អាជ្ញាធរ​ចក្រភព​អង់គ្លេស​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ​ផលិត​ដោយ​ក្រុមហ៊ុន​ AstraZeneca ​និង​សាកល​វិទ្យាល័យ ​Oxford ខណៈ​ពេល​ដែល​ប្រធាន​ក្រុមហ៊ុន​បាន​អះអាង​ថា​ វ៉ាក់សាំង​ពួកគេ​គឺ​មាន​ប្រសិទ្ធភាព​ស្រដៀង​នឹង​វ៉ាក់សាំង​ផលិត​ដោយ ​Pfizer/BioNTech និង Moderna។

ប្រភព​ព័ត៌មាន​ដែល​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ​បាន​ប្រាប់​ព័ត៌មាន ​Bloomberg ថា​ ទីភ្នាក់ងារ​និយតកម្ម​ឱសថ ​និង​ផលិតផល​ថែរក្សា​សុខភាព ​(MHRA) អាច​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង ​AstraZeneca/Oxford ​នៅ​ដើម​សប្ដាហ៍​នេះ។​ រី​ឯ​កាសែត ​The Telegraph វិញ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សៅរ៍ ​ទី ២៦ ធ្នូ ថា​រដ្ឋាភិបាល​អង់គ្លេស ​គឺ​កំពុង​រៀបចំ​ផែនការ​ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​នេះ​នៅ​ថ្ងៃទី ៤ ​ខែ មករា ឆ្នាំ ២០២១ ​ដែល​រួមមាន​គោលដៅ​ឱ្យ​ប្រជាជន ២ លាន​នាក់ ​ទទួល​បាន​ដូសទី១ ​នៃ​វ៉ាក់សាំង ​AstraZeneca/Oxford ឬ​វ៉ាក់សាំង Pfizer/BioNTech ត្រឹម​ដំណាច់​សប្ដាហ៍​ដំបូង​នៃ​ឆ្នាំ ២០២១​។

ជា​ការ​ឆ្លើយ​តប​នឹង​ការ​រាយការណ៍​ទាំង​នេះ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​អង់គ្លេស​មួយ​រូប​បាន​និយាយ​ថា៖ «និយតករ​ឱសថ​កំពុង​ពិនិត្យ​មើល​លើ​ទិន្នន័យ​ចុង​ក្រោយ​ពី​ការ​សាកល្បង​ដំណាក់កាល​ទី៣ ​នៃ​វ៉ាក់សាំង​សាកល​វិទ្យាល័យ ​Oxford/ AstraZeneca ​ដើម្បី​កំណត់​ថា ​តើ​វ៉ាក់សាំង​នេះ​បាន​បំពេញ​ស្តង់ដា​គុណភាព​ សុវត្ថិភាព និង​ប្រសិទ្ធភាព​ដែរ​ឬទេ​?»។

លោក​បាន​បន្ត​ទៀត​ថា៖​ «ឥឡូវ​យើង​​ត្រូវ​ផ្ដល់​ពេល​ឱ្យ​ MHRA ដើម្បី​អនុវត្ត​ការងារ​សំខាន់​របស់​ពួក​គេ​ ហើយ​យើង​ត្រូវ​រង់ចាំ​ការ​ណែនាំ​របស់​ពួក​គេ»​។

គួរ​បញ្ជាក់​ផង​ដែរ​ បើ​តាម​រដ្ឋាភិបាល​អង់គ្លេស​កាល​ពី​ថ្ងៃពុធ ទី ​២៣ ​ធ្នូ ​AstraZeneca/Oxford ​បាន​ដាក់​ពាក្យ​ស្នើសុំ​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់ និង​បញ្ជូន​ទិន្នន័យ​ការ​សាកល្បង​ដំណាក់កាល​ទី​៣ ​ទៅ​កាន់ ​MHRA ​រួ​ចជា​ស្រេច។ ​រដ្ឋាភិបាល​បាន​បញ្ជា​ទិញ​វ៉ាក់សាំង ​AstraZeneca/Oxford ​ចំនួន​ ១០០​ លាន​ដូស​ដោយ​រំពឹង​ថា ​នឹង​ទទួល​បាន​ចំនួន ​៤០ លាន​ដូស​នៅ​ចុង​ខែមីនា។

កាល​ពី​បី​សប្ដាហ៍​មុន​ ចក្រភព​អង់គ្លេស​បាន​ក្លាយ​ជា​ប្រទេស​លោក​ខាង​​លិច​ដំបូង​គេ​ដែល​បាន​ផ្ដល់​វ៉ាក់​សាំង​កូវីដ ១៩ ​ដល់​ប្រជាជន​របស់​ពួក​គេ​ដោយ​ប្រើប្រាស់​វ៉ាក់សាំង ​Pfizer/BioNTech។ មក​ដល់​ពេល​នេះ​ចក្រភព​អង់គ្លេស​បាន​ផ្ដល់​វ៉ាក់សាំង​​ទៅ​កាន់​ប្រជាជន​ជាង ​៦០០ ០០០ ​នាក់ ​ហើយ​បើសិន​ជា​មាន​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង ​AstraZeneca/Oxford គេ​រំពឹង​ថា ​ចំនួន​នេះ​នឹង​មាន​សំទុះ​កើន​យ៉ាង​លឿន ​ដោយសារ​វ៉ាក់សាំង​នេះ​មិន​ត្រូវ​ការ​​រក្សា​ទុក​ក្នុង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​ដូច​វ៉ាក់សាំង​ Pfizer/BioNTech ​ទេ​ធ្វើ​ឱ្យ​ងាយ​ស្រួល​ក្នុង​ការ​ស្តុក​ទុក​ការ​ដឹក​ជញ្ជូន ​និង​ការ​ប្រើប្រាស់​។

បើ​ទោះបី​ជា​យ៉ាង​នេះ ​ក៏​ដោយ​ក៏​មាន​​ការ​ព្រួយ​បារម្ភ​ខ្លះៗ​ថា​ វ៉ាក់សាំង ​AstraZeneca/Oxford ​គឺ​មិន​មាន​ប្រសិទ្ធភាព​ល្អ​ដូច​វ៉ាក់សាំង​ Pfizer/BioNTech នោះ​ទេ ​ដោយសារ​ទិន្នន័យ​បឋម​បាន​បង្ហាញ​ថា ​វ៉ាក់សាំង​នេះ​មាន​​ប្រសិទ្ធភាព​ត្រឹមតែ ​៦២% ​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយ​មក ​បាន​រក​ឃើញ​ថា ​មាន​ប្រសិទ្ធភាព ​៩០% ​ក្នុង​ជន​ស្ម័គ្រ​ចិត្ត ដែល​គេ​ច្រឡំ​ផ្ដល់​វ៉ាក់សាំង​ត្រឹមតែ​ពាក់​កណ្ដាល​ដូស​ក្នុង​ការ​ចាក់ទី​១ និង​ដូសពេញ​ក្នុង​ការ​ចាក់​ទី២។​ កំហុស​ច្រឡំ​ទំហំ​ដូស​នេះ ​ធ្វើ​ឱ្យ​គេ​រិះគន់​ AstraZeneca/Oxford ​ហើយ​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​នៅ​រដ្ឋបាល​ម្ហូប​អាហារ​ និង​ឱសថ (FDA) ​អាមេរិក។

កាល​ពី​ថ្ងៃ​សៅរ៍ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​AstraZeneca​ លោក ​Pascal Soriot ​បាន​ប្រាប់​កាសែត ​The Telegraphថា៖ «យើង​គិត​ថា ​យើង​បាន​រក​ឃើញ​រូបមន្ត​ដែល​ឈ្នះ ​និង​រក​ឃើញ​វិធីសាស្ត្រ ​ដើម្បី​ទទួល​ប្រសិទ្ធភាព​ដូច​គេ​ផ្សេង​ ក្រោយ​ពី​ទទួល​​វ៉ាក់សាំង​ចំនួន ​២ ​ដូស»។

លោក​បាន​បន្ត​ទៀត​ថា៖ ​«ខ្ញុំ​មិន​អាច​ប្រាប់​អ្នក​បន្ថែមទៀត​ទេ ​ព្រោះ​យើង​នឹង​ផ្សព្វផ្សាយ​នៅ​ពេល​ណា​មួយ»។

លោក Soriot ​ក៏​បាន​បាន​បង្ហាញ​ការ​​ជឿជាក់​ថា​ វ៉ាក់សាំង​ក្រុមហ៊ុន​លោក​អាច​នឹង​បង្ការ​នឹង​វ៉ារ្យ៉ង់​ថ្មី​នៃ​ជំងឺ​កូវីដ ១៩។ ​លោក​បាន​និយាយ​ថា៖ «រហូត​មក​ដល់​ពេល​នេះ​យើង​គិត​ថា ​វ៉ាក់សាំង​គួរ​តែ​បន្ត​មាន​ប្រសិទ្ធភាព។ ​ប៉ុន្តែ​យើង​មិន​ប្រាកដ​ទេ​ ដូច្នេះ​យើង​នឹង​​​ត្រូវ​ធ្វើ​ការ​សាកល្បង​»។

វ៉ារ្យ៉ង់​ថ្មី​នៃ​វីរុស​ជំងឺ​កូវីដ ១៩ ​ដែល​ដំបូង​រក​ឃើញ​នៅ​ចក្រភព​អង់គ្លេស គឺ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​សន្និដ្ឋាន​ថា ​មាន​​សមត្ថភាព​ចម្លង​ខ្ពស់​ជាង​ធម្មតា​ ៥៦%។ មក​ដល់​ពេល​នេះ គេ​រក​ឃើញ​​ករណី​ឆ្លង​វ៉ារ៉្យង់​ថ្មី​នេះ ​នៅ​ប្រទេស​បារាំង​ អ៊ីតាលី ​អាល្លឺម៉ង់ ​អេស្ប៉ាញ ​អៀរឡង់ ​ហូឡង់​ ស៊ុយអែត​ ដាណឺម៉ាក ​ជប៉ុន​ លីបង់ ​អូស្ត្រាលី​ និង​កាណាដា ធ្វើ​ឱ្យ​ការ​ព្រួយ​បារម្ភ​ថា​ វ៉ារ្យ៉ង់​នេះ​បាន​ធ្វើ​ដំណើរ​ជុំវិញ​ពិភព​លោក​ជា​ច្រើន​សប្ដាហ៍​រួច​ទៅ​ហើយ។

យ៉ាងណា​មិញ​ បន្ទាប់​ពី​អ៊ីតាលី ​ចក្រភព​អង់គ្លេស​ គឺ​ជា​ប្រទេស​រងគ្រោះ​ខ្លាំង​បំផុត​មួយ​នៅ​អឺរ៉ុប​ដែល​មាន​មនុស្ស​ស្លាប់​ជាង ​៧ ម៊ឺន​នាក់។

ក្រោយ​ពី​រក​ឃើញ​វ៉ារ៉្យង់​ថ្មី ភាគ​ច្រើន​នៃ​ប្រទេស​នេះ​ត្រូវ​បាន​ដាក់​ក្រោម​ការ​បង្ខាំង​មិន​ឱ្យ​ចេញ​ចូល​កម្រិត ៤ ​ជា​កម្រិត​តឹងរ៉ឹង​បំផុត​ដែល​រួមមាន​ការ​បិទ​ភោជនីយដ្ឋាន ​និង​អាជីវកម្ម​ផ្សេង​ទៀត ​និង​ហាមឃាត់​ការ​រស់នៅ​លាយ​ឡំ​គ្រួសារ​៕