស​។

Politburo នឹង​ធ្វើ​ការ​ណែនាំ​តែងតាំង​បេក្ខជន​សម្រាប់​នាយក​រដ្ឋមន្ត្រី ​និង​គណៈរដ្ឋមន្ត្រី​ទៅ​កាន់​រដ្ឋសភា​។ Politburo ក៏​នឹង​ធ្វើ​ការ​ណែនាំ​តែងតាំង​បេក្ខជន​តំណែង​ប្រធានាធិបតី​ និង​ប្រធាន​រដ្ឋសភា​ទៅ​កាន់​រដ្ឋសភា​ផង​ដែរ​។

តែ​ជាក់​ស្ដែង​ដំណើរការ​នេះ ​គឺ​មាន​លក្ខណៈ​សម្ងាត់​ ហើយ​ធ្វើ​ជុំវិញ​ការ​សាងសង់​មូលមតិ​ និង​ប្រកួត​ប្រជែង​ដណ្ដើម​ការ​គ្រប់គ្រង​ Politburo​ ហើយ​តំណែង​ទាំង​ ៤ ត្រូវ​បាន​សម្រេច​ទុក​ជា​មុន​ទៅ​ហើយ​។ កាល​ពី​ថ្ងៃ​ទី ​១៤ ខែ​ធ្នូ​ ២០២០ គណៈកម្មាធិការ​កណ្ដាល​អាណត្តិ​បច្ចុប្បន្ន​បាន​ធ្វើ​កិច្ច​ប្រជុំ ​៥ ​ថ្ងៃ​ ដើម្បី​ពិភាក្សា​ «ឯកសារ​បុគ្គលិក» ដែល​ជាក់ស្ដែង ​គឺ​ជា​កិច្ច​ប្រជុំ​សម្រាប់​សម្រេច​ការ​តែងតាំង​តំណែង​សំខាន់​ៗ ដែល​ការ​សម្រេច​ទាំង​នេះ​ នឹង​ត្រូវ​ប្រកាស​ជា​សាធារណៈ​នៅ​មហាសន្និបាត​បក្ស​ខាង​មុខ​នេះ​។

មហាសន្និបាត​អាណត្តិ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​មាន​ការ​ប្រកួត​ប្រជែង​ហើយ​មិន​អាច​ទាយ​ទុក​ជា​មុន​បាន​បើ​ប្រៀបធៀប​ទៅ​នឹង​មហាសន្និបាត​អាណត្តិ​ ២០១៦​។ សារព័ត៌មាន​ក្នុង​​ស្រុក​ក៏​បាន​កត់​សម្គាល់​អំពី​កង្វះ​បេក្ខជន​ច្បាស់​លាស់​ដែល​​អាច​ទទួល​តំណែង «សសរ ៤»​។

សំណួរ​ដែល​សំខាន់​មួយ​គឺ​ថា ​តើ​អគ្គលេខា​បក្ស​លោក​ Nguyen PhuTrong អាច​រក្សា​តំណែង​របស់​លោក​បាន​ដែរ​ឬ​ទេ​។ តាម​ពិត​លោក​ Trong ​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​អ្នក​នយោបាយ​វៀតណាម​ដទៃ​ទៀត ដែល​មាន​អំណាច​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។

កាល​ពី​មហាសន្និបាត​ឆ្នាំ ​២០១៦ លោក​ Trong បាន​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដក​នាយករដ្ឋមន្ត្រី Nguyen Tan Dung ដោយ​ជោគជ័យ​។ លោក​ក៏​បាន​ដឹកនាំ​​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ដែល​លុប​បំបាត់​គូ​ប្រជែង​​នយោបាយ​របស់​លោក​ជា​ច្រើន។ លោក​បាន​ទទួល​តំណែង​ជា​ប្រធានាធិបតី​ផង​ដែរ ​បន្ទាប់​ពី​មរណភាព​របស់​អ្នក​កាន់​តំណែង​មុន​នៅ​ឆ្នាំ​ ២០១៨​។

តែ​ច្បាប់​គណបក្ស​បាន​កំណត់​​​ឱ្យ​អគ្គលេខា​បក្ស​កាន់​តំណែង​តែ​ ​២ អាណត្តិ​ប៉ុណ្ណោះ​ហើយ​ឥឡូវ​នេះ លោក​ Trong គឺ​កំពុង​​នៅ​អាណត្តិ​ទី​២ ទៅ​ហើយ។ បន្ថែម​ពី​លើ​នេះ លោក​ក៏​មាន​បញ្ហា​សុខភាព​ផង​ដែរ​ ដោយ​កាល​​ពី​ឆ្នាំ ​២០១៩​ លោក​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ ហើយ​ក្រោយ​មក​លោក​គឺ​មាន​សភាព​ទន់​ខ្សោយ​។

អ្នក​វិភាគ​មួយ​ចំនួន​​គិត​ថា ​លោក​ Trong អាច​​ប្ដូរ​ច្បាប់​បក្ស​ ដើម្បី​បន្ត​អាណត្តិ ឬ​លាលែង​ពី​តំណែង​ហើយ​ធ្វើ​ការ​ជ្រើសរើស​អ្នក​បន្ត​តំណែង​ដោយ​ផ្ទាល់​ខ្លួន​លោក។ លោក​ Trong អាច​នឹង​តែងតាំង​មនុស្ស​​​ជំនិត​របស់​លោក ​គឺ​លោក Tran Quoc Vuong ដែល​ជា​សមាជិក​អចិន្រៃ្តយ៍​នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិការ​កណ្ដាល​បក្ស ហើយ​ជា​អ្នក​ដឹកនាំ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​លោក Trong​។

រីឯ​លោក​នាយក​រដ្ឋមន្ត្រី​ Nguyen Xuan Phuc វិញ​អាច​​ប្រជែង​ដើម្បី​បន្ត​អាណត្តិ ឬ​ឈរ​ឈ្មោះ​ធ្វើ​ជា​បេក្ខភាព​អគ្គលេខា​បក្ស​។ លោក Phuc​ហាក់​ដូចជា​មាន​ប្រជាប្រិយ​ខ្ពស់​ បន្ទាប់​ពី​ពេល ១ ឆ្នាំ​ដែល​ប្រទេស​វៀតណាម ​បាន​ធ្វើ​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ និង​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់ ​និង​អន្តរជាតិ​ជា​ច្រើន​ ខណៈ​ពេល​ដែល​ដឹកនាំ​ដោយ​មាន​ស្ថិរភាព​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ ​បាន​យ៉ាង​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ​។ លោក​ Phuc អាច​នឹង​ជួប​ការ​ប្រជែង​ពី​បេក្ខជន​ជិត​ស្និទ្ធ​នឹង​លោក​ Trong ជា​ពិសេស​គឺ លោក ​Voung​៕