កាល​ពី​ថ្ងៃ​ពុធ ​ទី ​១៣ មករា​ ២០២១​ សភា​តំណាង​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​អនុម័ត​ឱ្យ​ចាប់​ផ្ដើម​ដំណើរការ​ដក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Donald Trump ចេញ​ពី​តំណែង​ (Impeachment) ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ «ញុះញង់​ឱ្យ​មាន​ការ​បះបោរ​» ជុំវិញ​កុបកម្ម​របស់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ ដែល​បាន​ធ្វើ​ការ​វាយ​សម្រុក​ចូល​អគារ​សភា ​ខណៈ​ពេល​ដែល​សមាជិក​សភា ​ទាំង ​២ កំពុង​ធ្វើ​ការ​បញ្ជាក់​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ ២០២០​។

នេះ​គឺ​ជា​លើក​ទី​២ ​​ក្នុង​រយៈពេល​ ១៣ ខែ​ ដែល​សភា​តំណាង​ចាប់​ផ្ដើម​ដំណើរការ​ដក​លោក​ Trump ចេញ​ពី​តំណែង​ ហើយ​ធ្វើ​ឡើង​តិច​ជាង ​១ សប្ដាហ៍​មុន​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក​ Joe Biden ត្រូវ​កាន់​អំណាច​។

ដោយ​មាន​ការ​ធានា​សន្តិសុខ​ដោយ​ទាហាន​កងទ័ព​ឆ្មាំ​ជាតិ​នៅ​ទាំង​ក្នុង​ និង​ក្រៅ​អគារ​សភា​មាត្រា​នៃ​ការ​ចោទ​ប្រកាន់​ត្រូវ​បាន​អនុម័ត​ដោយ​សភា​តំណាង​ក្នុង​សំឡេង​ ២៣២-១៩៧ ដោយ​មាន​សមាជិក​បក្ស​សាធារណរដ្ឋ​ចំនួន​ ១០ រូប ​ចូលរួម​បោះឆ្នោត​គាំទ្រ​ជាមួយ​សមាជិក​ទាំង​ ២២២ របស់​បក្ស​ប្រជាធិបតេយ្យ​។ ការ​បោះឆ្នោត​អនុម័ត​នេះ ធ្វើ​ឡើង​​លឿន​ជាង​ការ​អនុម័ត​មុនៗ​ ដោយ​សមាជិក​សភា​បោះឆ្នោត​ត្រឹម ​១ សប្ដាហ៍ ​បន្ទាប់​ពី​ក្រុម​អ្នក​គាំទ្រ​លោក​ Trump វាយ​សម្រុក​ចូល​អគារ​សភា​។

មាត្រា​នៃ​ការ​ចោទ​ប្រកាន់​បាន​ចែង​ថា​៖ «ប្រធានាធិបតី Trump បាន​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក និង​ស្ថាប័ន​រដ្ឋាភិបាល​។ លោក​បាន​គំរាម​កំហែង​ដល់​ភាព​សុចរិត​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​រំខាន​ដល់​ដំណើរការ​ផ្ទេរ​អំណាច​ដោយ​សន្តិភាព និង​ធ្វើ​ឱ្យ​សភា​ប្រឈម​នឹង​គ្រោះថ្នាក់​។ ដោយ​ហេតុ​នេះ​លោក​បាន​ក្បត់​ការ​ទុក​ចិត្ត​លោក​ក្នុង​នាម​ជា​ប្រធានាធិបតី​ដោយ​ធ្វើ​ឱ្យ​មាន​ការ​រង​របួស​ចំពោះ​ប្រជាជន​អាមេរិក​»។

មាត្រា​នេះ​បាន​បញ្ចប់​ដោយ​ឃ្លា​៖ «អង្គ​ហេតុ​បាន​បញ្ជាក់​ថា ​លោក​គឺ​មិន​សម​កាន់​តំណែង​ក្នុង​ ១ ថ្ងៃ​ទៀត​ទេ ធ្វើ​ឱ្យ​មាន​តម្រូវ​ការ​ដក​លោក​ប្រធានាធិបតី ​Trump ចេញ​ពី​តំណែង​ភ្លាមៗ​»។

តាម​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក​ជំហាន​បន្ទាប់ ​គឺ​ការ​ធ្វើ​ជំនុំ​ជម្រះ​ក្ដី​នៅ​ព្រឹទ្ធសភា​ តែ​ការ​ដក​លោក​ Trump ចេញ​ពី​តំណែង​តាម​នីតិវិធី​អាច​នឹង​មិន​កើត​ដោយសារ​ព្រឹទ្ធសភា​នឹង​មិន​ធ្វើ​កិច្ច​ប្រជុំ​រហូត​ដល់​ថ្ងៃ​ទី​ ១៩ មករា ១ ថ្ងៃ​មុន​លោក​ Biden ចូល​កាន់​អំណាច​។

មេ​ដឹកនាំ​សំឡេង​ភាគ​ច្រើន​នៃ​ព្រឹទ្ធសភា​លោក​ Mitch McConnell បាន​និយាយ​ថា​៖ «ខ្ញុំ​ជឿជាក់​ថា​ ដើម្បី​បម្រើ​ជាតិ​ឱ្យ​បាន​ល្អ សភា ​និង​នីតិ​ប្រតិបត្តិ​ត្រូវ​ចំណាយ​ពេល​ ៧ ថ្ងៃ​ខាង​មុខ​ផ្ដោត​ទាំង​ស្រុង​លើ​ការ​សម្រប​សម្រួល​ការ​ចូល​កាន់​តំណែង​ដោយ​សុវត្ថិភាព​ និង​ការ​ផ្ទេរ​អំណាច​ដោយ​សណ្ដាប់​ធ្នាប់​ទៅ​រដ្ឋបាល​ Biden»​។

ពេល​វេលា​ដ៏​ខ្លី​នេះ នឹង​ធ្វើ​ឱ្យ​មាន​ការ​លំបាក​សម្រាប់​ព្រឹទ្ធសភា​ក្នុង​ការ​សម្រេច​ផ្ដន្ទាទោស ឬ​ដក​លោក​ Trump ចេញ​ពី​តំណែង​មុន​លោក​ Biden ចូល​កាន់​តំណែង​។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ លោក​ McConnell បាន​បង្ហាញ​ថា ​ព្រឹទ្ធសភា​នឹង​ធ្វើ​ការ​ជំនុំ​ជម្រះ​ក្ដី​ ដែល​អាច​ចាប់​ផ្ដើម​នៅ​ពេល​លោក ​Trump ​ដាច់​អាណត្តិ​។

លើក​ដំបូង​ដែល​សភា​តំណាង​ចាប់​ផ្ដើម​ដំណើរការ​ដក​លោក Trump ចេញ​ពី​តំណែង​ គឺ​កាល​ពី​ចុង​ឆ្នាំ​ ២០១៩ ជុំវិញ​ការ​ទាក់ទង​របស់​លោក​ទៅ​កាន់​រដ្ឋាភិបាល​អ៊ុយក្រែន ​ដើម្បី​ជំរុញ​បើក​ការ​ស៊ើបអង្កេត​លើ​អាជីវកម្ម​កូន​ប្រុស​លោក​ Biden ប៉ុន្តែ​ដល់​ពេល​បញ្ចប់​ការ​ជំនុំ​ជម្រះ​ក្ដី​នៅ​ដើម​ឆ្នាំ ២០២០ ព្រឹទ្ធសភា​បាន​បោះឆ្នោត​លើកលែង​ទោស​របស់​លោក​។

តាំង​ពី​ផ្ដើម​ប្រវត្តិសាស្ត្រ​អាមេរិក​មក​ទល់​ពេល​នេះ ព្រឹទ្ធសភា​មិន​ទាន់​បាន​អនុវត្ត​ការ​ផ្ដន្ទាទោស​លើ​ប្រធានាធិបតី​រូប​ណា​ទេ​ តែ​ស្ថានភាព​នេះ​អាច​ប្ដូរ​បាន​។ មាន​ការ​រាយការណ៍​ថា​ លោក​ McConnell គិត​ថា​ ការ​ដក​លោក​ Trump ចេញ​ពី​តំណែង​នឹង​ស្ដារ​ឈ្មោះ​គណបក្ស​សាធារណរដ្ឋ​ ហើយ​នឹង​បំបាត់​ឥទ្ធិពល​លោក​ Trump នៅ​ក្នុង​បក្ស​។ តែ​មក​ទល់​ពេល​នេះ​លោក​មិន​ទាន់​បង្ហាញ​ថា ​លោក​នឹង​បោះឆ្នោត​ឱ្យ​ផ្ដន្ទាទោស​លោក​ Trump ដែរ​ឬ​ទេ​។

យ៉ាងណា​មិញ​ ការ​បោះឆ្នោត​អនុម័ត​មាត្រា​នៃ​ការ​ចោទ​ប្រកាន់ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​សភា​តំណាង​បាន​ព្យាយាម​ជំរុញ​អនុ​ប្រធានាធិបតី​លោក​ Mike Pence ឱ្យ​ប្រើប្រាស់​អំណាច​ក្នុង​វិសោធនកម្ម​ទី ២៥ នៃ​រដ្ឋធម្មនុញ្ញ​ ដើម្បី​ដក​លោក​ Trump ចេញ​ពី​តំណែង​។

វិសោធនកម្ម​ទី ២៥ នៃ​រដ្ឋ​ធម្មនុញ្ញ​បាន​ចែង​ថា​ អនុ​ប្រធានាធិបតី​ និង​គណៈរដ្ឋមន្ត្រី​មាន​សិទ្ធិ​ដក​អំណាច​ប្រធានាធិបតី បើ​សិន​ពួក​គេ​សម្រេច​ក្នុង​សំឡេង​ភាគ​ច្រើន​ថា​ ប្រធានាធិបតី​គឺ​អសមត្ថភាព​ក្នុង​ការ​កាន់​អំណាច ហើយ​ក្រោយ​មក​សភា​អាមេរិក​អាច​សម្រេច​ដក​ប្រធានាធិបតី​ចេញ​ពី​តំណែង​ក្នុង​សំឡេង​ ២ ​ភាគ​ ៣។ តែ​លោក​ Pence បដិសេធ​ធ្វើ​តាម​ការ​ជំរុញ​នេះ​៕