សមាជិកសភា​អាមេរិក កំពុង​អំពាវនាវ​ឱ្យ​រដ្ឋបាល​របស់លោក JoeBiden ​ជួយ​រៃអង្គាស​ថវិកា​ចំនួន ២,៥ ពាន់​លាន​ដុល្លារ​សម្រាប់​ជំនួយ​ដល់​ប្រជាជន​យេម៉ែន ដែល​ត្រូវបាន​គេ​ស្គាល់​ថា​កំពុង​រង​ទុក្ខ​នូវ «​វិបត្តិ​មនុស្សធម៌​ដ៏អាក្រក់​បំផុត​របស់​ពិភពលោក​»​។

ការអំពាវនាវ​នេះ​ធ្វើឡើង​ដោយ​សមាជិក​ព្រឹទ្ធសភា​អាមេរិក ៤ រូប កាលពី​ថ្ងៃ​អង្គារ ដែល​ជំរុញ ឱ្យ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​លោក Antony Blinken ​ផ្តល់ជំនួយ​បន្ថែម​សម្រាប់​ប្រទេស​យេម៉ែន និង​រៃអង្គាស ប្រទេស​ផ្សេងទៀត ដើម្បី​ផ្ដល់ជំនួយ​ដល់​ប្រទេស​នេះ ក្រោយ​មាន​ការរៃអង្គាស​ពី​សំណាក់​អង្គការ​សហប្រជាជាតិ​កាលពីពេល​ថ្មីៗ​នេះ​។

សន្និសីទ​អង្គការ​សហប្រជាជាតិ​កាលពី​ខែមីនា​បាន​ស្វះស្វែងរក​ថវិកា​ចំនួន ៣.៨៥ ពាន់​ដុល្លារ ប៉ុន្តែ​ជា​លទ្ធផល​អង្គការ​នេះ​រៃអង្គាស​បាន​ត្រឹម ១,៣៥ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ដោយ​ក្នុងនោះ រដ្ឋបាល​របស់លោក Joe Biden បាន​សន្យា​ផ្តល់ជំនួយ​ចំនួន ១៩ លាន​ដុល្លារ​ដែល​ចំនួន​ទឹកប្រាក់​នេះ​មាន​ចំនួន​តិចជាង​គោលការណ៍​ក្រុម​ជំនួយ​អន្ដរជាតិ Oxfam បាន​ជំរុញ​ឱ្យ​ទីក្រុង​វ៉ាស៊ីនតោន​ចូលរួម​វិភាគទាន​ពោល​គឺ ១,២ ពាន់​លាន​ដុល្លារ សម្រាប់​ជួយ​ដល់​ប្រទេស​យេម៉ែន​។

ទន្ទឹមនឹង​នេះដែរ​ប្រទេស​ស្វ៊ីស និង​ស៊ុយអែត ក៏បាន​អំពាវនាវ​ឱ្យមាន​សន្និសីទ​រៃអង្គាស​កញ្ចប់​ទឹកប្រាក់​ទៀត ដែល​ខ្វះខាត​ប្រមាណ ២,៥ ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​ប្រទេស​នេះ​៕