ក្រុង​ញូវដែលី៖ ​តំណាង​តំបន់​ទីបេ​ម្នាក់ ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ទាហាន​តំបន់​ទីបេ​ម្នាក់​ ជាមួយ​កងកម្លាំង​ពិសេស​របស់​ឥណ្ឌា​បាន​ស្លាប់​ នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ព្រំដែន​ចុង​ក្រោយ​បំផុត​ ជាមួយ​កងកម្លាំង​ប្រទេស​ចិន​ នៅ​ព្រំដែន​ជម្លោះ​ជួរ​ភ្នំ​ហិមាល័យ​របស់​ពួក​គេ​។​

ការ​ស្លាប់​នោះ​ ត្រូវ​បាន​គេ​រាយការណ៍​ដំបូង​ចេញ​ពី​ឧប្បត្តិហេតុ ​២​ នៅ​ក្នុង​រយៈពេល ​៤៨ ​ម៉ោង​ នៅ​តាម​ព្រំដែន​ដែល​មាន​ភាព​តានតឹង​យ៉ាង​ខ្លាំង​ រវាង​ប្រទេស​មហា​យក្ស​ទាំង ​២​ ​ទើប​តែ ​២ ​ខែ​ប៉ុណ្ណោះ​ ក្រោយ​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​មួយ​ ដែល​បាន​បណ្តាល​ឲ្យ​ទាហាន​ឥណ្ឌា​យ៉ាង​តិច ​២០ ​នាក់​ស្លាប់​។​

ប្រទេស​ឥណ្ឌា​ និង​ចិន​ ដែល​បាន​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​សង្គ្រាម​ព្រំដែន​មួយ​ កាល​ពី​ឆ្នាំ ​១៩៦២​ បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ ពី​បទ​ព្យាយាម​ឆ្លង​ចូល​ព្រំដែន​ក្រៅ​ផ្លូវ​ការ​ នៅ​ក្នុង​តំបន់​ឡាដាកហ៍​នៅ​ក្នុង​ការ​ព្យាយាម ​ដើម្បី​ដណ្តើម​យក​ទឹក​ដី​នៅ​ទី​នោះ​ កាល​ពី​យប់​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ ហើយ​បន្ទាប់​មក​នៅ​ថ្ងៃ​ចន្ទ​ម្តង​ទៀត​។​

ភាគី​ប្រទេស​ទាំង ​២ ​បាន​ប្រកាស​ថា ​មិន​មាន​អ្នក​ស្លាប់ ​និង​របួស​នោះ​ទេ​ ប៉ុន្តែ​លោកស្រី ​ណាម​ហ្គី​យ៉ាល់​ ឌូល​ការឡា​ហា​ហ្គី​យ៉ារី​ ជា​សមាជិក​ម្នាក់​របស់​សភា​ទីបេ​ នៅ​ក្នុង​ការ​រស់​នៅ​និរទេស​ខ្លួន​ បាន​ថ្លែង​ប្រាប់​កាសែត ​AFP ​ថា​ ទាហាន​តំបន់​ទី​បេ​ បាន ​«​ស្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​» ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​កន្លង​ទៅ​។​

លោកស្រី​បាន​ថ្លែង​ថា​ សមាជិក​កង​កម្លាំង​ព្រំដែន​ពិសេស​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​គេ​រាយការណ៍​ រួម​មាន​កង​កម្លាំង​ជនជាតិ​ភាគ​តិច​ទីបេ​ជា​ច្រើន​ ដែល​បាន​ប្រឆាំង​ទៅ​នឹង​ការ​ទាមទារ​របស់​ប្រទេស​ចិន ​​បាន​រង​របួស​នៅ​ក្នុង​ប្រតិបត្តិការ​នោះ​៕ AFP/SK