កាល​ពី​ថ្ងៃ​ចន្ទ ទី ១ ខែកុម្ភៈ សមាជិក​រដ្ឋសភា​បារាំង​បាន​ចាប់​ផ្ដើម​ការ​តស៊ូ​មតិ​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​អ៊ិស្លាម​ជ្រុល​និយម​នៅ​ក្នុង​ប្រទេស​នេះ ដែល​អាជ្ញាធរ​បាន​អះអាង​ថា កំពុង​ជ្រៀតជ្រែក​ចូល​ក្នុង​សេវាសាធារណៈ សមាគម​សាលារៀន​មួយ​ចំនួន និង​តាម​អ៊ីនធឺណិត​ក្នុង​បំណង​បំផ្លាញ​តម្លៃ​ជាតិ។

សេចក្ដី​ព្រាង​ច្បាប់​នេះ មាន​លក្ខណៈ​ទូលំទូលាយ និង​ចម្រូងចម្រាស ដោយ​ក្នុង​នោះ​មាន​ការ​ព្រាង​វិសោធនកម្ម​ច្បាប់​ផ្សេង​ទៀត​ប្រមាណ ១៧០។ ការ​តស៊ូ​មតិ​ត្រូវ​បាន​ចាប់​ផ្ដើម​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក Gerald Darmanin ដែល​ជា​អ្នក​តុបតែង​ច្បាប់ ដោយ​លោក​និយាយ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ ​​គឺ​មាន​បំណង​បញ្ឈប់ «ការ​កាន់​កាប់​ដោយ​ហិង្សា​ដោយ​ក្រុម​អ៊ិស្លាម​ជ្រុល​និយម​ទៅ​លើ​ប្រជាជន​មូស្លីម»។

លោក​បាន​និយាយថា «យើង​មិន​ប្រយុទ្ធ​ប្រឆាំង​នឹង​សាសនា​ទេ» បើ​ទោះបី​ជា​អ្នក​កាន់​សាសនា​អ៊ិស្លាម​នៅ​បារាំង​មួយ​ចំនួន​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​បន្ថែម​ស្រទាប់​ថ្មី​នៃ​ការ​មាក់​ងាយ​លើ​ពួក​គេ៕