ក្រុង​ខារ​ទុំៈ ​សភា​ស៊ូដង់​ បាន​អនុម័ត​កាត់​បន្ថយ​ការ​ប្រកាស​អាសន្ន​នៅ​ទូទាំង​ប្រទេស​ពី​រយៈ​ពេល ​១ ​ឆ្នាំ​មក​ត្រឹម ​៦ ​ខែ​តាម​បទ​បញ្ជា​របស់​ លោក​ប្រធានាធិបតី​ អូមារ អាល់-បាសៀរ ​ដើម្បី​បង្ក្រាប​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​កណ្តាប់​ដៃ​ដែក​របស់​លោក​។​

លោក​ បាសៀរ​ បាន​ប្រកាស​អាសន្ន​រយៈ​ពេល​​ ​១ ​ឆ្នាំ ​ចាប់​តាំង​ពី​ថ្ងៃ​ទី ​២២ ​ខែ​កុម្ភៈ​ ក្រោយ​ពី​មាន​ការ​បង្ក្រាប​ជា​លើក​ដំបូង​មួយ​ ខកខាន​​មិន​បាន​ការ​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ ដែល​បាន​រង្គោះ​​​រង្គើ​រដ្ឋការ​របស់​លោក​អស់​ជិត ​៣ ​ខែ​មក​នេះ​។​​

អ្នក​នាំពាក្យ​សភា​ លោក​ អ៊ីប្រាហ៊ីម អាមេដ អូមឺរ​ បាន​ថ្លែង​ក្រោយ​ពី​សមាជិក​សភា​បាន​បោះ​ឆ្នោត​លើ​ក្រឹត្យ​របស់ ប្រធានាធិបតី​នោះ​ថា៖​«​ការ​ប្រកាស​អាសន្ន​រយៈ​ពេល ​៦ ​ខែ​ ត្រូវ​បាន​អនុម័ត​ ដោយ​សំឡេង​​ភាគ​ច្រើន​នៅ​ក្នុង​សភា​»​។​

ការ​តវ៉ា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ បាន​ផ្ទុះ​ឡើង​កាល​ពី​ ថ្ងៃ​ទី ១៩ ​ខែ​ធ្នូ​ ក្រោយ​ពី​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ឲ្យ​ដំឡើង​ថ្លៃ​នំបុ័ង​នោះ​។​

ការ​ធ្វើ​បាតុកម្ម​កាន់​តែ​ខ្លាំង​ឡើង​ បាន​ឈាន​ដល់​ការ​ប្រមូល​ផ្តុំ​នៅ​ទូទាំង​ប្រទេស​យ៉ាង​ឆាប់​រហ័ស​ប្រឆាំង​ការ​គ្រប់គ្រង​របស់​លោក​បាសៀរ​ ​ដោយ​​ក្រុម​អ្នក​វិភាគ​បាន​ហៅ​ថា ​វា​គឺ​ជា​ការ​ប្រកួត​ប្រជែង​ដ៏​ធំ​បំផុត​ចំពោះ​ការ​គាំទ្រ​គ្រប់គ្រង​ផល​ប្រយោជន៍​របស់​លោក​រយៈពេល ​៣ ​ទសវត្សរ៍​មក​នេះ​។​

ក្រុម​មន្ត្រី ​បាន​ថ្លែង​ថា​ រហូត​មក​ទល់​ពេល​នេះ ​មនុស្ស ​៣១ នាក់ ​បាន​ស្លាប់ ​នៅ​ក្នុង​ការ​តវ៉ា​ដោយ​ហិង្សា​ ចំណែក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​ផ្តល់​ចំនួន​អ្នក​ស្លាប់​យ៉ាង​តិច ​៥១ ​នាក់ ​នៅ​ក្នុង​នោះ​មាន​ក្រុម​គ្រូពេទ្យ​ និង​កុមារ​ផង​ដែរ​។​

ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ក្រុម​សមាជិក​សភា​ ​ដែល​បាន​គាំទ្រ​អនុសាសន៍​មួយ​ចេញ​ពី​គណៈកម្មាធិការ ​សភា​ឲ្យ​កាត់​បន្ថយ​ការ​ប្រកាស​អាសន្ន​មក​ត្រឹម​ ៦ ​ខែ​វិញ​។​

ក្រុម​សកម្មជន​ និង​​សិទ្ធិ​មនុស្ស​ បាន​រិះគន់​វិធានការ​នោះ​ថា​ជា​ការ​រំលោភ​​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ប្រទេស​នេះ​។​

អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជនជាតិ​ស៊ូដង់​ដ៏​ល្បីល្បាញ ​លោក​ Nabil ​Adib ​បាន​ថ្លែង​ថា​​៖ «សភា​ស៊ូដង់​ មិន​ចង់​បដិសេធ​ក្រឹត្យ​​របស់​លោក ​បាសារ ​​នោះ​ទេ​ ​ដូ​ច្នេះ​​ក្រឹត្យ​នោះ ​បាន​កើត​ឡើង​ជា​មួយ​នឹង​​ការ​សម្របសម្រួល​មួយ​ដោយ​បន្ត​ការ​ប្រកាស​អាសន្ន​ត្រឹម​តែ​រយៈ​ពេល ​៦ ​ខែ​​»​។​

«​ប៉ុន្តែ​ចំពោះ​ខ្ញុំ​វិញ​ ការ​ប្រកាស​អាសន្ន​នោះ ​មិន​មែន​ត្រឹម​តែ​រយៈ​ពេល ​៦​ ខែ ​ឬ ​១ ​ឆ្នាំ​ទេ​។ ​ចំណាត់​ការ​នេះ បាន​រំលោភ​សិទ្ធិ​មនុស្ស​ ដែល​មាន​​​ចែង​ ​នៅ​ក្នុង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​របស់ ប្រទេស ​ស៊ូដង់​»​។​

លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ Mohamed​-Ahmed Salim​ ការពារ​ការ​ប្រកាសអាសន្ន​នៅ​សភា​៕ AFP/SK