កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ ទី ២៩ ខែ​កញ្ញា ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​លោក Joe Biden​ បាន​ធ្វើ​ការ​តស៊ូ​មតិ​ជាមួយ​គ្នា​ជា​លើក​ទី១​ ដែល​ពោរពេញ​ទៅ​ដោយ​ភាព​តានតឹង​ និង​ច្របូកច្របល់។

អ្នក​នយោបាយ​ទាំង ​2 ​នាក់​ទោះ​ជា​មាន​អាយុ​ជាង ​៧០ ​ឆ្នាំ​អស់​ហើយ​ក៏​ដោយ ប៉ុន្តែ​បាន​ប្រើ​សម្តី​អសុរោះ​ប្រមាថ​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​ Biden ​បាន​ហៅ​លោក Trump ថា​ជា​មនុស្ស «ល្ងីល្ងើ» (Clown) ​ហើយ​លោក Trump វិញ​បាន​ហៅ​លោក ​Joe Biden ថា​ជា​មនុស្ស «កុហក»។

ក្នុង​ការ​តស៊ូ​មតិ​នោះ លោក​Trump ​បាន​និយាយ​ឡូឡា​កាត់​សម្ដី​លោក Biden ​និង​អ្នក​សម្រប​សម្រួល​លោក Chris Wallace​ ជា​ច្រើន​លើក​ច្រើន​សា​ហើយ​បាន​ធ្វើ​ការ​អះអាង​ដោយ​គ្មាន​ភ័ស្តុតាង​ជា​ច្រើន​ទៀត។ សកម្មភាព​របស់​លោក ​Trump ត្រូវ​បាន​គេ​គិត​ថា ​បាន​រំលោភ​ទៅ​លើ​លក្ខខណ្ឌ​នៃ​ការ​តស៊ូ​មតិ​នេះ។

លោក Wallace ​ជា​ពិធីករ​កម្មវិធី​ព័ត៌មាន​នៅ​ទូរទស្សន៍ Fox News បាន​ទទូច​ម្ដង​ហើយ​ម្ដង​ទៀត​ដល់​ប្រធានាធិបតី​រូប​នេះ ​ដើម្បី​អនុញ្ញាត​ឱ្យ​លោក Biden ​ឆ្លើយ​សំណួរ។ ​នៅ​ពេល​ដែល​លោក Trump ​បាន​ជំទាស់​ថា​ លោក Biden កំពុង​កាត់​សម្ដី​របស់​ខ្លួន​លោក ​Wallace​ បាន​ឆ្លើយ​ថា៖ «និយាយ​ឱ្យ​ត្រង់​លោក​បាន​ធ្វើ​ឱ្យ​មាន​ការ​រំខាន​ច្រើន​ជាង»។

នៅ​ពេល​មួយ​លោក ​Wallace ​បាន​និយាយ​បែប​លេង​សើច​ទៅ​កាន់​លោក Trump ​ថា ​លោក​​ និង​លោក ​ត្រាំ​ គួរ​តែ​ផ្លាស់​ប្ដូរ​កន្លែង​គ្នា​ដោយ​ឱ្យ​លោក Trump ​ធ្វើ​អ្នក​សម្របសម្រួល​វិញ​ព្រោះ លោក Trump និយាយ​កាត់​សម្ដី​គ្រប់​ភាគី។

លោក ​Biden​ បាន​និយាយ​ថា៖ «តើ​អ្នក​អាច​នឹង​បិទ​មាត់​ទេ?» ​នៅ​ចំណុច​មួយ​ដែល​លោក Donald Trump បាន​កាត់​សម្ដី​លោក​។

លោក Trump ​ក៏​បាន​វាយ​ប្រហារ​កូន​ប្រុស​របស់​លោក Biden លោក Hunter Biden ដោយ​លើក​រឿង​ពី​អតីតកាល​ដែល​លោក Hunter ប្រើប្រាស់​ថ្នាំ​ញៀន​នាំ​ឱ្យ​មាន​ការ​បណ្ដេញ​ចេញ​ពី​កង​ទ័ព​ជើង​ទឹក​។ លោក Trump ក៏​បាន​ចោទ​លោក Hunter ដោយ​គ្មាន​ភ័ស្តុតាង​ថា​​ លោក​បាន​ទទួល​ប្រាក់​រាប់​លាន​ដុល្លារ​ពី​ជន​ជាតិ​រុស្ស៊ី។ លោក Biden បាន​ការពារ​កូន​របស់​លោក​ដោយ​បាន​លើក​ឡើង​ថា កូន​របស់​គាត់​ក៏​ដូច​ជា​មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ដែល មាន​បញ្ហា​ញៀន​ថ្នាំ ហើយ​​គាត់​មាន​មោទនភាព​ណាស់​ដែល​កូន​គាត់​ផ្ដាច់​គ្រឿង​ញៀន​បាន​សម្រេច។

ក្នុង​ការ​តស៊ូ​មតិ​នេះ ​លោក Trump ​បដិសេធ​មិន​ថ្កោល​ទោស​ក្រុម​លើក​តម្កើង​ជនជាតិ​ស្បែក​ស Proud Boys ​ដែល​ប្រកាន់​ និង​បណ្ដុះ​គំនិត​រើសអើង​ពូជសាសន៍​អាហ្វ្រិក អាស៊ី អាមេរិក​ខាងត្បូង និង​ជន​អន្តោប្រវេសន៍​ចូល​ប្រទេស។

លោក Trump បាន​ថ្លែង​ថា «Proud Boys, stand back and stand by» ​ដែល​មាន​ន័យ​ថា Proud Boys ត្រូវ​ដក​ថយ​សិន​តែ​ត្រូវ​ត្រៀម​ខ្លួន។ ​ក្រុម​ Proud ​Boys បាន​យល់​សម្ដី​របស់ លោក Trump ថា ពួក​គេ​ត្រូវ​ត្រៀម​ខ្លួន ​ដើម្បី​ប្រមូល​ផ្ដុំ​គ្នា។

អ្នក​នយោបាយ​ទាំង ២ រូប​បាន​ចំណាយ​ពេល​ភាគ​ច្រើន​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មិន​បាន​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​គោលនយោបាយ​របស់​ខ្លួន។ ​អ្នក​សម្រប​សម្រួល​បាន​ចោទ​សួរ​លោក Trump ​ទៅ​លើ​គម្រោង​របស់​លោក​ក្នុង​ការ​លុប​ចោល​ និង​ជំនួស​គម្រោង​ធានា​រ៉ាប់រង​សុខភាព Affordable Care Act​ ឬ​គេ​ហៅ​ថា Obama Care លោក​បាន​ត្រឹម​ឆ្លើយ​ថា​ លោក​ចង់​ធ្វើ​គម្រោង​នេះ ​តែ​លោក​មិន​បាន​បញ្ជាក់​ថា ​លោក​នឹង​ធ្វើ​ដូច​ម្ដេច។ ជាមួយ​គ្នា​នេះ អ្នក​សម្រប​សម្រួល​បាន​ចោទ​សួរ​ទៅ​កាន់​លោក ​Biden អំពី​ជំហរ​របស់​លោក​ក្នុង​ការ​បន្ថែម​អាសនៈ​​នៅ​ក្នុង​តុលាការ​កំពូល​ប្រសិន​បើ​បក្ស​ប្រជាធិបតេយ្យ​ឈ្នះ​ឆ្នោត​ ប៉ុន្តែ​លោក​បាន​ត្រឹមតែ​សម្លឹង​ទៅ​កាមេរ៉ា និង​ជំរុញ​ឱ្យ​ប្រជាជន​អាមេរិក​ទៅ​បោះ​ឆ្នោត​តែ​ប៉ុណ្ណោះ។

ក្នុង​ការ​ឆ្លើយ​សំណួរ​ជា​ច្រើន​ដង​លោក Biden ​ហាក់​ដូច​ជា​ព្យាយាម​សម្លឹង​ទៅ​កាមេរ៉ា ​ដើម្បី​និយាយ​ទៅ​កាន់​ប្រជាជន​អាមេរិក​ឱ្យ​ទៅ​បោះ​ឆ្នោត​ហើយ ​និង​និយាយ​ត​ទល់​ទៅ​នឹង​ការ​អះ​អាង​របស់​លោក ​Trump។ ចំណែក​ឯលោក Trump ព្យាយាម​ក្ដោបក្ដាប់​ការ​តស៊ូ​មតិ​នេះ​រួម​ទាំង​លោក Biden ​ផង តាមរយៈ​ការ​ពិពណ៌នា​ថា​ លោក Biden ​មាន​សមត្ថភាព​ខ្សោយ​នៅ​លើ​ផ្នែក «ច្បាប់ ​និង​សណ្ដាប់​ធ្នាប់» ក៏​ដូច​ជា​ឆន្ទៈ​របស់​អ្នក​សេរី​នៅ​ក្នុង​ជួរ​បក្ស​របស់​ខ្លួន​ផង​ដែរ​ ដោយ​លើក​ឡើង​ថា «ប្រជាជន​នៅ​ក្នុង​ប្រទេស​នេះ​ទាមទារ ​និង​ចង់​បាន​នូវ​ច្បាប់ ​និង​សណ្ដាប់​ធ្នាប់​តែ​លោក​ភ័យ​ខ្លាច​មិន​ហ៊ាន​សូម្បី​និយាយ​អំពី​វា»។

ក្រោយ​ពី​ការ​តស៊ូ​មតិ​បាន​ចប់​ភ្នាក់ងារ​ព័ត៌មាន​ និង​សហការី​របស់ CNN ​បាន​លើក​ឡើង​ថា «នេះ​គឺ​ជា​ការ​តស៊ូ​មតិ​អាក្រក់​ជាង​គេ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ឃើញ» និង​ថា «ការ​តស៊ូ​មតិ​នេះ​គឺ​រញ៉េរញ៉ៃ​បែប (Shitshow)»។ លោក Wallace បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ដែល​សុបិន​ថា ​វា​នឹង​ប្រព្រឹត្ត​ទៅ​តាម​ផ្លូវ​ខុស​បែប​នេះ​ទេ»។ លោក Trump​ បាន​រិះគន់​លោក Wallaceថា ​មាន​ភាព​លម្អៀង​ទៅ​រក​លោក Biden ​បើ​ទោះបី​លោក​ធ្វើ​ការ​នៅ FoxNews ក្តី។

វេទិកា​តស៊ូ​មតិ​ប្រធានាធិបតី​នេះ​ គឺ​ជា​កម្មវិធី​ទី១ ​ក្នុង​ចំណោម​ការ​តស៊ូមតិ​ប្រធានាធិបតី​ចំនួន ​៣។ ការ​តស៊ូមតិ​ប្រធានាធិបតី​លើក​ទី​២ ​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី ១៥ ​ខែតុលា និង​ការ​តស៊ូ​មតិ​ប្រធានាធិបតី​លើក​ទី៣ ​នៅ​ថ្ងៃ​ទី ២២ ខែតុលា ហើយ​ការ​តស៊ូមតិ​របស់​អនុ​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី ៧​ ខែតុលា។ គណៈ​កម្មាធិការ​រៀបចំ​ការ​តស៊ូ​មតិ​ប្រធានាធិបតី​បាន​សន្យា​ថា​ នឹង​កែប្រែ​បទប្បញ្ញត្តិ​នៃ​ការ​តស៊ូ​មតិ ​ដើម្បី​កុំ​ឱ្យ​មាន​រឿង​នេះ​កើត​ឡើង​ទៀត​។

ការ​បោះ​ឆ្នោត​កំពុង​ដំណើរការ​រួច​ហើយ​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន ​រួម​ទាំង​សមរ​ភូមិ​សំខាន់ៗ​ដូច​ជា​រដ្ឋ Pennsylvania​ និង​រដ្ឋ ​Michigan។ នៅ​ទូ​ទាំង​ប្រទេស​ប្រជាជន​ជិត ១,៣ លាន​នាក់​ បាន​បោះ​ឆ្នោត​រួច​ហើយ ​តាម​រយៈ​ការ​បោះ​ឆ្នោត​តាម​ប្រអប់​សំបុត្រ​៕