ក្រុង​ការ៉ា​កាសៈ ​រដ្ឋាភិបាល​វ៉េណេស៊ុយ​អេឡា​ បាន​រិះគន់​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​ ដោយ​ចោទ​ប្រកាន់​រដ្ឋ​ការ​​របស់​លោក​ដូណាល់​ ត្រាំ​ ពី​បទ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ប្រទេស​ អាមេរិក ​ខាង​ត្បូង​នេះ ដោយ​បាន​​គាំទ្រ​កិច្ច​ខិតខំ​​ប្រឹងប្រែង​របស់​សភា​គ្រប់គ្រង​ដោយ​គណ​បក្ស​ប្រឆាំង​មិន​ឲ្យ​ទទួល​ស្គាល់​លោក​ប្រធានា​ធិបតី​ នី​កូឡាស​ ម៉ា​ឌូរ៉ូ​។

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​លោក​ Jorge Arreaza ​បាន​​សរសេរ​នៅ​លើ​គេហទំព័រ​​ធ្វីធើរ​ថា​៖​ «​វ៉េណេស៊ុយ​អេឡា​ បាន​ទាមទារ​ឲ្យ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ខ្លួន​»​ ដោយ​បាន​អះអាង​ថា​ រដ្ឋ​មន្រ្តី​ការ បរទេស​អាមេរិក​ លោក ​ម៉ៃក៍​ប៉ុមប៉េអូ ​និង​ «​អ្នក​សំឡេង​ជ្រុល​និយម​ផ្សេង​ទៀត ​កំពុង​បង្ក​អស្ថិរភាព​ដល់​ប្រទេស វ៉េណេស៊ុយ​អេឡា​ និង​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​»។

អាមេរិក គឺ​ជា​អ្នក​រិះគន់​ម្នាក់​នៃ​អ្នក​​រិះគន់​ធំ​បំផុត​របស់​របប​លោក ម៉ាឌូរ៉ូ​ នៅ​វ៉េណេស៊ុយ​អេឡា​ និង​បាន​ចាត់​ទុក​ប្រធានាធិបតី​រូប​នេះ​​ថា​ មិន​ស្រប​ច្បាប់​កាល​ពី​សប្តាហ៍​មុន​ នៅ​ពេល​ដែល​លោក​បាន​​ស្បថ​ចូល​កាន់​តំណែង​សម្រាប់​​អាណត្តិ​ទី​ ២ របស់​លោក​ដ៏​ចម្រូង​ចម្រាស​នោះ​។

លោក នីកូឡាស ​ម៉ាឌូ​រ៉ូ​ បាន​ឈ្នះ​ឆ្នោត​កាល​ពី​ខែ​ឧសភា ​ឆ្នាំ​ ២០១៨ ​ដែល​​ត្រូវ​បាន​ធ្វើ​ពហិការ​ដោយ​គណបក្ស​ប្រឆាំង​ និង​ត្រូវ​បាន​អាមេរិក​ចាត់​ទុក​ថា​មាន​ការ​លួច​បន្លំ។

កាល​ពី​សប្តាហ៍​មុន​ រដ្ឋមន្ត្រី​រតនាគារ​ជាតិ​អាមេរិក ​លោក ​Steven Mnuchin ​បាន​ថ្លែង​ថា ​ប្រទេស​របស់​លោកនឹង ​«​ប្រើប្រាស់​ការ​ទូត​ សម្ភារ​ និង​​សេដ្ឋកិច្ច​ដើម្បី​ជួយ​គាំទ្រ​ដល់​​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រជាជន​វ៉េណេស៊ុយ​អេឡា​ក្នុង​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​​​ប្រទេស​ពួក​គេ​ឲ្យ​​បាន​ល្អ​ប្រសើរ​ឡើង​វិញ​»៕ AFP/SK