ក្រុងការ៉ាកាសៈ​ សភា​គ្រប់គ្រង​ដោយ​បក្ស​ប្រឆាំង​ និង​គ្មាន​អំណាច​របស់​ប្រទេស​ វ៉េណេស៊ុយ​អេឡា ​បាន​បង្កើន​ការ​តតាំង​ជា​មួយ​លោក​​ប្រធានាធិបតី​​ នីកូឡាស​ ម៉ាឌូ​រ៉ូ​ ​កាល​ពី​ថ្ងៃ​អង្គារ ​ដោយ​ផ្តល់​ការ​លើក​លែង​ទោស​ចំពោះ​នរណា​ម្នាក់​​ចេញ​ពី​យោធា ដែល​បាន​ចូល​រួម​ជា​មួយ​ខ្លួន​នៅ​ក្នុង​ការ​មិន​ទទួល​ស្គាល់​មេ​ដឹក​នាំ​អ្នក​សង្គម​និយម​រូប​នេះ​។

សភា​នោះ​បាន​​ឲ្យ​ដឹង​ថា​៖ «​ការ​លើកលែង​ទោស​នេះ​»​ នឹង​ត្រូវ​បាន​ផ្តល់​ឲ្យ​​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ស៊ីវិល​ ដែល​បាន​សហការ​ «​នៅ​ក្នុង​ការ​រៀបចំ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​​នោះ​​»។

លោក​ប្រធាន​សភា​ Juan Guaido​ ដែល​កាល​ពី​សប្តាហ៍​មុន ​បាន​ចាត់​ទុក​​លោក​ ម៉ាឌូរ៉ូ ថា​ជា​ «​អ្នក​ដណ្តើម​អំណាច​ដោយ​ខុស​ច្បាប់​» បាន​ថ្លែង​ថា​ «​​យើង​កំពុង​​និយាយ​​ទៅ​កាន់​ក្រុម​មន្ត្រី​យោធា​ថ្នាក់​កណ្តាល​និង​​ថ្នាក់​​ទាប ​ដើម្បី​ចៀស​ចេញ​ឲ្យ​ផុត​ពី​ការ​ភ័យ​ខ្លាច​នោះ​»។

ជម្លោះ​រវាង​សភា ​​និង​លោក​ ម៉ាឌូរ៉ូ​ កាន់​តែ​​តឹងតែង​​ខ្លាំង​ឡើង​ៗ ចាប់​តាំង​ពី​មេ​ដឹកនាំ​សង្គម​និយម​រូប​នេះ​បាន​ស្បថ​ចូល​កាន់​មុខ​តំណែង​កាល​ពី​សប្តាហ៍​មុន​សម្រាប់​អាណត្តិ​ទី​ ២ ​នៅ​ក្នុង​ប្រទេស​ដែល​ញាំញី​​ដោយ​​វិបត្តិ​នេះ​ ក្រោយ​ពី​លោកបាន​ឈ្នះ​ឆ្នោត​​កាល​ពី​ខែ​ឧសភា ​ឆ្នាំ ២០១៨​ ដែល​ត្រូវ​​ពហិការ​ដោយ​គណ​បក្ស​ប្រឆាំង​ និង​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អាមេរិក​ សហភាព​អឺរ៉ុប​ និង​អង្គការ​​នៃ​រដ្ឋ​អាមេរិក​ថា​​ មាន​ការ​លួច​បន្លំ​។

លោក​ Juan Guaido ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​​មួយ​រយៈ​ខ្លី​​កាល​ពី​ថ្ងៃ​​អាទិត្យ​ដោយ​ភ្នាក់ងារ​ចារកម្ម ប៉ុន្តែ​លោក​​ប្រធានាធិបតី នីកូឡា​ស ម៉ាឌូ​រ៉ូ ​បាន​អះ​អាង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ឧប្បត្តិ​ហេតុ​នោះ ​​ត្រូវ​បាន​បង្ក​ឡើង​ដោយ​គណបក្ស​ប្រឆាំង​​រួម​ជា​មួយ​មន្ត្រី​ទុច្ចរិត​មួយ​ចំនួន​ ដែល​លោក​បាន​និយាយ​ថា​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការងារ​ហើយ​នោះ៕ AFP/SK