ក្រុងឡុងដ៍: ក្រុម​សមាជិក​សភា​អង់គ្លេស បាន​ធ្វើការ​បោះឆ្នោត​នៅ​ថ្ងៃ​ពុធ​ស្តីពី​ការ​ព្រាង​ច្បាប់​គម្រោង Brexit ដ៏​សំខាន់​មួយ ដែល​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ ធ្វើ​ឡើង​តាមរយៈ​សភា បាន​បង្ក​ឲ្យ​មាន​ការ​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​នាយក​រដ្ឋមន្ត្រី ថេរិសា ម៉េ ហើយ​ដែល​ត្រូវតែ​ប្រឈម​មុខ​ជាមួយ​ការ​ប្រឆាំង​ជំទាស់​ដ៏​តឹង​តែង​នៅ​ក្នុង​សភា​ជាន់​ខ្ពស់​ជា​បន្ត​ទៀត។

សភា​តំណាង​រាស្ត្រ​ត្រូវបាន​គេ​រំពឹង​ថា​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​នោះ ដែល​នឹង​រួមផ្សំ​ផ្គុំ​គ្នា​នូវ​ចំណែក​រាប់ពាន់​នៃ​កម្រង​នីតិកម្ម​របស់ EU ឲ្យ​ទៅជា​សៀវភៅ​ក្បួន​ច្បាប់​ចក្រភព​អង់គ្លេស និង​លុប​ចោល​ច្បាប់​ដែល​ចែង​កំណត់​សមាជិក​ភាព EU របស់​ចក្រភព​អង់គ្លេស។

ក្រុម​សមាជិក ១១ នាក់​របស់​គណបក្ស​អភិរក្ស​របស់​លោកស្រី​ម៉េ បាន​ចូលរួម​ជាមួយ​ក្រុម​សមាជិក​សភា​បក្ស​ប្រឆាំង​កាល​ពី​ខែ​មុន ដើម្បី​ធ្វើការ​អនុម័ត​ទៅ​លើ​វិសោធនកម្ម​ច្បាប់​មួយ ដោយ​បញ្ជាក់​ថា រដ្ឋសភា​នឹង​ធ្វើ​ការ «បោះឆ្នោត» មួយ​ប្រកប​ដោយ​អត្ថន័យ​ស្តី​អំពី​កិច្ច​ព្រមព្រៀង​គម្រោង Brexit ចុង​ក្រោយ​បង្អស់។

ដោយមាន​ការបារម្ភ​ចំពោះ​ការ​បាត់បង់​មួយ​ដទៃ​ទៀត​នោះ រដ្ឋាភិបាល​ក៏បាន​ធ្វើការ​សម្រប​សម្រួល​ទៅ​លើ​វិសោធនកម្ម​មួយ​ដោយ​កំណត់​កាល​បរិច្ឆេទ​និង​ពេលវេលា​សម្រាប់​គម្រោង Brexit ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៩ ខែ​មីនា ឆ្នាំ ២០១៩។

លោកស្រី ម៉េ បាន​យល់​ព្រម​ផ្តល់​ឲ្យ​គ្រប់​សមាជិក​សភា​ទាំង​អស់​នូវ «សិទ្ធិ​អំណាច​ក្នុងការ​ធ្វើ​វិសោធនកម្ម​លើ​និយមន័យ​នៃ «ទិវា​ចាក​ចេញ​ពី​ប្លុក» នៅ​កាល​បរិច្ឆេទ​ក្រោម​ទៀត បើសិន​ជា​មើល​ទៅ​ស្ថានភាព​បង្ហាញ​ថា កិច្ចចរចា​ហ្នឹង​នឹង​មាន​ទំហំ​មួយ ដែល​មិន​អាច​ចាត់​ចែង​បាន​នោះ។

សេចក្តី​ព្រាង​ច្បាប់​ចាក​ចេញ​ពី​ប្លុក (Withdrawal Bill) ដ៏សំខាន់​មួយ​របស់ EU បើ​សិន​ត្រូវ​បាន​សភា​អនុម័ត​នោះ នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​សភា​ជាន់​ខ្ពស់​របស់​ចក្រភព​អង់គ្លេស ដែល​ច្បាប់​នេះ នឹង​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​បន្ថែម​ទៀត​ពី​សភា​ដែល​គាំទ្រ​សហភាព​អឺរ៉ុប (EU) ស្ទើរ​ទាំង​ស្រុង​មុន​ពេល​ត្រូវ​បាន​ដាក់​ជូន​ធ្វើ​ការ​បោះឆ្នោត​សម្រេច៕